សហភាពអឺរ៉ុបនៅតែត្រៀមខ្លួន ដើម្បីស្វែងរកដំណោះស្រាយការទូតបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន
ព្រុចសែល៖ តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយការទូត និងសន្តិសុខនៃសហភាពអឺរ៉ុប លោក ចូសេព បូរ៉ែល ថ្លែងថា សហភាពអឺរ៉ុបនៅតែត្រៀមខ្លួនដើម្បីស្វែងរកដំណោះស្រាយការទូត ចំពោះជម្លោះដែលកំពុងបន្តរវាងរុស្ស៊ី និងអ៊ុយក្រែន។
លោក ចូសេព បូរ៉ែល បានបញ្ជាក់យ៉ាងដូច្នេះថា យើងនឹងពង្រឹងយុទ្ធសាស្ត្ររបស់យើង ក្នុងការគាំទ្រអ៊ុយក្រែន រួមមានទាំងយោធា ហិរញ្ញវត្ថុ និងនយោបាយ ក៏ដូចជាបង្កើនសម្ពាធលើរុស្ស៊ី តាមរយៈការដាក់ទណ្ឌកម្មបន្ថែមទៀត ហើយនឹងគាំទ្រដៃគូអន្តរជាតិរបស់យើង ដើម្បីដោះស្រាយបញ្ចប់សង្រ្គាម។ ប្រមុខការទូតកំពូលអឺរ៉ុបរូបនេះ បានសង្កត់ធ្ងន់ទៀតថា នៅក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាកិច្ចការបរទេសជុំបន្ទាប់នៅថ្ងៃទី១៧ ខែតុលាខាងមុខនេះ ខ្ញុំសង្ឃឹមថា យើងអាចចាប់ផ្តើមបេសកកម្មបណ្តុះបណ្តាលរបស់យើងជាផ្លូវការដល់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។ ទន្ទឹមនឹងនោះ យើងនៅតែត្រៀមខ្លួនរួចជាស្រេច ដើម្បីស្វែងរកដំណោះស្រាយការទូត ប្រសិនបើកាលៈទេសៈវិលមកធ្វើដូច្នេះក្នុងន័យដ៏មានអត្ថន័យ។
ដោយ ឡែក រុស្ស៊ី ក៏បានព្រមានលោកខាងលិចម្តងហើយម្តងទៀតផងដែរ ដើម្បីប្រឆាំងនឹងការអូសទាញអ៊ុយក្រែន តាមរយៈការផ្គត់ផ្គង់សព្វាវុធ ដោយលើកឡើងថា ជំនួយបែបនេះគ្រាន់តែពន្យារពេលជម្លោះ និងធ្វើឱ្យមានការបំផ្លិចបំផ្លាញ ក៏ដូចជាការឈឺចាប់កាន់តែច្រើនឡើងដល់ប្រជាជនរបស់ប្រទេសនេះប៉ុណ្ណោះ ៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា