អាមេរិកនិងហ្វីលីពីនធ្វើសមយុទ្ធយោធារួមគ្នាដើម្បីត្រៀមខ្លួនប្រសិនកើតមានជម្លោះនៅសមុទ្រចិនខាងត្បូងនិងច្រកសមុទ្រ​តៃវ៉ាន់

ហ្វីលីពីន៖ប្រទេសហ្វីលីពីន និងសហរដ្ឋអាមេរិកនៅថ្ងៃចន្ទទី០៣ ខែតុលាឆ្នាំ២០២២ បានចាប់ផ្ដើមសមយុទ្ធយោធា​ទ្រង់ទ្រាយ​ធំមួយ ដែលមានឈ្មោះថា «កិច្ចសហប្រតិបត្តិការនៃអ្នកចម្បាំងសមុទ្រ»។ សមយុទ្ធយោធា ដែលនឹងអូសបន្លាយ​រហូតដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ មានការចូលរួមពីកងទ័ពជើងទឹកអាមេរិក និងហ្វីលីពីន សរុបជាង២,៥០០នាក់ នៅកោះ Palawan ភាគខាងលិចហ្វីលីពីន ដែលឈមនឹងសមុទ្រចិនខាងត្បូង និងដែនទឹកនៅភាគខាងជើងហ្វីលីពីន ត្រង់ដែនទឹកទល់មុខច្រកសមុទ្រ Luzon ឆ្ពោះទៅកាន់កោះតៃវ៉ាន់។

នៅក្នុងចំណោមកងទ័ពជើងទឹកទាំង ២,៥០០នាក់ ដែលចូលរួមនៅក្នុងសមយុទ្ធយោធានេះ មានទាហានម៉ារីនអាមេរិក​ចំនួន១,៩០០នាក់និងកងទាហានជើងទឹកហ្វីលីពីនចំនួនជាង ៦០០នាក់។ សម្រាប់សមយុទ្ធយោធា «កិច្ចសហ​ប្រតិបត្តិការ​នៃអ្នកចម្បាំងសមុទ្រ»នេះកងទ័ពជើងទឹកអាមេរិកនិងហ្វីលីពីននឹងផ្ដោតសំខាន់ទៅលើការវាយលុកនិងប្រតិបត្តិការពិសេស​​​​បាញ់គ្រាប់ពិត។ ក៏មានផងដែរ ការហាត់សមបើកយន្តហោះបាញ់កាំជ្រួច HIMARS ព្រមទាំងយន្តហោះចម្បាំងលឿន​ជាងសំឡេងរបស់អាមេរិក។

សូមជម្រាបថានេះគឺជាសមយុទ្ធយោធាប្រចាំឆ្នាំដ៏ធំបំផុតមួយរបស់ហ្វីលីពីនជាមួយសម្ព័ន្ធមិត្តអាមេរិកដែលអតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte ធ្លាប់ផ្អាកលែងធ្វើនៅក្នុងពេលដែលលោកកាន់អំណាច ដោយលោកចាត់​ទុក​​សមយុទ្ធយោធាជាមួយអាមេរិកនេះថា ជាការប្រមាថដល់ប្រទេសចិន។ យ៉ាងណាក៏ដោយ ក្រោមការដឹកនាំរបស់​ប្រធានាធិបតីថ្មីទើបជាប់ឆ្នោត លោក Ferdinand Marcos Jnr សមយុទ្ធយោធារវាងហ្វីលីពីននិងអាមេរិកចាប់ផ្ដើម​ធ្វើ​ឡើងវិញ ហើយធ្វើធំលើសពីពេលមុនៗថែមទៀត។

សមយុទ្ធយោធាដែលហ្វីលីពីនកំពុងតែធ្វើជាមួយអាមេរិកនាពេលនេះ ទំនងជាធ្វើឲ្យប្រទេសចិនមិនសប្បាយចិត្តប៉ុន្មានទេ។ នោះក៏ព្រោះតែទីតាំងនៃការធ្វើសមយុទ្ធយោធាដ៏ធំនេះ ធ្វើឡើងនៅក្នុងតំបន់ដែនទឹកដែលម្ខាងទល់មុខនឹង​សមុទ្រចិន​ខាងត្បូង ចំណែកម្ខាងទៀតនៅទល់មុខនឹង​ច្រកសមុទ្រឆ្ពោះទៅកាន់កោះតៃវ៉ាន់។ តាមរយៈទីតាំងដ៏រសើបនេះ ចង់ឬមិន​ចង់ វាបង្ហាញពីការប្រុងជើងព្រួល របស់ហ្វីលីពីននិងអាមេរិក ប្រសិនបើមានជម្លោះណាមួយផ្ទុះឡើង ខណៈស្ថានភាព​នៅច្រកសមុទ្រតៃវ៉ាន់កំពុងបន្ត​ស្ថិតនៅក្នុងភាពតានតឹងនៅឡើយ។

ជាការកត់សម្គាល់ សមយុទ្ធយោធានៅប្រទេសហ្វីលីពីននេះ ធ្វើឡើងស្របពេលដែលកងម៉ារីនអាមេរិក កំពុងធ្វើសមយុទ្ធ​យោធា​ស្រដៀងគ្នានេះជាមួយប្រទេសកូរ៉េខាងត្បូងនិងជប៉ុន។ ជាសមយុទ្ធយោធាដែលចាប់ផ្ដើមធ្វើកាលពីសប្ដាហ៍មុន និងដែលធ្វើឲ្យកូរ៉េខាងជើងក្ដៅស្លឹកត្រចៀក ហើយបាញ់សាកល្បងមីស៊ីលចំនួន៤លើក នៅក្នុងរយៈពេលតែមួយសប្ដាហ៍។

លោកឧត្តមសេនីយឯក Jay Bargeron នៃកងម៉ារីនទី៣របស់អាមេរិក ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន បានសង្កត់​ធ្ងន់ថា សមយុទ្ធយោធាដែលធ្វើឡើងក្នុងពេលដំណាលគ្នានេះ មានគោលបំណងពង្រឹងសមត្ថភាពការពាររបស់​សម្ព័ន្ធមិត្ត​អាមេរិកជាមួយហ្វីលីពីន និងជប៉ុន តាមរយៈការហ្វឹកហ្វឺនរួមបញ្ចូលគ្នាជាក់ស្តែង។ លោក Bargeron៖ «សមយុទ្ធទាំងនេះ​នឹងអនុញ្ញាតឱ្យកងកម្លាំងរបស់យើង​ពង្រឹងអន្តរប្រតិបត្តិការ និងការត្រៀមខ្លួនដើម្បីធានាថា យើងមានសមត្ថភាព​ឆ្លើយតបយ៉ាងឆាប់រហ័សចំពោះវិបត្តិដែលអាចកើតមាននៅទូទាំងឥណ្ឌូប៉ាស៊ីហ្វិក»។

កាលពីខែកក្កដាកន្លងទៅ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានអំពាវនាវឱ្យចិនគោរពតាម​សេចក្តីសម្រេច​របស់តុលាការមជ្ឈត្តកម្មទីក្រុងឡាអេ នៅឆ្នាំ២០១៦ ស្ដីពីជម្លោះនៅសមុទ្រចិនខាងត្បូង រវាងចិននិង​ហ្វីលីពីន។ប្រមុខការទូតអាមេរិកបានព្រមានថាទីក្រុងវ៉ាស៊ីនតោនមានកាតព្វកិច្ចការពារប្រទេសហ្វីលីពីន ក្រោមសន្ធិសញ្ញា​ការពារ​គ្នាទៅវិញទៅមករវាងសហរដ្ឋអាមេរិកនិងហ្វីលីពីនឆ្នាំ១៩៥១ប្រសិនបើកង​កម្លាំងនាវា ឬ​យន្តហោះ​របស់​ហ្វីលីពីន​ស្ថិត​ក្រោម​ការ​វាយ​ប្រហារ​នៅ​ក្នុង​ដែន​ទឹក​ជម្លោះ។

នៅក្នុងសំណុំរឿងជម្លោះសមុទ្រចិនខាងត្បូងនេះ ក្រៅពីចិន និងហ្វីលីពីន ក៏មានផងដែរ ភាគីជម្លោះដទៃទៀត ដូចជា​វៀតណាម ម៉ាឡេស៊ី តៃវ៉ាន់ និងព្រុយណេ។ ភាគីនីមួយៗបានទាមទារដែនទឹកត្រួតស៊ីគ្នា ក្នុងសមុទ្រចិនខាងត្បូង។ ជាតំបន់ដែលសម្បូរទៅដោយឧស្ម័ន និងប្រេងក្រោមបាតសមុទ្រ និងជាផ្លូវទឹកដែលមានកប៉ាល់ដឹកទំនិញក្នុងតម្លៃប៉ាន់​ប្រមាណចំនួនប្រាំពាន់ប៊ីលានដុល្លារអាមេរិក ឆ្លងកាត់ជារៀងរាល់ឆ្នាំ។

សូមជម្រាបថា ជម្លោះសមុទ្រដ៏រ៉ាំរ៉ៃ និងទំនាក់ទំនងតានតឹងកាន់តែខ្លាំងឡើងរវាងចិនដីគោក និងកោះតៃវ៉ាន់ បានក្លាយជា​ចំណុចសំខាន់នៃការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិន។ ប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រកាសជា​សាធារណៈកាលពីខែមុនថា កងកម្លាំងអាមេរិកនឹងការពារកោះតៃវ៉ាន់ ប្រសិនបើទីក្រុងប៉េកាំងព្យាយាមឈ្លានពាន​កោះ​នេះ។ ការប្រកាសរបស់ប្រមុខដឹកនាំអាមេរិកដូច្នេះ បានបង្កឱ្យមានការតវ៉ាយ៉ាងខ្លាំងពីប្រទេសចិន៕ ដោយ៖កែវ កិរិយា

ads banner