ថ្ងៃទីមួយនៃការបើកដំណើរការសាកល្បងមានយានយន្តជិត១ម៉ឺនគ្រឿងចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

ភ្នំពេញ៖ គិតពីម៉ោង ៧៖០០នាទីព្រឹក ដល់ម៉ោង ១៨៖០០នាទីល្ងាច ថ្ងៃសៅរ៍ ទី០១ ខែតុលាឆ្នាំ២០២២ មានយានយន្តចំនួន ៨ ៩២៧គ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដោយចេញចូលតាមស្ថានីយទាំង០៨ទីតាំង។ នេះបើយោងតាមFacebook ផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលទទួលបាននៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២នេះ។

ក្រសួងសាធារណការ បានបញ្ជាក់ទៀតថា រថយន្តធ្វើដំណើរលើផ្លូវនេះ មិនត្រឹមតែមានអ្នកដំណើរកម្សាន្តជាលក្ខណៈគ្រួសារ ក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍ប៉ុណ្ណោះទេ លើសពីនេះទៅទៀត ក៏មានយានយន្តដឹកជញ្ជូនដែលស្របតាមលក្ខណៈបច្ចេកទេស ក៏បានយកឱកាសនេះក្នុងការដឹកជញ្ជូនទំនិញរបស់ខ្លួនផងដែរ ដែលនេះសបញ្ជាក់ឱ្យឃើញថា ផ្លូវល្បឿនលឿន គឺពិតជាខែ្សបន្ទាត់សេដ្ឋកិច្ចដែលមានសក្តានុពល។

សូមជម្រាបជូន ថា៖ ក្នុងចំណោមយានយន្តជិត ១០.០០០គ្រឿងនោះ ក៏មានករណីដែលត្រូវការ ការប្រឹក្សាយោបល់ សាកសួរព័ត៌មាន និងស្វែងរកជំនួយសង្គ្រោះផងដែរ ជាសរុបមានចំនួន ៥២ខ្សែ ដែលបានធ្វើការទាក់ទងទៅកាន់លេខ១៣៩៩។

គួរបញ្ជាក់ផងដែរថា៖ ការបើកបរលើផ្លូវល្បឿនលឿន តម្រូវឱ្យអ្នកបើកបរ និងអ្នករួមដំណើរទាំងអស់ ចូលរួមសហការក្នុងការស្វែងយល់ឱ្យបានល្អិតល្អន់ពីសេចក្តីណែនាំ និងអនុវត្តឱ្យបានម៉ឹងម៉ាត់ចំពោះលក្ខខណ្ឌក្នុងការបើកបរលើផ្លូវនេះ ហើយជាពិសេសត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ទើបការធ្វើដំណើររបស់បងប្អូនប្រកបដោយភាពសប្បាយរីករាយ និងសុខសុវត្ថិភាព៕ សេឌី+លីដា

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner