សង្គមស៊ីវិល៖ មានបញ្ហាស្មុគស្មាញខ្លះក្នុងការផ្ដល់ប័ណ្ណ សមធម៌ជូន មនុស្សចាស់សម្រាប់ទទួលបានសាច់ប្រាក់ពីរាជរដ្ឋាភិបាល

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ សង្គមស៊ីវិលឱ្យដឹងថាបញ្ហាដែលស្មុគស្មាញ ក្នុងការផ្ដល់ ប័ណ្ណសមធម៌ នេះ គឺនៅក្នុងតំបន់ភូមិ ឃុំមួយចំនួន ដែលទាក់ទងនឹង ការរៀបចំបញ្ជីចុះឈ្មោះចំនួនមនុស្សចាស់ ទទួលបានសាច់ប្រាក់ពី រាជរដ្ឋាភិបាល។

នាយកប្រតិបត្តិ អង្គការមនុស្សចាស់កម្ពុជា លោក ទុំ វីរ៉ា បានប្រាប់ ថា ពេលចាប់ផ្ដើមផ្ដល់ប័ណ្ណសមធម៌ជាលើកដំបូង មានបញ្ហា ប្រឈម ជាច្រើន ដោយសារសហគមន៍ និងមនុស្សចាស់អត់បាន យល់ពីបណ្ណនេះ ហើយគិតថាប័ណ្ណនេះមិនមានរយៈពេលកំណត់ ក្នុងការប្រើប្រាស់ជាដើម។

លោកថា ៖«ពេលខ្លះ មនុស្សចាស់យកប័ណ្ណនេះទៅស្នើសុំ អាជ្ញាធរ ឃុំ ក្នុងការបើកប្រាក់ឧបត្ថម្ភ ដែលជាបញ្ហាមិនអាចទទួលបាន»។
លោកបន្តថា ដោយសារតែមានវិធានការពីរាជរដ្ឋាភិបាល ចំពោះ មន្ត្រីថា្នក់ក្រោម បញ្ហាការប្រើប្រាស់ប័ណ្ណសមធម៌ គឺមនុស្សចាស់ មានការយល់ដឹងច្រើន ហើយក៏មិនសូវមានភាពយឺតយ៉ាវក្នុង ការបើក ប្រាក់ឧបត្ថម្ភជូនមនុស្សផងដែរ។

លោក ទុំ វីរ៉ាថា៖ «ឥលូវនេះរឿងដែលយើងឃើញថាជាបញ្ហា គឺ នៅ ក្នុងតំបន់ភូមិ ឃុំមួយចំនួន អត់ច្រើនទេ នៅក្នុងចំនួនតិចតួច ដែល ទាក់ទងជាមួយនឹងការរៀបចំ ដូចជាការចុះឈ្មោះ ចំនួនមនុស្ស ចាស់ ដែលទទួលបានបណ្ណសមធម៌ នៅពេលមានចំនួនច្រើនពេក យើង សង្កេតឃើញថា ខាងក្រសួងផែនការ មន្ទីរ និងអាជ្ញាធរភូមិ ឃុំ មូលដ្ឋាន ហាក់ដូចជាមិនចង់ធ្វើ ដោយគិតថាខ្លាចភូមិ ឃុំគាត់ សម្បូរអ្នកក្រចឹង»។

លោកបន្ថែមថា ក្រោយពីរកឃើញបញ្ហានេះហើយ យើងបាន អញ្ជើញ ថ្នាក់ក្រសួងផែនការ ដែលទទួលបន្ទុកលើប័ណ្ណសមធម៌ និងភូមិ ឃុំ មកដោះស្រាយ ប៉ុន្តែដូចជាគ្មានសកម្មភាពលើករណី ទាំងនេះ»។

ចំណែកឯកឧត្តម តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋាន សេវា សង្គម បានប្រាប់ថា មកទល់ពេលនេះគ្រួសារដែលក្រីក្រ និង ងាយរងគ្រោះ ដែលទទួលបានប័ណ្ណសមធម៌ មានជាង ៧០ ម៉ឺន គ្រួសារ ក្នុងនោះសម្រាប់មនុស្សចាស់ មានជាង៣៦ម៉ឺននាក់ ដែល ទទួលបានបណ្ណសមធម៌នេះ ហើយជួបនឹងការប្រឈមខ្លះដែរ ដោយ សារ តែការងារនេះត្រូវសហការពីអាជ្ញាធរថ្នាក់ជាតិ រហូតដល់ថ្នាក់ ក្រោម។

ឯកឧត្តមបន្តថា៖ «បញ្ហាថ្នាក់ក្រោមជាតិ គឺពាក់ព័ន្ធទៅនឹង អាជ្ញាធរ មូលដ្ឋាន មានក្រុមព្រឹក្សាឃុំ ជាមួយមេភូមិ។មេភូមិខ្លះច្បាស់ទៅ គឺអត់អីទេ តែមេភូមិខ្លះទៀតអត់ច្បាស់ គឺពិបាកបន្តិច។ ដូច្នេះ ហើយការងារ នឹងយើងធ្វើច្រើនឆ្នាំហើយ មិនសូវមាន ការ ប្រឈម ទេ»។
សូមបញ្ជាក់ថា នៅដើមឆ្នាំ២០២១ថ្មីៗនេះ តាមរយៈរបាយការណ៍ ស្រាវជ្រាវរបស់វិទ្យាស្ថានជាតិសង្គមកិច្ច បានឲ្យដឹងថាមនុស្សវ័យ ចាស់ប្រមាណ៥៥ភាគរយ បានរងផលប៉ះពាល់ផ្នែកប្រាក់ចំណូល ដោយសារមិនទាន់បំពេញតម្រូវការមូលដ្ឋានរបស់ពួកគាត់ក្នុងការរស់នៅ។ ចំណែកនៅសល់ ៤៥ភាគរយទៀត ទទួលបានការឧបត្ថម្ភ សាច់ប្រាក់ពីរាជរដ្ឋាភិបាល ក្នុងកំឡុងពេលនៃការរីករាល ដាលជំងឺ កូវីដ ១៩៕
ដោយ៖ជា សុខនី

ads banner