សម្តេចតេជោ ហ៊ុន សែន លើកជាយោបល់ឱ្យតំបន់អាស៊ី សិក្សាអំពីមូលហេតុ ដែលធ្វើឱ្យវិស័យកីឡារបស់ខ្លួន ទន់ខ្សោយ បើប្រៀបធៀបទៅនឹងទ្វីបដទៃទៀត
ភ្នំពេញ៖ ថ្លែងក្នុងពិធីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី៤១ រាជធានីភ្នំពេញ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកជាយោបល់ ឱ្យតំបន់អាស៊ី សិក្សាអំពីមូលហេតុដែលធ្វើឱ្យវិស័យកីឡារបស់ខ្លួនទន់ខ្សោយ បើប្រៀបធៀបទៅនឹងទ្វីបដទៃទៀត។
ការផ្តួចផ្តើមនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចសង្កេតឃើញថា វិស័យកីឡារបស់ទ្វីបអាស៊ី ដែលមានប្រជាជនច្រើនជាងគេ បែរជាទន់ខ្សោយជាពិសេសបាល់ទាត់ ដែលសូម្បីតែការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ក៏អាស៊ីមិនបានឡើងទៅដល់ផងទេ។
សម្តេចតេជោ បានលើកឡើងថា៖ អាស៊ីរបស់យើងគួរតែពិនិត្យថា តើហេតុអ្វីទៅបានជាកីឡារបស់ទ្វីបរបស់យើងនៅទន់ខ្សោយ ជាពិសេសបើពិនិត្យអំពីបាលទាត់។ សម្តេច ថា ក្នុងតំបន់អាស៊ីគ្រាន់តែចិន និងឥណ្ឌា មានប្រជាជនជិត៣ពាន់លាននាក់ ហើយបូករួមទាំងអាស៊ានប្រមាណ ៦០០លាននាក់ទៀត គឺអាស៊ីមានប្រជាជនច្រើនណាស់ ប៉ុន្តែបើនិយាយពីបាល់ទាត់ សូម្បីតែវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក៏យើងពិបាកនឹងចូល។ សម្តេចបន្តថា ឆ្នាំនេះយើងពិតជាមានមោទនភាពដោយសារតំបន់របស់យើង ត្រូវមានព្រឹត្តិការណ៍ World Cup យើងទទួលបានផ្លែផ្កាពី ការប្រកួតនៅទីនោះ ប៉ុន្តែអ្វីដែលយើងគួរសិក្សា តើមានមូលហេតុអ្វីខ្លះ ដែលប្រជាជនចំនួនដ៏ច្រើន យើងបែរជាកីឡាទន់ខ្សោយជាងទ្វីបដទៃ បើប្រៀបធៀបនឹងអឺរ៉ុប ទ្វីបអាហ្រ្វិក និងអាមេរិកឡាទីន។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីការជួបសំណេះសំណាលជាមួយកីឡាករ ដែលចេញទៅប្រកួតនៅក្រៅប្រទេស ថា មិនប្រាកដថា ប្រទេសដែលមានប្រជាជនច្រើន វិស័យកីឡាខ្លាំងនោះទេ។ ក្រៅពីជំរុញឱ្យពង្រឹងសមត្ថភាពកីឡាអាស៊ី សម្តេច ក៏បានជំរុញឱ្យពង្រឹងវិធានការក្រមសីលធម៌ក្នុងការប្រកួតកីឡាផងដែរ ដោយសារតែថ្មីៗនេះ មានសោកនាដកម្មកើតឡើងដូចជា៖ នៅប្រទេសឥណ្ឌូនេស៊ី នៅអឺរ៉ុប និងទ្វីបដទៃ។
សម្តេចតេជោ នាយរដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា៖ វាជាការចាំបាច់ណាស់ ដែលការពង្រឹងនូវក្របខណ្ឌក្រមសីលធម៌ អំពីការប្រកួត ដែលមិនមែនគ្រាន់តែដើម្បីការឈ្នះ ក៏ប៉ុន្តែរំលោភបំពានទៅលើលក្ខខណ្ឌនៃការប្រកួត ឬប្រើអំពើហិង្សានោះទេ។ យើងមិនត្រូវមានភាពទន់ខ្សោយក្នុងផ្នែកសីលធម៌ ក្នុងការគ្រប់គ្រងខាងកីឡានោះទេ ៕ ដោយ វណ្ណលុក