អគ្គលេខាធិការកីឡា៖ កម្ពុជានឹងទទួលបានប្រយោជន៍ជាច្រើនពីសហគមន៍អន្តរជាតិ ក្នុងការធ្វើជាម្ចាស់ផ្ទះ OCA លើកទី៤១

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) លើកទី៤១ ដែលចាប់ផ្តើមប្រព្រឹត្តទៅនាព្រឹកថ្ងៃអង្គារ ទី៤ ខែតុលានេះ នឹងធ្វើឱ្យប្រទេសកម្ពុជា ទទួលបានឱកាសក្នុងការបង្ហាញសក្ដានុពល ក្នុងដំណាក់កាលអភិវឌ្ឍ។ បន្ថែមលើនេះ មហាសន្និបាត OCA ក៏ជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ការជជែកពិភាក្សាលើព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ី ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំផងដែរ។

ជុំវិញរឿងនេះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ (CAMSOC) បានប្រាប់ថា មហាសន្និបាត មានបណ្ដាប្រទេសជាច្រើននៅអាស៊ីបានចូលរួម ហើយនេះជាការបង្ហាញនូវសក្ដានុពលរបស់ប្រទេសកម្ពុជា នៅក្នុងដំណាក់កាលដែលកំពុងអភិវឌ្ឍ និងមានសន្តិភាព។ ដូច្នេះហើយទើបផ្ដល់ឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោកលើកឡើងថា៖ «ការធ្វើជាម្ចាស់ផ្ទះនឹង ផ្ដល់អត្ថប្រយោជន៍ឲ្យកម្ពុជាជាច្រើនដូចជា បណ្ដាប្រទេសដែលមកចូលរួម សុទ្ធតែជារដ្ឋមន្ត្រី និងជាសាច់ឈាមរាជវង្សានុវង្ស និងអ្នកមុខអ្នកការនៅក្នុងវិស័យកីឡាជាតិរបស់គេ ក៏មកច្រើនដែរ។ អ៊ីចឹងយើងឃើញថា ការមកដល់នេះ មានជាង៣០០នាក់ដែលមកចូលរួមក្នុងពិធីគឺបានផ្ដល់នូវការគាំទ្រកម្ពុជារបស់យើងនៅក្នុងដំណើរឆ្ពោះទៅកាន់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម»។

លើសពីនេះទៀត ឯកឧត្តមបន្តថា ចំពោះកិច្ចប្រជុំនេះ គឺប្រជុំផ្ទៃក្នុងដែលទាក់ទងនឹងកីឡា ប៉ុន្តែមានការជួបប្រជុំជាលក្ខណៈអន្តរទ្វេភាគីរវាងរដ្ឋមន្ត្រីកីឡា និងប្រធានអូឡាំពិក ដែលបានពិភាក្សាគ្នារួមជាមួយ រដ្ឋមន្ត្រីក្រសួងអប់រំ និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មជាដើម ដើម្បីផ្លាស់ប្ដូរយោបល់ និងពង្រឹងការជួយគ្នាទៅវិញទៅមក។

លោកបន្ថែមថា៖ «កាលណាគេស្គាល់ប្រទេសយើង។ ដឹងពីយើង។អ៊ីចឹងទាំងនេះ សុទ្ធជាផលចំណេញរូបភាពនៃនយោបាយការទូត នយោបាយការបរទេស និងនយោបាយកីឡា ដូច្នេះទទួលបានភាពល្អប្រសើរ»។

សូមបញ្ជាក់ថា ក្រុមប្រឹក្សាអូឡាំពិកអាស៊ី ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៨២ នៅទីក្រុងញូវដែលីប្រទេសឥណ្ឌា។ ហើយបច្ចុប្បន្នមានទីស្នាក់ការធំ នៅប្រទេសគុយវ៉ែត ដឹកនាំដោយប្រធានស្ដីទីគឺលោក Raja Randhil Singh ជាជនជាតិឥណ្ឌា ក្រោយពីព្រះអង្គម្ចាស់ Sheikh Ahmad Al Fahad Al Sabah បានលាលែងពីតំណែងនៅឆ្នាំ២០១៩។

ក្រុមប្រឹក្សាអូឡាំពិកអាស៊ី មានសមាជិកជាគណៈកម្មាធិការជាតិអូឡាំពិកចំនួន ៤៥ប្រទេស ក្នុងទ្វីបអាស៊ី ក្នុងនោះក៏មានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាផងដែរ។ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចូលជាសមាជិកក្រុមប្រឹក្សាអូឡាំពិកអាស៊ី ឆ្នាំ១៩៩៤៕ ដោយ៖ ជា សុខនី

ads banner