ក្រោយការបញ្ចូលគ្នា៖ បក្សភ្លើងទៀនសម្រេចតែងតាំងលោក គង់ គាំ ជាឧត្តមទីប្រឹក្សា ខណៈលោក គង់ មុនីកា មិនទាន់មានតួនាទី

អត្ថបទដោយ៖
CPA

ភ្នំពេញ៖នៅទីបំផុតគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ នៅថ្ងៃទី៤ ខែតុលាឆ្នាំ២០២២ បានប្រកាសពីការរួមបញ្ចូលគ្នាជាគណបក្សតែមួយ ដោយគណបក្សឆន្ទៈខ្មែរសម្រេចចិត្តមិនដាក់បញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅក្នុងការបោះឆ្នោតថា្នក់ជាតិឆ្នាំ២០២៣។ នេះបើតាមសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន នៅថ្ងៃអង្គារទី៤ខែតុលា។

សេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន បានបញ្ជាក់ថា គណបក្សបានស្វាគមន៍ការសម្រេចចិត្តរបស់គណបក្សឆន្ទៈខ្មែរ និងស្វាគមន៍លោក គង់ គាំ អតីតប្រធានគណបក្ស សម រង្ស៊ី និងបច្ចុប្បន្នជាប្រធានកត្តិយសគណបក្សឆន្ទៈខ្មែរ ដែលបានចូលរួមជាមួយគណបក្សភ្លើងទៀន។ ជាមួយគណបក្សភ្លើងទៀន លោក គង់ គាំ ត្រូវបានតែងតាំងជាឧត្តមទីប្រឹក្សាគណបក្ស។

លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន បានបញ្ជាក់បន្ថែមថា ការតែងតាំងលោក គង់ គាំ ជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន គឺផ្អែកទៅតាមការសម្រេចរបស់គណបក្ស។ ក៏ប៉ុន្តែយ៉ាងណា លោក គង់ មុនីកា ដែលបច្ចុប្បន្នជាប្រធានគណបក្សឆន្ទៈខ្មែរ នៅមិនទាន់ទទួលបានតួនាទីអ្វីពីគណបក្សភ្លើងទៀន នៅឡើយ បើទោះជាបានរួមបញ្ចូលគ្នា។

លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ បញ្ជាក់ថា៖ «ការតែងតាំងលោក គង់ គាំ ជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន មិនមានបញ្ហាទាស់អ្វីនោះទេ ព្រោះតួនាទីនេះមិនមានអ្នកសម្រេចកិច្ចការអ្វីឱ្យគណបក្សភ្លើងទៀនឡើយ។ ផ្ទុយមកវិញ លោក គង់ គាំ គ្រាន់តែអ្នកផ្តល់យោបល់ និងយុទ្ធសាស្ត្រនយោបាយប៉ុណ្ណោះ។

នៅខណៈដែលលោក គង់ មុនីកា មិនទាន់ទទួលបានតួនាទីអ្វីពីគណបក្សភ្លើងទៀន លោកអះអាងថា លោកមិនមានភាពទោសមន្សអ្វីនោះដែរ។ លោកថា៖ «បំណងរួមរបស់យើង គឺធ្វើយ៉ាងណាឱ្យកម្លាំងអ្នកប្រជាធិបតេយ្យរួមគ្នាសិន ដោយយើងមិនទាន់គិតអំពីតួនាទី បញ្ហាកូតា ឬក៏អ្វីផ្សេងនោះទេ»។

គួរបញ្ជាក់ថា គណបក្សឆន្ទៈខ្មែរ នៅថ្ងៃចន្ទ ទី៣តុលា បានចេញសេចក្តីថ្លែងការណ៍មួយ ដោយប្រកាសអំពីការមិនដាក់បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ឆ្នាំ២០២៣ខាងមុខ ព្រោះគណបក្សបានសម្រេចចូលរួបរួមជាមួយគណបក្សភ្លើងទៀន។

ប្រធានគណបក្សឆន្ទៈខ្មែរ លោក គង់ មុនីកា បានបញ្ជាក់បន្ថែមទៀតថា ជំជំហានបន្ទាប់គណបក្សឆន្ទៈខ្មែរនឹងត្រូវព្យួរសកម្មភាពមួយរយៈ ដោយទុកតែសំបកគណបក្សចាំផ្ទះតែប៉ុណ្ណោះ។ យ៉ាងណានៅពេលសួរថា តើគណបក្សឆន្ទៈខ្មែរនឹងត្រូវរំលាយឬយ៉ាងណា លោក គង់ មុនីកា អះអាងថា នឹងគិតគូបន្តទៀត អំពីការរួបរួមជាមួយគណបក្សភ្លើងទៀននេះ អាចនឹងត្រូវប្រកាសជាគណបក្សតែមួយ នៅមុនឬក្រោយការបោះឆ្នោតថ្នាក់ជាតិ២០២៣មកដល់៕

ដោយ៖ សេក ប្រាក់

ads banner