រដ្ឋមន្រ្តីក្រសួងព័ត៌មាន ទទួលបានពានរង្វាន់ រួមទាំងប្រកាសនីយបត្រទទួលស្គាល់«ស្នាដៃពេញមួយជីវិត» ក្នុងការជួយកសាងវិស័យព័ត៌មានក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ៣ ទសវត្សរ៍ ពី AIBD
ភ្នំពេញ ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មានត្រូវបាន វិទ្យាស្ថានអាស៊ី-ប៉ាស៊ីហ្វិក ដើម្បីអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ AIBD ផ្តល់ជូននូវពានរង្វាន់ រួមទាំងប្រកាសនីយបត្រទទួលស្គាល់«ស្នាដៃពេញមួយជីវិត» AIBD’s Lifetime Achievement Award ដែលជាការទទួលស្គាល់ស្នាដៃដ៏ធំធេងរបស់ ក្រសួងព័ត៌មានកម្ពុជា ក្នុងការជួយកសាងវិស័យព័ត៌មានក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ៣ ទសវត្សរ៍ កន្លងមកនេះ ។
ពាន«ស្នាដៃពេញមួយជីវិត» នេះត្រូវបាន ឯកឧត្តម ហាស់ សំអាត អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន បាននាំយកពីប្រទេសឥណ្ឌា កាលពីការ ប្រារព្ធមហាសន្និបាត AIBD លើកទី ២០ នាចុងខែកញ្ញា ឆ្នាំ២០២២ កន្លងមកនេះ មកប្រគល់ជូន ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដោយមានការចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធ វីដេអូ Zoom ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ នាសាលប្រជុំព្រះវិហារ ក្រសួងព័ត៌មាន ៕ ដោយ-រ៉ាវុធ