អ្នកជំនាញ៖ ឥរិយាបថទន់ភ្លន់របស់ស្រ្តីខ្មែរគឺជាភាពទាក់ទាញ មួយដែលធ្វើឱ្យភ្ញៀវទេសចរចងចាំពីកម្ពុជា
ភ្នំពេញ៖ ក្នុងវិស័យអ្វីក៏ដោយភាពស្មើគ្នានៃយេនឌ័រនៅក្នុងការ បំពេញ ការងារគឺជារឿងសំខាន់បំផុត។ សំខាន់នៅត្រង់ថា ភេទ ទាំងពីរ ត្រូវបានធំធាត់ឡើងដោយឆ្លងកាត់ការអប់រំខុសគ្នា ហេតុ ដូច្នេះ ទើប យើងត្រូវការការចូលរួមពីភេទទាំងពីរដើម្បីបំពេញ ភាព ខ្វះខាតឱ្យគ្នាទៅវិញទៅមក។
នៅក្នុងវិស័យទេសចរណ៍ក៏ដូចគ្នា ស្រ្តីបានដើរតួនាទីយ៉ាងសំខាន់ លើ ការងារថែទាំ និងការងារសម្អាត ខណៈពេលដែលបុរសកំពុង បំពេញការងារសំខាន់ៗនៅតាមមន្ទីរ និងក្រសួង។ ទាំងនេះជា ការឆ្លើយ តបដ៏ល្អ និងជាការណ៍ដែលមិនអាចខ្វះនូវភាគីណាឡើយ នៅក្នុងកិច្ចការងារបម្រើសេវាកម្ម ទេសចរណ៍។
ពីវិស័យឯកជន លោកស្រី ឆាយ ស៊ីវលីន បានលើក ឡើងថា ស្រ្តីពិត ជាដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការបម្រើសេវាកម្ម ទេសចរណ៍ ប្រាក ដមែន។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា រូបនេះបានលើក ឡើង ពីតួនាទីរបស់ស្ត្រីនៅក្នុងច្រវាក់ផលិតកម្ម ទេសចរណ៍ដោយរាប់ តាំងពីការងារ ជាវិស្វករសាងសង់ ការងារទំនាក់ទំនង ការងារស្វែង រកដៃគូរចូលរួម ការងារផ្សព្វផ្សាយ ការងារជា មគ្គុទ្ទេសក៍ ការងារជា អ្នកច្នៃម្ហូប រហូតទៅដល់អ្នកប្រតិបត្តិក្នុងវិស័យបដិសណ្ឋារកិច្ច។
មិនត្រឹមតែប៉ុណ្ណោះ វត្តមានរបស់ស្ត្រីនៅក្នុងវិស័យទេសចរណ៍គឺ ដើម្បី បំពេញចន្លោះប្រហោងតូចៗ ដែលអ្នកផ្សេងមិនបានគិតគូរ ដល់។
លោកស្រី ឆាយ ស៊ីវលីន៖ «ស្ត្រីក្នុងនាមជាម្ដាយ ជាមេផ្ទះ គាត់ត្រូវ បានអប់រំមកឱ្យទទួលខុសត្រូវ លើការងារតូចល្អិត ខណៈដែល បុរសជាអ្នកធ្វើការងារធំៗ…ហេតុនេះហើយការងារជាច្រើនត្រូវការស្ត្រី ទៅបំពេញភាពខ្វះចន្លោះទាំងឡាយ សំដៅធ្វើឱ្យវិស័យនេះ កាន់តែប្រសើរ។»
លោកស្រីបានសម្រាយប្រសាសន៍របស់ខ្លួនតាមរយៈឧទាហរណ៍យ៉ាងដូច្នេះថា៖«ប្រសិនបើមានភ្ញៀវ អន្តរជាតិម្នាក់ចូលមក ស្ត្រីអាចមាន ការរៀបចំកញ្ចប់ទេសចរណ៍ឱ្យភ្ញៀវនោះបានគ្រប់ជ្រុងជ្រោយ។ ដោយ ស្ត្រីជាមេផ្ទះ ពួកគេគិតពីអនាម័យ ពីការហូបចុករបស់ភ្ញៀវ បានល្អិតល្អន់ ពួកគេយល់ពីការ ទទួលស្វាគមន៍ប្រកបដោយ ភាព កក់ក្ដៅ»។
លោកស្រីបញ្ជាក់ថា៖ « និយាយជារួមឥរិយាបថទន់ភ្លន់របស់ ស្រ្តីគឺជាភាពទាក់ទាញ មួយដែលធ្វើឱ្យភ្ញៀវចងចាំពីប្រទេស កម្ពុជាបានច្រើន»។
ម្យ៉ាងទៀត និងដែលសំខាន់បំផុតនោះគឺស្ត្រីមានភាពអំណត់ ជាង បុរសនៅក្នុងការបំពេញការងារ ជាពិសេសការដោះស្រាយជាមួយ ភ្ញៀវទេសចរ។
លោកស្រីគូសបញ្ជាក់ផងដែរថា ៖«មិនមែនជាការបង្អាប់ ភេទជា បុរស នោះទេ តែផ្ទុយទៅវិញនេះគឺជាការធ្វើឱ្យស្មើ ភាពគ្នារវាងភេទ ទាំង ពីរនៅក្នុងវិស័យការងារ។ ជាពិសេសគឺ ធ្វើឱ្យវិស័យទេសចរណ៍ ប្រព្រឹត្តិទៅដោយមិនមានចន្លោះប្រហោង ឬបើមានក៏ក្នុងទំហំតិច តួចបំផុត»។
កាលពី៤ ខែតុលា ក្រសួងទេសចរណ៍បានបើកកិច្ចប្រជុំបូកសរុប លទ្ធផលការងារនារី និងយេនឌ័រក្នុងវិស័យទេសចរណ៍ត្រីមាសទី៣ ឆ្នាំ២០២២ ដោយបានលើកឡើងថា «ស្ត្រីជាផ្នែកមួយ នៃការប្រែ ក្លាយ ទេសចរណ៍កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព ផ្តល់ភាព កក់ក្តៅ ស្អាត និងបៃតង»។
បើតាមការបញ្ជាក់របស់ក្រសួងទេសចរណ៍ដដែល នៅក្នុងដំណើរ នៃការលើកកម្ពស់សមភាពយេនឌ័រ របស់ខ្លួនកន្លងមកបាន សម្រេច ការងារដូចជា៖ អនុវត្តកម្មវិធីពង្រឹងសមត្ថភាពស្រ្តី តាមរយៈវគ្គ បណ្ដុះ បណ្ដាល សិក្ខាសាលា និងកិច្ចប្រជុំនានាបាន ដែលមានអ្នក ចូលរួមសរុបចំនួន ៨១៣នាក់ ក្នុងនោះមានស្ត្រី៦៥៣នាក់។
វិស័យទេសចរណ៍កម្ពុជាទើបចាប់ផ្ដើមងើបឡើងបន្ទាប់ពីបានដាំក្បាលចុះនៅពេលផ្ទុះជំងឺកូវីដ១៩។កម្ពុជារំពឹងថានឹងអាចបានទទួលភ្ញៀវទេចរណ៍អន្តរជាតិ ជាង១,៥លាននាក់ទៅ២លាននាក់នៅដំណាច់ឆ្នាំនេះ។
ក្រសួងទេសចរណ៍កត់សម្គាល់ថា ស្ត្រីបានចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពទីក្រុងស្អាត ការថែរក្សាអនាម័យ សោភ័ណ ភាព និងពង្រឹងគុណភាពផលិតផល។ ស្ត្រីភាគច្រើនជាអ្នកបម្រើការផ្ទាល់នៅនឹងកន្លែងបន្ទប់ទឹក បង្គន់ សាធារណ: ផ្ទះបាយ ឬកន្លែងចម្អិន ម្ហូបអាហារ ស្ត្រីជា អ្នកដើរផ្សារ ជាមេផ្ទះ ជាអ្នកបោសជូត សម្អាត និងជាអ្នកអប់រំ កូនចៅនៅ ក្នុង គ្រួសារ ដែលការងារទាំង នេះជះឥទ្ធិពល ទៅនឹង បរិស្ថាន អនាម័យ ទីក្រុងស្អាត តាមរយ:ការវេចខ្ចប់ទុកដាក់ សំរាម ការប្រើប្រាស់ ថង់ ប្លាស្ទីក និងផលិត ផលក្នុងស្រុក៕
ដោយ៖កែវ បុស៉្បា