តើនរណា នៅពីក្រោយការលេចធ្លាយបំពង់បង្ហូរឧស្ម័នពីរុស្ស៊ីទៅអឺរ៉ុប Nord Stream?

កាលពីដើមសប្ដាហ៍ទីភ្នាក់ងារថាមពលដាណឺម៉ាកបានរាយការណ៍ ពីការលេចធ្លាយបំពង់បង្ហូរហ្គាស Nord Stream 1 និង Nord Stream 2 ចំនួនបីកន្លែង នៅក្បែរកោះ Bornholm របស់ដាណឺម៉ាក ក្នុងសមុទ្របាល់ទិក។ ការលេចធ្លាយនេះ បង្កើតឱ្យមានពពុះហ្គាសចេញពីក្នុងបំពង់ ផុលឡើងមកលើផ្ទៃទឹក ដែលបង្កឱ្យមានការព្រួយបារម្ភផ្នែកបរិស្ថានផ្សេងៗ ចំពេលមានវិបត្តិថាមពលរវាងអឺរ៉ុប និងរុស្ស៊ី។

អ្នកជំនាញផ្នែករញ្ជួយដីស៊ុយអែតបានអះអាងថា ការលេចធ្លាយបង្កមកពីការផ្ទុះក្បែរនោះ មិនមែនមកពីការរញ្ជួយដី ឬរអិលបាក់ដីក្រោយបាតសមុទ្រនោះទេ។ ក្រុមអ្នកជំនាញផ្សេងទៀត បានបន្ថែមថាគេអាចចំណាយពេលច្រើនខែដើម្បីវាយតម្លៃ និងជួសជុលការខូចខាតលើបំពង់បង្ហូរឧស្ម័នទាំងពីរ ដែលបានក្លាយជាចំណុចស្នូលមួយក្នុងការប្រឈមមុខដាក់គ្នារបស់បស្ចិមប្រទេស និងទីក្រុងម៉ូស្គូ ជុំវិញការលុកលុយអ៊ុយក្រែនរបស់រុស្ស៊ី។

ទោះយ៉ាងណាក៏ដោយ ការលេចធ្លាយដែលមិនធ្លាប់មានពីមុនពីមកនេះ ត្រូវបានគេហៅថាជាការបំផ្លិចបំផ្លាញដោយចេតនា និងក្លាយជាប្រធានបទដ៏ក្ដៅមួយ ជាពិសេសការចោទប្រកាន់ដែលចង្អុលបង្ហាញទៅលើភាគីផ្សេងៗ ដោយផ្អែកលើការវិភាគរៀងៗខ្លួន ទាំងគ្មានភស្តុតាងច្បាស់លាស់ ខណៈការស៊ើបអង្កេតស្តីពីការលេចធ្លាយកំពុងបន្ត។

ស្របពេលដែលរដ្ឋាភិបាលអឺរ៉ុបមួយចំនួន ចោទប្រកាន់លើរុស្ស៊ី មន្ត្រីរដ្ឋាភិបាលអាមេរិកបានអះអាងថា លទ្ធភាពផ្សេងទៀត ដែលពន្យល់ពីអ្វីដែលបានកើតឡើង ក៏អាចមានផងដែរ។ ប៉ុន្តែ តើនរណាអាចជាអ្នកនៅពីក្រោយខ្នងរឿងនេះ?

១. ការចង្អុលដាក់រុស្ស៊ី

ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះប្រតិបត្តិការឈ្លានពានរបស់រុស្ស៊ី ត្រូវបានអ្នកវិភាគចង្អុលបង្ហាញពីភាពចុះខ្សោយ និងការឆ្ពោះទៅរកការចាញ់អ៊ុយក្រែន។ ក្រៅពីការរត់បាក់ទ័ព ការកេណ្ឌទ័ព ការគំរាមអាវុធនុយក្លេអ៊ែរ និងការធ្វើប្រជាមតិកាត់ទឹកដីអ៊ុយក្រែន ត្រូវបានអ្នកវិភាគមើលឃើញថា ជាយុទ្ធសាស្រ្តបង្កើនភាពតានតឹងនៃសង្រ្គាម ហើយរងនូវការថ្កោលទោសពីបស្ចិមលោក រួមទាំងអឺរ៉ុប ដែលជាអតិថិជនហ្គាសរបស់រុស្ស៊ី។

ការលេចធ្លាយនៃបំពង់បង្ហូរឧស្ម័ន Nord Stream ទាំងពីរកើតឡើងចំពេលដែលភាពតានតឹងទាំងនេះ កើនឡើងកាន់តែខ្លាំង និងស្របពេលដែលសហភាពអឺរ៉ុប ព្រួយបារម្ភពីកង្វះខាតឧស្ម័នប្រើប្រាស់នៅក្នុងរដូវរងាខាងមុខ ខណៈមានការចោទប្រកាន់ថា រុស្ស៊ីយកការផ្គត់ផ្គង់ថាមពលធ្វើជាអាវុធ ដើម្បីសងសឹកប្លុកដែលដាក់ទណ្ឌកម្មលើខ្លួន ជាពិសេសជុំវិញការផ្អាកការផ្គត់ផ្គង់ហ្គាសតាមបំពង់បង្ហូរឧស្ម័ន Nord Stream 1 ទាំងស្រុង។

ការបំផ្លិចបំផ្លាញដោយចេតនា ហាក់ដូចជាមូលហេតុដែលទំនងបំផុតនៃការលេចធ្លាយ ដែលក្រុមមន្រ្តីៗពីលោកខាងលិច រួមទាំងសហភាពអឺរ៉ុប បានយល់ស្របព្រមៗគ្នា។ ទាំងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក អង់តូនី ប្ល៊ីងកិន និងប្រធានគណៈកម្មការអឺរ៉ុបលោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន និងអង្គការអូតង់ សុទ្ធតែហៅការលេចធ្លាយថាជាការបំផ្លិចបំផ្លាញ ខណៈនាយករដ្ឋមន្រ្តីដាណឺម៉ាក លោកស្រី Mette Frederiksen ហៅវាបន្ថែមថា ជាសកម្មភាពដោយចេតនា។

លើសពីនេះ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក ម៉ាតេអ៊ូស ម៉ូរ៉ាវីតស្គី (Mateusz Morawiecki) បានអះអាងថា ការលេចធ្លាយនេះប្រហែលជាជំហានបន្ទាប់ នៃការបង្កើនភាពតានតឹងចំពោះស្ថានភាពនៅអ៊ុយក្រែន។ ទោះបីជាយ៉ាងនេះ ក៏ដោយលោក Konrad Helmut Arz von Straussenburg ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំប្រទេសហ្វាំងឡង់ បានថ្លែងប្រាប់សារព័ត៌មាន DW ថា វាមិនត្រឹមត្រូវទេ ក្នុងការសន្និដ្ឋានភ្លាមៗនាពេលនេះ ដោយត្រូវការគណនាឱ្យសមហេតុផល។

ប៉ុន្តែអនុរដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Marcin Przydacz លើកឡើងថា៖ «វាជារឿងគួរឱ្យសោកស្តាយ ដែលដៃគូភាគខាងកើត(រុស្ស៊ី)របស់យើង បន្តដំណើរនយោបាយឈ្លានពាន។ ប្រសិនបើរុស្ស៊ីមានសមត្ថភាពក្នុងការឈ្លានពាននៅអ៊ុយក្រែនដោយយោធា នោះវាច្បាស់ណាស់ថាសកម្មភាពបង្ករឿងនៅអឺរ៉ុបខាងលិច ក៏មិនអាចច្រានចោលបានដែរ»។

ជាមួយគ្នានេះ អ្នកវិភាគផ្សេងៗទៀត ក៏ទម្លាក់កំហុសទៅលើរុស្ស៊ីផងដែរ ដោយលើកហេតុផលថា បើមើលមួយភ្លែតទៅ វាហាក់ដូចជារុស្ស៊ីអាចនឹងសុខចិត្តកម្ទេចទ្រព្យសម្បត្តិតម្លៃរាប់ពាន់លានដុល្លាររបស់ខ្លួន ដើម្បីធ្វើឱ្យអឺរ៉ុបភ័យខ្លាច និងមានភាពចលាចល ដែលជំរុញឱ្យតម្លៃហ្គាសកើនឡើង។ នេះបើតាមការចុះផ្សាយរបស់កាសែតញូវយ៉កថែមស៍ដកស្រង់សម្ដីអ្នកវិភាគដែលអះអាងថា ពួកគេមិនច្បាស់ថារុស្ស៊ី នឹងត្រូវបាត់បង់អ្វីនោះទេ នៅពេលដែលបំពង់បង្ហូរ Nord Stream ទាំងពីរក៏មិនដំណើរ (ប៉ុន្តែមានផ្ទុកហ្គាស)។

ការលេចធ្លាយនេះ មិនមានឥទ្ធិពលភ្លាមៗទៅលើការផ្គត់ផ្គង់ថាមពលរបស់អឺរ៉ុបទេ រួមទាំងអាល្លឺម៉ង់ ដែលអះអាងបែបនេះផ្ទាល់។ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ អឺរ៉ុបបានកាត់បន្ថយការប្រើប្រាស់ហ្គាសរបស់ខ្លួន និងរកឃើញអ្នកផ្គត់ផ្គង់ជំនួសរុស្ស៊ី ថែមទាំងបង្កើតភាគហ៊ុនរបស់ខ្លួន ទោះបីជាហ្គាសស្ថិតក្នុងតម្លៃដ៏ខ្ពស់ក៏ដោយ។

អំឡុងពេលនេះ អាជ្ញាធរដាណឺម៉ាកបានអះអាងថា ពួកគេកំពុងធ្វើការស៊ើបអង្កេតឧក្រិដ្ឋកម្ម ដើម្បីកំណត់ពីមូលហេតុពិតប្រាកដនៃការលេចធ្លាយ។ ប៉ុន្តែទន្ទឹមនឹងនោះ ការចង្អុលដាក់រុស្ស៊ីពីប្លុកលោកខាងលិច ក៏មិនត្រូវបានធ្វើឡើងដោយចំៗ ពោលគឺមិនសូវជាមានការចោទប្រកាន់ណាមួយដោយត្រង់ ដាក់ក្រុងម៉ូស្គូ មិនថាសហរដ្ឋអាមេរិក ឬប្លុកអឺរ៉ុប ជាពិសេសពីសំណាក់មន្រ្តីៗជាន់ខ្ពស់ លើកលែងតែប៉ូឡូញ និងអ៊ុយក្រែន។

មិនថាយ៉ាងណាក៏ដោយ រុស្ស៊ីនៅតែបដិសេធថាខ្លួនមិនជាប់ពាក់ព័ន្ធនឹងការលេចធ្លាយនោះទេ ថែមទាំងសុំឱ្យមានការស៊ើបអង្កេតឱ្យបានល្អិតល្អន់លើករណីនេះ។

កាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌ្មីទ្រី ប៉េស្កូវ បាននិយាយថា រដ្ឋដែលគាំទ្រភេរវកម្មនៅពីក្រោយការលេចធ្លាយនេះ។

បើទោះបីជារុស្ស៊ី មិនបានចោទប្រកាន់នរណាម្នាក់ជាផ្លូវការក្ដី ប៉ុន្តែកត់សម្គាល់ថា សហរដ្ឋអាមេរិកឈរចាំទទួលផលប្រយោជន៍ ក្នុងសង្គ្រាមពាក្យសម្តីជាមួយលោកខាងលិច ថាតើនរណាជាអ្នកទទួលខុសត្រូវ។ បន្ថែមពីនេះ វិមានក្រឹមឡាំងនិយាយថា វាជាការឆោតល្ងង់ និងមិនសមហេតុផល ក្នុងការសង្ស័យថា រុស្ស៊ីនៅពីក្រោយការលេចធ្លាយ ហើយព្រោះវាជាការខាតបង់របស់រុស្ស៊ី នៅពេលហ្គាសធ្លាយចេញទៅ។

២. ការចង្អុលដាក់អាមេរិក

នៅពេលដែលការលេចធ្លាយបំពង់បង្ហូរហ្គាស Nord Stream ទាំងពីរលេចឡើង ប្រព័ន្ធផ្សព្វផ្សាយក្នុង និងក្រៅស្រុករុស្ស៊ី ដែលមានទំនោរគាំទ្រវិមានក្រឹមឡាំង បានផ្សព្វផ្សាយឡើងវិញនូវខ្សែវីដេអូខ្លីមួយ ដែលជាការអះអាងរបស់ប្រធានាធិបតីអាមេរិក ចូ បៃដិន កាលពីដើមខែកុម្ភៈ។ កាលនោះលោក បៃដិន ថ្លែងចំពោះមុខអ្នកកាសែតយ៉ាងដូច្នេះថា ប្រសិនបើរុស្ស៊ីហ៊ានឈ្លានពានអ៊ុយក្រែនមែន «នោះនឹងគ្មានបំពង់បង្ហូរហ្គាស Nord Stream 2 ទៀតទេ យើងនឹងបញ្ចប់វា»។

ប៉ុន្តែមន្ត្រីសហរដ្ឋអាមេរិកអះអាងថា លោក បៃដិន ចង់សំដៅលើសកម្មភាពការទូត និងសេដ្ឋកិច្ច ហើយកត់សម្គាល់ថា វាបានកើតឡើងដូចលោក បៃដិន បានថ្លែងរួចទៅហើយ នៅពេលអាល្លឺម៉ង់បញ្ឈប់គម្រោងដ៏ចម្រូងចម្រាស់នេះ នៅពេលរុស្ស៊ីចាប់ផ្ដើមឈ្លានពានអ៊ុយក្រែន។

យ៉ាងណាមិញ ការចង្អុលដាក់សហរដ្ឋអាមេរិក មិនបញ្ចប់ត្រឹមនេះនោះទេ។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយប្រាប់សារព័ត៌មានថា ទីក្រុងវ៉ាស៊ីនតោននឹងអាចជំរុញការលក់ឧស្ម័នធម្មជាតិរាវ (LNG) របស់ខ្លួន ប្រសិនបើបំពង់បង្ហូរឧស្ម័នទាំងពីរមិនអាចដំណើរការបាន។ លោកស្រីក៏លើកឡើងផងដែរថា ការលេចធ្លាយនេះ កើតឡើងនៅក្នុងទឹកដីដែលស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុងរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ប៉ុន្តែមិនបានផ្ដល់ភស្តុតាងណាមួយនោះទេ។

ទោះបីយ៉ាងនេះក្ដី សេតវិមានបានច្រានចោលការចោទប្រកាន់របស់រុស្ស៊ី ដែលថាខ្លួនជាប់ពាក់ព័ន្ធនឹងការខូចខាតបំពង់បង្ហូរ Nord Stream ខណៈទូរទស្សន៍ CNN របស់សហរដ្ឋអាមេរិក បានដកស្រង់ប្រភពចំនួន៣ ដែលថា មន្ត្រីសន្តិសុខអឺរ៉ុបបានសង្កេតឃើញនាវាគាំទ្រកងទ័ពជើងទឹករុស្ស៊ី និងនាវាមុជទឹកមិនឆ្ងាយពីកន្លែងលេចធ្លាយទេ។ លោកស្រី Adrienne Watson អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន បានអះអាងថា៖ «យើងទាំងអស់គ្នាដឹងហើយថា រុស្ស៊ីមានប្រវត្តិដ៏យូរលង់ក្នុងការផ្សព្វផ្សាយព័ត៌មានមិនពិត ហើយកំពុងធ្វើវាម្តងទៀតហើយនៅពេលនេះ»។

ជុំវិញករណីនេះ លោកស្រី Anna Mikulska អ្នកជំនាញផ្នែកថាមពលនៅសាកលវិទ្យាល័យ Rice សហរដ្ឋអាមេរិក បាននិយាយប្រាប់ DW ថា ការលេចធ្លាយនេះពិតជាគួរឱ្យភ្ញាក់ផ្អើល ប៉ុន្តែវាហាក់បីដូចជាគ្មាននរណាម្នាក់នឹងទទួលបានផលប្រយោជន៍នោះទេ ព្រោះថាបំពង់បង្ហូរឧស្ម័នទាំង២ ក៏ផ្គត់ផ្គង់ហ្គាសទៅអឺរ៉ុបដែរនាពេលនេះ ខណៈដែលផលប៉ះពាល់ដល់បរិស្ថានមានលក្ខណៈអាក្រក់ខ្លាំង។

មិនថានរណាជាអ្នកធ្វើនោះទេ មន្ត្រីសហភាពអឺរ៉ុបអះអាងថា មេដឹកនាំសហភាពអឺរ៉ុបនឹងពិភាក្សាអំពីផលប៉ះពាល់នៃការខូចខាតនៅសប្តាហ៍ក្រោយក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងប្រាក ដោយថា ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រនៅក្នុងសហភាពអឺរ៉ុបទាំងមូលត្រូវតែការពារ។ កាលពីថ្ងៃពុធ ប្លុកដដែលបានព្រមានអំពីការឆ្លើយតបដ៏ខ្លាំង ដោយមានការរួបរួមគ្នា ប្រសិនបើមានការវាយប្រហារបន្ថែមទៀត ប៉ុន្តែមិនបានចង្អុលដាក់នរណា រួមទាំងរុស្ស៊ី ដែលខ្លួនត្រៀមបន្ថែមដាក់ទណ្ឌកម្មសេដ្ឋកិច្ចកញ្ចប់ទី៨នោះទេ៕ ដោយ៖ ហួន ឌីណា

ads banner