កូរ៉េខាងត្បូងប្តេជ្ញាថា នឹងខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ

សេអ៊ូល៖ រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្តេជ្ញានៅថ្ងៃអង្គារទី០៤ ខែតុលានេះថា នឹងខិតខំប្រឹងប្រែងដើម្បីបង្កើតលក្ខខណ្ឌអំណោយផល ដល់ការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ប៉ុន្តែបាននិយាយថា ខ្លួននឹងពិចារណាលើជម្រើសនៃការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងកូរ៉េខាងជើងផងដែរ ប្រសិនបើទីក្រុងព្យុងយ៉ាងអនុវត្តសកម្មភាពបង្កហេតុ រួមទាំងការសាកល្បងនុយក្លេអ៊ែរ។

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានរាយការណ៍ថា ក្រសួងការបរទេសកូរ៉េខាងត្បូងបានបង្ហាញរបាយការណ៍គោលនយោបាយដល់សវនកម្មសភា ដែលក្នុងនោះបានសង្កត់ធ្ងន់លើចេតនារបស់ខ្លួន ក្នុងការរារាំងការអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងរក្សាជំហរប្រកបដោយតុល្យភាព ឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរ តាមរយៈការសន្ទនា និងការទូត។ ឯកសារនេះត្រូវបានបង្ហាញត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីកូរ៉េខាងជើងបានបាញ់បង្ហោះមីស៊ីលផ្លោងធ្លាក់ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដោយហោះពីលើផ្នែកមួយនៃទឹកដីប្រទេសជប៉ុន ដែលជាព្រឹត្តិការណ៍មិនធ្លាប់កើតឡើងចាប់តាំងពីឆ្នាំ២០១៧។

ស្របពេលជាមួយគ្នានេះដែរ រដ្ឋាភិបាលជប៉ុនបានចេញការព្រមាន អំពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើងទៅកាន់ប្រជាជននៃខេត្ត Hokkaido និង Aomori នៅភាគខាងជើងនៃប្រទេស ដោយជំរុញឱ្យប្រជាជននៅក្នុងតំបន់ដែលរងផលប៉ះពាល់ ត្រូវបង្កើនការការពារខ្លួនជាបន្ទាន់ ដើម្បីទទួលបានសុវត្ថិភាព ៕ ប្រភព៖ News 360 ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner