សត្វក្រៀល ជាសត្វងាយរងគ្រោះ និង ជាសត្វដ៏កម្រដែលក្រសួងបរិស្ថាននិងដៃគូ កំពុងរួមគ្នាអភិរក្ស
ភ្នំពេញ៖ សត្វក្រៀល កំពុងស្ថិតនៅក្នុងការគំរាមកំហែងលើពិភពលោករបស់អង្គការ IUCN ។ វាមានវត្តមានពេញមួយឆ្នាំនៅប្រទេសកម្ពុជា ហើយភាគច្រើនរស់នៅតាមតំបន់វាលទំនាបលិចទឹក វាលស្រែ តាមតំបន់វាលស្មៅក្នុងព្រៃល្បោះ នៅតំបន់ ភូមិភាគ ឧត្តរ ប្រទេសកម្ពុជា តំបន់បឹងទន្លេសាប ជាពិសេស ខេត្តព្រះវិហារ បន្ទាយមានជ័យ កំពត និង តាកែវ ។
សត្វក្រៀលគឺ ជាសត្វស្លាបដែលមានកម្ពស់ខ្ពស់ជាងគេលើពិភពលោក ហើយអាចហើរបាន ជាទូទៅមានកម្ពស់ ប្រហែល ១,៧៦ ម៉ែត្រ មានទម្ងន់ ៥-១២ គីឡូក្រាម និងប្រវែងស្លាបទាំងសងខាង ២,៥ ម៉ែត្រ។
ពួកវាមានម្រាមជើងមុខវែងៗចំនួនបី និងម្រាមជើងក្រោយខ្លីមួយ។ ពួកវាមិនអាចទំនៅលើដើមឈើបានទេ ហើយដេកដោយឈរស្ងៀមធ្មឹងនៅទីតាំងជិតៗកន្លែងរកចំណីរបស់វានៃតំបន់ដីសើម។
សត្វក្រៀល វាមានដងខ្លួនធំ ហើយខ្ពស់ ព៌ណប្រផេះ ក្បាលព៌ណក្រហម ដោយមានបន្ទូលក្បាលព៌ណប្រផេះ គ្មានរោម ចំពុះវែងត្រង់ ជើងក្រហមវែង និងជាប្រភេទសត្វស្លាបដែលមិនអាចទំលើដើមឈើបាន ។
ក្រៀលតែងចេញរកចំណីជាហ្វូង ដែលបន្តពូជមិនប្រមូលផ្តុំឡើយ។សត្វក្រៀល មានភក្តីភាពរវាងគូវា ដោយបន្តពូជតែញីមួយក្បាល ឈ្មោលមួយក្បាល ប៉ុណ្ណោះ ហើយបន្តពូជនៅតំបន់ភាគឧត្តរ និង ឦិសាន ជាពិសេសខេត្តព្រះវិហារ។
ទាក់ទិនក្នុងរឿងសត្វក្រៀលនេះ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានដែលបានចុះទស្សនកិច្ចនៅតំបន់ពងកូន នៃដែនជម្រកសត្វព្រៃ លំផាត់ ស្ថិតក្នុង ស្រុកកូនមុំ ខេត្តរតនគិរី កាលពីថ្មីៗមកនេះបានបញ្ជាក់ប្រាប់ថា៖ នៅកម្ពុជា កាលពីឆ្នាំ២០២០ តាមការធ្វើជំរឿនសត្វក្រៀល មានចំនួន ១៩៤ក្បាល ក៏ប៉ុន្ដែនៅឆ្នាំ២០២១ មានការធ្លាក់ចុះនៅសល់តែ ១៦៤ក្បាលទេ ហើយនៅឆ្នាំ២០២២នេះ របាយការណ៍មិនទាន់ប្រកាសជាផ្លូវការទេ តែវាបានបង្ហាញថា ចំនួនសត្វក្រៀលនេះ គឺធ្លាក់ចុះនៅសល់ត្រឹមជាង ១៥០ក្បាល ។
ទាក់ទិនក្នុងការអភិរក្សសត្វក្រៀលនេះដែរ ឯកឧត្តម នេត្រ ភក្រ្ដា បានបញ្ជាក់ថា អង្គការជីវិតធម្មជាតិ ទទួលបានការអនុញ្ញាតពីក្រសួងបរិស្ថាន ក្នុងការចូលរួមបច្ចេកទេសអភិរក្សសត្វក្រៀលនេះ និងបានធ្វើកិច្ចការងារយ៉ាងសំខាន់ដើម្បីសហការជាមួយសហគមន៍ ការពារសំបុកពងកូន សត្វក្រៀល សត្វត្រយ៉ងយក្ស និងសត្វស្លាបកម្រមួយចំនួនទៀត។
ដោយឡែក លោក ថុល សុវណ្ណារិទ្ធ ប្រធានគម្រោង នៃអង្គការជីវិតធម្មជាតិកម្ពុជា បានឱ្យដឹងថា នៅរដូវប្រាំង សត្វក្រៀលបានផ្លាស់ប្ដូរទីជម្រកពីជុំវិញបឹងទន្លេសាប មកតំបន់ពងកូនក្នុងដែនជម្រកសត្វព្រៃលំផាត់នេះ ដើម្បីប្រើប្រាស់សម្រាប់ការពងកូនរបស់សត្វក្រៀល។
លោកថា ក្រុមការងាររបស់អង្គការ និងសហគមន៍ បានធ្វើការងារជាប្រចាំក្នុងការអភិរក្ស និងថែរក្ស សំបុកសត្វក្រៀល និងទីជម្រករបស់សត្វក្រៀលក្នុងតំបន់ពងកូននៃដែនជម្រកសត្វព្រៃលំផាត់នេះ។
គួរបញ្ជាក់ថា នាពេលថ្មីៗនេះដែរក្រុមការងារជីវចម្រុះ អង្គការ ជីវិត ធម្មជាតិនៅកម្ពុជា(NatureLife Cambodia)បានចុះអង្កេតតាមដានស្វែងរកសំបុកពងកូនរបស់ពួកគេនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ខេត្តរតនគិរី តាមវិធីសាស្រ្តនិងកាលវិភាគដែលបានចែងក្នុងពិធីសារអង្កេតតាមដាន ។ ជាលទ្ធផលនៅក្នុងខែកញ្ញា ឆ្នាំ២០២២នេះ គេបានរកឃើញសំបុកពងកូនរបស់សត្វក្រៀលចំនួន ២សំបុក សំបុកទី១ដែលបានរកឃើញមានកូនចំនួន ២ក្បាលដែលមានអាយុ ៤ថ្ងៃ និងសំបុកទី២មានកូនចំនួន ២ក្បាលមានអាយុប្រមាណ ៣០ថ្ងៃ។
អង្គការការពារជីវិតធម្មជាតិនៅកម្ពុជាបានឱ្យដឹងថា សំរាប់រដូវពងកូនឆ្នាំ២០២២ គេបានរកឃើញសំបុកពងកូនរបស់សត្វក្រៀលចំនួន៣សំបុក ហើយគិតត្រឹមថ្ងៃទី២៧ ខែកញ្ញាឆ្នាំ២០២២ ដែលនេះបង្ហាញថាដែនជម្រកសត្វព្រៃលំផាត់ គឺដើរតួយ៉ាងសំខាន់សម្រាប់គាំទ្រដល់ការរស់នៅនិងការបន្តពូជរបស់ប្រភេទសត្វកម្រជិតផុតពូជនេះ ៕ ដោយ៖ម៉ាដេប៉ូ