ឥណ្ឌូនេស៊ីបង្កើតគណៈកម្មការឯករាជ្យមួយ ដើម្បីស៊ើបអង្កេតពីហេតុការណ៍រត់ជាន់គ្នាស្លាប់នៅពហុកីឡដ្ឋានកាលពីថ្ងៃសៅរ៍
ឥណ្ធូនេស៊ី៖មន្ដ្រីជាន់ខ្ពស់ឥណ្ឌូនេស៊ីម្នាក់ បានគូសបញ្ជាក់នៅថ្ងៃចន្ទ ទី៣ ខែតុលានេះថា ឥណ្ឌូនេស៊ីនឹងបង្កើតគណៈកម្មការឯករាជ្យមួយ ដើម្បីស៊ើបអង្កេតពីឧបទ្ទវហេតុរត់ជាន់គ្នាស្លាប់កាលពីថ្ងៃសៅរ៍ទី១ខែតុលា នៅពហុកីឡដ្ឋាន Kanjuruhan ក្នុងក្រុង Malang ភាគខាងកើតកោះជ្វា។ ជាហេតុការណ៍សោកនាដកម្ម ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ចំនួន ១២៥នាក់។
លោក Mahfud MD រដ្ឋមន្ដ្រីក្រសួងសន្តិសុខឥណ្ឌូនេស៊ី បានគូសបញ្ជាក់ថា ការស៊ើបអង្កេតនេះអាចនឹងត្រូវប្រើពេល រហូតដល់ទៅ២សប្ដាហ៍ ហើយនឹងផ្ដោតសំខាន់ទៅលើមូលហេតុដែលជំរុញឲ្យប៉ូលីសបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើ ក្រុមអ្នកគាំទ្របាល់ទាត់។ បើតាមលោករដ្ឋមន្ដ្រីដដែល ការស៊ើបអង្កេតក៏មានគោលដៅស្វែងយល់ផងដែរ ថាតើមានការ ល្មើសច្បាប់ណាមួយកើតឡើងដែរឬទេនៅក្នុងហេតុការណ៍នេះ?តើត្រូវផ្ដល់សំណងទៅដល់ជនរងគ្រោះដោយរបៀបណា? ហើយឥណ្ឌូនេស៊ីត្រូវធ្វើបែបណាដើម្បីបង្ការកុំឲ្យកើតមានហេតុការណ៍អកុសលដូច្នេះកើតមានទៀតនាពេលអនាគត?
គួររំឭកថា កាលពីថ្ងៃសៅរ៍ ទី១ ខែតុលាកន្លងទៅ អ្នកគាំទ្រកីឡាបាល់ទាត់រាប់ពាន់នាក់ ភាគច្រើនជាយុវជន បានប្រមូលផ្ដុំគ្នានៅពហុកីឡដ្ឋាន Kanjuruhan ក្នុងក្រុង Malang ភាគខាងកើតកោះជ្វា ដើម្បីទស្សនាការប្រកួតរវាង ក្រុមបាល់ទាត់ Arema FC និង Persebaya Surabaya។ នៅពេលដែលក្រុមបាល់ទាត់ Arema ចាញ់ការប្រកួតក្នុងពិន្ទុ ២ទល់នឹង៣ អ្នកគាំទ្រក្រុមនេះបានសម្រុកចូលក្នុងទីលានប្រកួតដោយកំហឹង ដែលជាហេតុឲ្យក្រុមប៉ូលីសត្រូវបង្ខំចិត្ត បាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមអ្នកគាំទ្របាល់ទាត់ទាំងនោះ ដើម្បីបង្ក្រាបភាពចលាចល។
ប៉ុន្តែចំណាត់ការរបស់ក្រុមប៉ូលីសយ៉ាងដូច្នេះ មិនត្រឹមតែមិនអាចបញ្ឈប់ភាពចលាចលនោះទេ វាបែរជាធ្វើឲ្យអ្នកគាំទ្រដទៃ ទៀតភ័យស្លន់ស្លោ ដណ្ដើមគ្នារត់ប្រសេចប្រសាចចេញពីពហុកីឡដ្ឋានទៅវិញ។ មនុស្សច្រើន ប៉ុន្តែច្រកទ្វាពហុកីឡដ្ឋានតូច បង្កឲ្យមានការកកស្ទះ។ មនុស្សជាច្រើនប្រជ្រៀតជាន់ពីលើគ្នាដើម្បីរកច្រកចេញ។ របាយការណ៍ផ្លូវការចុងក្រោយពីអាជ្ញាធរឥណ្ឌូនេស៊ីឲ្យដឹងថា មានមនុស្សយ៉ាងហោចណាស់១២៥នាក់បានស្លាប់នៅក្នុង ហេតុការណ៍នេះ និងជាង៣០០នាក់ផ្សេងទៀតរងរបួស។
ករណីអំពើហិង្សានៅក្នុងអំឡុងពេលប្រកួតបាល់ទាត់ កើតឡើងញឹកញាប់ណាស់នៅក្នុងប្រទេសឥណ្ឌូនេស៊ី។ ប៉ុន្តែការប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកពីសំណាក់ក្រុមប៉ូលីសឥណ្ឌូនេស៊ីទៅលើអ្នកគាំទ្របាល់ទាត់នៅក្នុងហេតុការណ៍ចុងក្រោយនេះ បានបង្កឲ្យមានការរិះគន់យ៉ាងខ្លាំង។ សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានចែងនៅក្នុងបទបញ្ញត្តិ សម្រាប់សុវត្ថិភាពក្នុងពហុកីឡដ្ឋានថា កងកម្លាំងសន្តិសុខនិងមន្ដ្រីប៉ូលីស មិនត្រូវប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីគ្រប់គ្រងស្ថានការណ៍ចលាចលរបស់មនុស្ស នៅក្នុងពហុកីឡដ្ឋានឡើយ។
ចំណែកនាយកប្រតិបត្តិអង្គការ Amnesty International ប្រចាំប្រទេសឥណ្ឌូនេស៊ី លោក Usman Hamid លើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ឧស្ម័នបង្ហូរទឹកភ្នែកគួរប្រើប្រាស់ជាជម្រើសចុងក្រោយបង្អស់សម្រាប់ បំបែកការប្រមូលផ្ដុំទ្រង់ទ្រាយធំទាំងឡាយណាដែលមានលក្ខណៈហិង្សា។ បើតាមលោក Usman Hamid ក្នុងករណីណាក៏ដោយ គេគួរតែប្រកាសព្រមានជាមុន មុននឹងបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើហ្វូងមនុស្ស។ និងថា ឧស្ម័នបង្ហូរទឹកភ្នែក មិនត្រូវប្រើប្រាស់នៅកន្លែងដែលមានលក្ខណៈបិទជិតនោះឡើយ។ នេះបើតាមលោក Usman Hamid៕ ដោយៈកែវ កិរិយា