ឯកឧត្តម ឧត្តមសេនីយ៍ឯក កែន តារា អញ្ជើញ បើកវគ្គបំប៉នជំនាញហិរញ្ញវត្ថុ និងផ្សព្វផ្សាយការងារអនុវត្តន៍ថវិកាតាមកម្មវិធីជំនាន់ទី១ កងទ័ពជើងគោក ឆ្នាំ២០២២
ភ្នំពេញ ៖ អនុវត្តន៍តាមផែនការហ្វឹកហ្វឺនប្រចាំឆ្នាំ២០២២ របស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ការិយាល័យហិរញ្ញវត្ថុ កងទ័ពជើងគោក បានដាក់ចេញនូវផែនការហ្វឹកហ្វឺនប្រចាំឆ្នាំ២០២២ របស់ខ្លួន ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក កែន តារា មេបញ្ជាការរង កងទ័ពជើងគោក បានអញ្ជើញបើកដំណើរការវគ្គបំប៉នជំនាញហិរញ្ញវត្ថុ និងផ្សព្វផ្សាយការងារអនុវត្តន៍ថវិកា តាមកម្មវិធីជំនាន់ទី១ កងទ័ពជើងគោក ប្រចាំឆ្នាំ២០២២ ជូនដល់យោធិនចំណុៈបញ្ជាការដ្ឋានកងទ័ពជើងគោក នៅបញ្ជាការដ្ឋានកងទ័ពជើងគោក រាជធានីភ្នំពេញ ។
បើតាមរបាយការណ៍ដែលផ្តល់ដោយឧត្តមសេនីយ៍ទោ សុខ ភុនសំបូរ សេនាធិការរង នាយការិយាល័យហិរញ្ញវត្ថុកងទ័ពជើងគោកបានឲ្យដឹងថា៖ វគ្គបំប៉នជំនាញហិរញ្ញវត្ថុកងទ័ពជើងគោក ឆ្នាំ២០២២នេះ សិក្សារយៈពេល ៣១ថ្ងៃ ចាប់បើកពីថ្ងៃទី៣ ខែតុលា រហូតដល់ថ្ងៃទី៣ ខែវិច្ឆិការ ឆ្នាំ២០២២ ។ មានសមាសភាពកម្មសិក្សាការីចូលរួមរៀនសូត្រចំនួន ៥៥នាក់ សិក្ខាកាមចំនួន ៥០នាក់ គ្រូយោធាចារ្យចំនួន ៥នាក់។ មកពីបណ្តាកងឯកភាពចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក។សិក្សាខ្លឹមសារមេរៀន រួមមាន៖ អប់រំចិត្តសាស្ត្រ គ្រប់គ្រងបើកចែក និងគណនេយ្យ ។
ឯកឧត្តម កែន តារា មេបញ្ជាការរង កងទ័ពជើងគោក បានចាត់ទុកថា ដំណើរការបើកវគ្គបំប៉នជំនាញហិរញ្ញវត្ថុ កងទ័ពជើងគោក ពិតជាបានចូលរួមលើកកម្ពស់ និងបង្កើនសមត្ថភាព ប្រសិទ្ធភាព ទាំងចំណេះដឹង ចំណេះធ្វើពិតប្រាកដ សំដៅបង្កគ្រប់លទ្ធភាពជូនគ្រប់កងឯកភាព ក៏ដូចជានាយទាហាន នាយទាហានរង និងពលទាហាន កងទ័ពជើងគោក លើជំនាញហិរញ្ញវត្ថុ រួមចំណែកការលើកកម្ពស់ និងពង្រឹងមូលដ្ឋានសមត្ថភាព យល់ដឹងឲ្យបានច្បាស់លាស់ មានប្រសិទ្ធិភាពក្នុងការអនុវត្តការងារជំនាញហិរញ្ញវត្ថុ ក្នុងកងយោធពលខេមរភូមិន្ទ និងលើកកម្ពស់ការយល់ដឹង កំណែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងតួនាទីភារកិច្ចរបស់ការងារហិរញ្ញវត្ថុ ក្នុងការបម្រើឲ្យអង្គភាពទ័ពទាំងមូល ។
ឯកឧត្តម កែន តារា ក៏បានបន្ថែមទៀតថា ៖ ជំនាញនេះក៏បានដើរតួនាទីយ៉ាងសំខាន់ ដោយធ្វើជាសេនាធិការឲ្យមេបញ្ជាការកងទ័ពជើងគោក ក្នុងការដឹកនាំចាត់ចែង ការគ្រប់គ្រង បែងចែក កសាងផែនការតម្រូវការថវិកា និងប្រើប្រាស់ធនធានហិរញ្ញវត្ថុ ស្វែងរកយន្តការ ដំណោះស្រាយ លើកកម្ពស់ការងារហិរញ្ញវត្ថុ ធានាបើកផ្តល់ថវិកា ទាន់ពេលវេលាជូនកងទ័ពក្នុងការបំពេញភារកិច្ចយោធា និងកិច្ចការពារជាតិ ពិសេសតាមកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈឲ្យស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល។
ឯកឧត្តម កែន តារា បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវខិតខំរៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹង ពីគ្រូយោធាចារ្យ ត្រូវបង្កើនយកចិត្តទុកដាក់រៀនសូត្រឲ្យអស់ពីសមត្ថភាពខ្លួន ត្រូវគោរពឲ្យបាននូវវិន័យ បទបញ្ជាផ្ទៃក្នុងវគ្គឲ្យបានល្អ ត្រូវយកអស់កម្លាំងកាយចិត្តខិតខំរៀនសូត្រ ដើម្បីប្រែក្លាយជានាយទាហានដែលមានសមត្ថភាពពេញលេញ គុណភាព និងជាក់លាក់ ជារបងការពារជាតិរឹងមាំ ។ ចំពោះគ្រូយោធាចារ្យត្រូវយកចិត្តទុកប្រើប្រាស់សមត្ថភាពជំនាញខ្លួន បង្ហាត់បង្រៀនផ្ទេរចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ល្អៗជូនដល់សិក្ខាកាមងាយយល់ ហើយសង្ឃឹមថាពេលបញ្ចប់វគ្គទទួលបានលទ្ធលល្អប្រសើរ៕ ប្រភព ៖ កងទ័ព ដោយ ៖ សុខ ណេត