ជីដូនមើលចៅ ជាស្ថានភាពរបស់មនុស្សចាស់នៅកម្ពុជា ខណៈអ្នកអប់រំជំរុញឱ្យឪពុកម្ដាយយកកូនតូចទៅដាក់ទារកដ្ឋាន
ភ្នំពេញ៖«បើសិនជាមានជម្រើស យាយមិនចិញ្ចឹមចៅទេ ពិបាកមើលថែណាស់! តែស្រួលមិនស្រួលត្រូវកូនស្ដីបន្ទោសថាមើលថែកូនគេមិនបានល្អទៀត»។ នេះជាការលើកឡើងរបស់ស្រ្តីចំណាស់ម្នាក់រស់នៅខេត្តកំពង់ចាម ដែលសព្វថ្ងៃមានបន្ទុកមើលថែចៅដល់ទៅបីនាក់។
ចូលដល់ជន្មាយុ ៦០ ឆ្នាំប្លាយទៅហើយ អ្នកស្រី នៅ ស្រី កំពុងទទួលបន្ទុកមើលថែទាំចៅទាំងបី ដោយហេតុថាមិនមានជម្រើស។ មិនមានជម្រើសព្រោះ កូនៗមានជីវភាពខ្សត់ខ្សោយដែលចាំបាច់ត្រូវចំណាកស្រុកចេញទៅធ្វើការដើម្បីទ្រទ្រង់ជីវភាព។
កំពុងតែដណ្ដាំស្លសម្រាប់ចៅៗបណ្ដើរ អ្នកស្រី នៅ ស្រី រៀបរាប់បណ្ដើរថា៖ «កូនគេផ្ញើឱ្យជួយមើលទៅហើយ ។បើមិនទទួលក៏មិនកើត…ណាមួយកូនវាក្រទៅហើយ ។បើបិនជួយវាទេក៏លំបាកដល់ទាំងចៅៗដែលមិនដឹងអីឯណេះទៀត។»
ដោយពាក្យថាបន្ទុកនេះ អ្នកស្រីត្រូវទទួលរ៉ាប់រងគ្រប់យ៉ាង ទាំងការហូបចុក ទាំងការសិក្សារៀនសូត្រ ទាំងសុខភាពរបស់ចៅទាំងបីនាក់ ដោយមិនសូវមានពេលសម្រាក។ អ្នកស្រី ត្រូវក្រោកពីព្រលឹមដើម្បីធ្វើការងាររៀបចំផ្ទះ ចម្អិនម្ហូបសម្រាប់ចៅៗទៅរៀន និងរៀបចំជូនចៅៗទៅសាលាផង។ ការណ៍នេះ ញុំាងឱ្យអ្នកស្រី សម្រេចចិត្តថានឹងបញ្ជូនចៅឱ្យទៅនៅជាមួយឪពុកម្ដាយពួកគេវិញនៅឆ្នាំក្រោយ ខណៈកម្លាំងគាត់កាន់តែថមថយទៅហើយ។
ស្ត្រីវ័យចំណាស់រូបនេះ បញ្ជាក់ថាចៅដែលត្រូវប្រគល់ឱ្យឪពុកម្ដាយវិញនៅឆ្នាំក្រោយ។អ្នកស្រី បានចិញ្ចឹមចៅៗតាំងពីអាយុ៣ឆ្នាំ រហូតពេលនេះចៅច្បងមានអាយុ១៤ឆ្នាំ ចៅកណ្ដាលមានអាយុ១០ទៅហើយ។ រីឯចៅពៅគេ ដែលលោកយាយបានចិញ្ចឹមមើលថែតាំងពីទើបតែមានអាយុពីរខែ មកដល់ពេលនេះមានអាយុ ១០ឆ្នាំ ហើយ ។
មិនខុសគ្នាប៉ុន្មាន អ្នកស្រី អ៊ីម ដែលរស់នៅជិតខាងគ្នាដែរនោះបានចិញ្ចឹមចៅ២០ឆ្នាំមកហើយ ។ពោលគឺពេលចៅមួយធំហើយ មានចៅមួយទៀតចូលមកក្នុងបន្ទុកបន្ថែម។ បច្ចុប្បន្ន អ្នកស្រី អ៊ីម មានជន្មាយុ ៦៥ឆ្នាំហើយ ចំណែកចៅៗរបស់លោកយាយក៏ទើបតែចាកចេញទៅនៅជាមួយឪពុកម្ដាយវិញដូចគ្នា។
អ្នកស្រី អ៊ីម៖ «ចិញ្ចឹមចៅហត់ណាស់ តែធ្វើម៉េចបើម្ដាយឪពុកវាត្រូវចេញទៅធ្វើការឱ្យគេ…មិនត្រឹមតែហត់ខ្លួនឯងទេ ចិញ្ចឹមកូនគេមិនស្រួលត្រូវគេស្ដីថាយើងទៀត។»
អ្នកស្រីបន្ថែម ៖ «យាយមិនចេះអក្សរ អ៊ីចឹងហើយមិនដឹងបង្រៀនចៅយ៉ាងម៉េចទេ មានតែបញ្ចូនវាទៅសាលា…វាទៅរៀនបាត់ៗក៏មិនដឹងថារៀនចេះឬមិនចេះ»។
អ្នកស្រី ក៏បានបញ្ជាក់ផងដែរថា ការចិញ្ចឹមចៅប្រឈមនឹងបញ្ហាច្រើន ដោយលោកយាយផ្ទាល់ចេះតែចិញ្ចឹមតាមបទពិសោធន៍ដែលលោកយាយធ្លាប់ចិញ្ចឹមកូនកន្លងមក មិនបានយល់ឬរៀនសូត្របន្ថែមពីវិធីចិញ្ចឹមកូន ជាពិសេសក្នុងសម័យនេះ។ និយាយជារួមគឺ ចិញ្ចឹមចៅឱ្យតែរស់ សម្រាប់ការអប់រំគឺពឹងផ្អែកទាំងស្រុងលើសាលាតែម្ដង។
បើសិនរឿងនេះនៅតែមាន តិចឬច្រើននឹងប៉ះពាល់ទៅដល់ការអភិវឌ្ឍរបស់កុមារតូច ដោយកុមារវ័យនេះទាមទារនូវការយកចិត្តទុកដាក់ច្រើន ដើម្បីឈានទៅធំធាត់ដោយគ្រប់លក្ខណៈ។ នេះបើផ្អែកតាមការលើកឡើងរបស់ លោក ប្រាក់ កុសល ប្រធាននាយកដ្ឋានអប់រំកុមារតូចនៃក្រសួងអប់រំ យុវជន និងកីឡា។លោកកុសល បានឱ្យដឹងថា កុមារអាយុក្រោម៣ឆ្នាំនេះគឺត្រូវការការមើលថែយ៉ាងដិតដល់ ទាំងផ្នែកសុខភាព ផ្នែកអនាម័យ និងជាពិសេសលើការវិវត្តនៃខួរក្បាលរបស់ពួកគេ។
លោក ប្រាក់ កុសល៖ «កុមារនៅក្នុងវ័យដំបូង ១ឆ្នាំ ២ឆ្នាំ ឬ៣ឆ្នាំនេះគឺកុមារមានតម្រូវការអភិវឌ្ឍន៍ខ្ពស់ ជាវ័យមួយដែលកោសិកាខួរក្បាលមានការអភិវឌ្ឍខ្លាំង ជាហេតុនាំឱ្យកុមារត្រូវបំលាស់ទីគ្រប់ពេលវេលា (ការដើរ ការអង្គុយ វា តោង) និងផ្លាស់ប្ដូររបស់លេងជាញឹកញាប់។»
លោកបន្តថា សម្រាប់សមត្ថភាពចំណេះដឹងមនុស្សចាស់គឺមិនទាន់សមស្របទៅនឹងការមើលថែកុមារឱ្យត្រូវត្រឹមឡើយ ពោលគឺមើលចៅកុំឱ្យតែយំ។ ម្យ៉ាងទៀត នៅពេលកុមារមានការបំលាស់ទីច្រើន មនុស្សចាស់គាត់មិនមានកម្លាំងក្នុងការចាប់ឃាត់កុមារទេ ដែលអាចនាំឱ្យមានគ្រោះថ្នាក់ណាមួយដល់កុមារ។
ដំណាក់កាលដែលកុមារមានអាយុក្រោម៣ឆ្នាំនេះ ក៏ជាឱកាសដ៏សំខាន់សម្រាប់អភិវឌ្ឍន៍ខួរក្បាលពួកគេមុននឹងចូលទៅរៀននៅមតេយ្យសិក្សា ដែលរាប់បញ្ចូលជាការជំរុញសមត្ថភាពកុមារកាន់តែខ្លាំង។
ក្រសួងអប់រំកំពុងរៀបចំជាកញ្ចប់អប់រំមាតាបិតា អាណាព្យាបាលអំពីការថែទាំក្មេង ជាពិសេសគឺបានបង្កើតជាទារកដ្ឋានមួយដែលមានទីតាំងនៅក្នុងខេត្តកំពង់ស្ពឺ។ ទារកដ្ឋាននេះ មានការគាំទ្រពីដៃគូរអភិវឌ្ឍន៍ដើម្បីជួយទៅដល់ការថែទាំកុមារដែលមានអាយុក្រោម៣ឆ្នាំ ខណៈដែលខេត្តនេះមានប្រជាជនធ្វើការរោងចក្រច្រើន។
លោក ប្រាក់ កុសល បានសង្កត់ធ្ញន់ថា៖« តួនាទីរបស់ឪពុកម្ដាយ ក្នុងការថែទាំកូន គឺសំខាន់ជាងគ្រូបង្រៀន ដោយហេតុថាកុមារទទួលបានការមើលថែពីឪពុកម្ដាយ មុននឹងទទួលការអប់រំពីគ្រូបង្រៀន។ លោកលើកទឹកចិត្តថា មិនគួរទុកកូននៅនឹងជីដូនចាស់ៗទេ តែគួរយកកូនទៅដាក់នៅទារកដ្ឋាន (ប្រសិនបើមាន) ឬដាក់នៅសាលាមតេយ្យសិក្សានៅពេលកូនមានអាយុ៣ឆ្នាំ»៕
ដោយៈឈិន ម៉ានិច្ច