នាយករដ្ឋមន្ត្រីគុយបា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី០៤-០៦ ខែតុលា ឆ្នាំ២០២២

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាដែលទទួលបាននៅថ្ងៃទី ០១ ខែតុលា ឆ្នាំ២០២២ បានបញ្ជាក់ឱ្យដឹងថា តបតាមការអញ្ជើញរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី០៤-០៦ ខែតុលា ឆ្នាំ២០២២។

ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នឹងចូល ក្រាប បង្គំ គាល់ ព្រះករុណា ព្រះ បាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។

ឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស ក៏នឹងចូលជួបសម្តែង ការគួរសមជាមួយ សម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភា និង សម្តេច អគ្គ មហា ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ផងដែរ។

ឯកឧត្តមនាយករដ្ឋមន្រ្តីគុយបា នឹងជួបពិភាក្សាទ្វេភាគីជាមួយ សម្តេច តេជោនាយក រដ្ឋមន្រ្តី ហ៊ុន សែន ។ នាយករដ្ឋមន្ត្រីទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធី ចុះហត្ថលេខាលើឯកសារ មួយចំនួន ដែលនឹងបង្កើន កិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ក្នុងវិស័យ កីឡា អប់រំ និងវប្បធម៌ ក៏ដូចជាវិស័យផ្សេងៗទៀតផងដែរ។

ឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស ក៏នឹងអញ្ជើញ ដាក់កម្រងផ្កាគោរពវិញ្ញា ណក្ខន្ធ នៅវិមានឯករាជ្យ និងនៅមណ្ឌប ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ដំណើរទស្សនកិច្ចរបស់ឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នឹងបញ្ជាក់ជាថ្មីអំពីទំនាក់ទំនង យូរអង្វែង និងប្រកបដោយ មិត្តភាពរវាងកម្ពុជា និងគុយបា ក៏ដូចជា នឹង គូស បញ្ជាក់ពីតម្រូវការក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍កាន់តែប្រសើរ សម្រាប់ប្រទេស និង ប្រជាជនទាំងពីរ ៕ ដោយ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner