យ៉ាងហោចណាស់ មនុស្ស ១៥នាក់បានស្លាប់ ក្នុងហេតុការណ៍លិចទូកចំណាកស្រុក ២គ្រឿង ក្នុងដែនទឹក ប្រទេសក្រិក
អាថែន៖ ឆ្មាំសមុទ្ររបស់ប្រទេសក្រិក បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៥នាក់ បានស្លាប់នៅពេលដែលទូករបស់ពួកគេបានលិច នៅកោះឡេសបូស (Lesbos) នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ តុលា នេះ ដែលជាគ្រោះមហន្តរាយដែនសមុទ្រលើកទី២ ដែលពាក់ព័ន្ធនឹង ជនភៀសខ្លួន ចាប់តាំងពីថ្ងៃពុធសប្តាហ៍ មក។
បើតាមឆ្មាំសមុទ្រក្រិកដោយផ្អែកលើមនុស្ស ៥នាក់ដែលត្រូវបានជួយសង្គ្រោះ ទូកដឹកជនភៀសខ្លួនខាងលើដែលលិចនោះ បានដឹកមនុស្សប្រហែល ៤០នាក់ ។ រីឯទីភ្នាក់ងារជួយសង្រ្គោះបានឲ្យដឹងថា មានសាកសព ១៥នាក់ ត្រូវបានរកឃើញ ហើយមនុស្ស ២០នាក់បាត់ខ្លួន។
មកទល់នឹងពេលនេះ កប៉ាល់ឆ្មាំសមុទ្រក្រិក និងឧទ្ធម្ភាគចក្រកងទ័ពអាកាស កំពុងធ្វើប្រតិបត្តិការស្រាវជ្រាវ និងជួយសង្គ្រោះ ខណៈខ្យល់បក់បោកខ្លាំង កើតមានក្នុងតំបន់នោះ។ ការស្វែងរកកំពុងត្រូវបានធ្វើឡើងនៅតាមបណ្តោយឆ្នេរសមុទ្រដ៏ធំទូលាយនៃកោះ Lesbos ជាទីសម្រាប់ជនភៀសខ្លួនមួយ ចំនួនបានទៅដល់ច្រាំងសមុទ្រ។
អាជ្ញាធរក្រិក កាលពីថ្ងៃពុធសប្ដាហ៍នេះ បានជួយសង្គ្រោះជនភៀសខ្លួនចំនួន ៣០នាក់ បន្ទាប់ពីទូករបស់ពួកគេបានលិច ក្រោយបើកទៅបុកនឹងថ្មនៅក្រោមសមុទ្រ ចំពេលមានព្យុះនៅជិតកោះគីធីរ៉ា (Kythira) ភាគខាងត្បូងប្រទេសក្រិក៕ ប្រភពពី AFP, ដោយ៖ សារ៉ាត