ព្រះមហាក្សត្រសរសើររាជរដ្ឋាភិបាល ដែលមានស្នាដៃល្អក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩
ភ្នំពេញ៖ព្រះមហាក្សត្រនៃកម្ពុជាព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គកោតសរសើរនិងលើកទឹកចិត្តចំពោះរាជរដ្ឋាភិបាល ដែលមានស្នាដៃល្អក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នាពេលកន្លងទៅ។នេះបើតាមព្រះរាជសាររបស់ព្រះអង្គដែលផ្ញើជូនជនរួមជាតិក្នុងឱកាសដែលរដ្ឋសភាបើកសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦ ដែលធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២។
ព្រះករុណាមានព្រះរាជបន្ទូលថា ព្រះអង្គសព្វព្រះរាជហរទ័យជាខ្លាំង នៅពេលទតឃើញព្រះរាជាណាចក្រកម្ពុជា បានបើកឱ្យដំណើរការងារលើគ្រប់វិស័យជាប្រក្រតីឡើងវិញ។ព្រះអង្គបន្តថា ស្ថានភាពល្អប្រសើរឡើងវិញនេះជាស្នាដៃរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុនសែននិងដៃគូសហការនានា ដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩អស់រយៈពេលជិត៣ឆ្នាំមកនេះ។
ព្រះមហាក្សត្រសម្តេចព្រះបរមនាថ សម្តេចព្រះនរោត្តម សីហមុនី បន្តថា៖ «យើងទទួលបានដូចសព្វថ្ងៃ គឺដោយសារការខិតខំប្រឹងប្រែងឥតឈប់ឈរ និងការគិតគូរដ៏វាងវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី្រក្នុងការដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដោយមានការគាំទ្រពីប្រជាជនទូទាំងប្រទេស»។
ព្រះមហាក្សត្របន្ថែម៖«រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរយ៉ាងហ្មត់ចត់ ដោយបានដាក់ចេញនូវ គោលនយោបាយគាំពារសង្គមខាន ដើម្បីប្រើប្រាស់ក្នុងស្ថានការណ៍ដ៏លំបាកនេះ ក្នុងនោះគោលនយោបាយស្រោចចាក់សាំងរបស់រាជរដ្ឋាភិបាល បានបង្កើតនូវភាពស៊ាំក្នុងសហគមន៍ ដោយប្រជាពលរដ្ឋទាំងមូល ទទួលបាននូវសុខភាពល្អបរិបូរណ៍ អារម្មណ៍ស្រស់ស្រាយ ចេញប្រកបជីវភាព ការងារឡើងវិញ ដោយសុវត្ថិភាពនឹងការជឿជាក់»។
ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រចាក់ស្រោចវ៉ាក់សាំងនៅទូទាំងប្រទេសកាលពីខែមេសាឆ្នាំ២០២១។កាល ខែមីនា ឆ្នាំ២០២២ពេលដែលសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ឬពេទ្យលោកសង្ឃសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថ្លែងពីភាពជោគជ័យនៃយុទ្ធសាស្ត្រវ៉ាក់សាំង យ៉ាងដូចនេះថា ៖ « បទពិសោធន៍ជោគជ័យរបស់កម្ពុជាគឺនៅត្រង់ការប្រើវ៉ាក់សាំង ហើយការប្រើវ៉ាក់សាំងមិនប្រាកដថាបានវ៉ាក់សាំងហើយបែរជាជោគជ័យនោះទេ អត់ទេ ។ បើសិនជា មិនយកវិធីសាស្ត្ររបស់កម្ពុជា គឺប្រើប្រាស់អភិក្រមផ្ការីក ដោយចាក់ស្រោចក្រុងភ្នំពេញ និងខេត្តកណ្តាលឱ្យជោគជាំសិន។ បន្ទាប់ទៅគឺបានបញ្ជូនទៅបណ្តាខេត្ត ហើយទៅខេត្តនេះ ត្រូវជ្រើរើសភូមិសាស្ត្រណាចាក់ស្រោច កន្លែងនឹងឱ្យជោគជាំសិន ចាំទៅកន្លែងមួយទៀត ។ បើសិនយើងយកវ៉ាក់សាំងមក យើងចែកជាភាគរយទៅតាមខេត្តស្មើៗគ្នា វាអត់មានភាពស៊ាំសហគមន៍ទេ»។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាក៏បានប្រកាសពីភាពជោគជ័យនៃយុទ្ធសាស្ត្រវ៉ាក់សាំងនេះទៅកាន់ពិភពលោក ជាហូរហែរមកហើយរាប់តាំងពីវេទិកាជំនួបទ្វេភាគី វេកាអាស៊ាន និងវេទិការបស់អង្គការសហប្រជាជាតិ។
យ៉ាងណាក៏ដោយយុទ្ធសាស្ត្រយុទ្ធប្រឆាំងកូវីដ១៩របស់រាជរដ្ឋាភិបាលក៏ធ្លាប់រងការរិះគន់ពីសង្គមស៊ីវិលដែល ជុំវិញការបង្កើតច្បាប់ប្រឆាំងកូវីដនិងចំណាត់ការរឹតត្បិតមួយចំនួនទៀតរាប់តាំងពីការអនុវត្តច្បាប់ជាដើម។
គិតមកដល់ខែសីហានេះប្រជាពលរដ្ឋកម្ពុជាដែលគ្រប់អាយុទទួលវ៉ាក់សាំង ប្រមាណជាង៩០ភាគរយបានទទួលវ៉ាក់សាំងយ៉ាងតិចណាស់ពីរដូស។ក្រសួងសុខាភិបាលកម្ពុជាបានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយនានារាប់តាំងពីសម្លេងរោទិ៍ក្នុងទូរស័ព្ទផងដោយជំរុញឱ្យពលរដ្ឋទៅទទួលវ៉ាក់សាំងឱ្យបានគ្រប់ៗគ្នាទាំងដូសមូលដ្ឋានក៏ដូចជាដូសជំរុញ។
ជាទៀងទាត់ព្រះហាក្សត្យកម្ពុជា ទ្រង់សព្វព្រះទ័យផ្ញើសារទៅកាន់ជនរួមជាតិ រាជរដ្ឋាភិបាល គ្រប់ពេលដែលសភាបើកបវេសនកាលនិងបន្តកិច្ចប្រជុំរបស់ខ្លួនជារៀងរាល់ឆ្នាំ៕ ដោយ៖វណ្ណ ស័ក្ដិ