រុស្ស៊ីបញ្ជូនមនុស្សកំណែនរាប់ពាន់នាក់ទៅផ្ទះវិញ ដោយអះអាងថាមិនសមតាមកាតព្វកិច្ច
រុស្ស៊ី៖ អាជ្ញាធរនៃប្រទេសរុស្ស៊ីបានបញ្ជូនមនុស្សកំណែនរាប់ពាន់នាក់ទៅផ្ទះវិញ ដោយអះអាងថាពួកគេមិនសមតាមកាតព្វកិច្ចដែលចង់បាន ដែលក្លាយជារឿងគួរឱ្យកត់សម្គាល់មួយ សម្រាប់ផែនការជ្រើសរើសទ័ពបីសែននាក់របស់លោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន ដើម្បីយកទៅធ្វើសង្រ្គាមនៅអ៊ុយក្រែន។
អភិបាលនៃតំបន់ចុងបូព៌ា Khabarovsk របស់រុស្ស៊ី លោក Mikhail Degtyarev អះអាងក្នុងវីដេអូមួយ ដែលបង្ហោះនៅលើបណ្ដាញតេឡេក្រាម កាលពីថ្ងៃចន្ទថា ក្នុងរយៈពេល ១០ ថ្ងៃ បុរសរុស្ស៊ីជាច្រើនពាន់នាក់បានទទួលការកោះហៅ ហើយចុះឈ្មោះចូលបម្រើកងទ័ព។
លោក Degtyarev បានលើកឡើង ដោយមិនបញ្ជាក់តួលេខច្បាស់លាស់ យ៉ាងដូច្នេះថា៖ «យើងបានបញ្ជូនប្រហែលពាក់កណ្តាលនៃពួកគេឱ្យត្រលប់ទៅផ្ទះវិញ ដោយសារតែពួកគេមិនបានបំពេញតាមលក្ខខណ្ឌជ្រើសរើសសម្រាប់ការចូលបម្រើយោធា»។
លោកបន្ថែមទៀតថា ដោយសារបញ្ហានេះ លោក Yuri Laiko ដែលជាស្នងការយោធាទទួលបន្ទុកលើកំណែនក្នុងតំបន់ ត្រូវបានដកចេញពីតំណែង ប៉ុន្តែការណ៍នេះនឹងមិនប៉ះពាល់ដល់ការជ្រើសរើសទ័ពរបស់រុស្ស៊ី ដែលធំបំផុតរាប់ចាប់តាំងពីសង្រ្គាមលោកលើកទី២នោះទេ។
គួរកត់សម្គាល់ថា ផែនការកេណ្ឌទ័ពរបស់លោក ពូទីន បានធ្វើឱ្យជនជាតិរុស្ស៊ីរាប់សែននាក់ ដែលភាគច្រើនជាបុរសគ្រប់អាយុចូលកងទ័ព ភៀសខ្លួនចេញទៅក្រៅប្រទេស ដើម្បីគេចវេស ខណៈមានការរិះគន់ និងការតវ៉ាប្រឆាំងជាច្រើន បានផ្ទុះឡើងនៅតាមបណ្ដាទីក្រុងនានារបស់រុស្ស៊ី។
រុស្ស៊ីអះអាងថា បទពិសោធន៍យោធាគឺលក្ខខណ្ឌនៃការកេណ្ឌទ័ព។ ប៉ុន្តែកន្លងមក មានការរាយការណ៍ជាច្រើនដែលថា រុស្ស៊ីធ្វើការកេណ្ឌទ័ពដោយមិនគិតពីលក្ខខណ្ឌនៃតម្រូវការ ហើយសូម្បីតែមន្រ្តីវិមានក្រឹមឡាំងផ្ទាល់ក៏ទទួលស្គាល់ឧបសគ្គនេះ ដោយលើកឡើងពីបញ្ហាបច្ចេកទេសរបស់មន្រ្តីថ្នាក់ក្រោម៕
ដោយ៖ហួន ឌីណា
ប្រភព៖ Thousands of mobilised Russians sent home, deemed unfit for duty