តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំ អ.ស.ប ៖ របាយការណ៍របស់អ្នករាយការណ៍ពិសេសមិនបានឆ្លុះបញ្ចាំងនូវការពិតលើទិដ្ឋភាពជាច្រើន

ភ្នំពេញ៖ នៅក្នុងកិច្ចសន្ទនាអន្តរសកម្មជាមួយអ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងហ្សឺណែវ ឯកអគ្គរាជទូតនិងតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅហ្សឺណែវ បានផ្តល់នូវការសង្កេតចំពោះរបាយការណ៍របស់អ្នករាយការណ៍ពិសេស ដូចតទៅ៖
-កត់សម្គាល់ឃើញថា របាយការណ៍របស់អ្នករាយការណ៍ពិសេស ទទួលស្គាល់យ៉ាងសង្ខេបនិងតិចតួចនូវទិដ្ឋភាពវិជ្ជមាន នៅកម្ពុជា។
-សោកស្តាយចំពោះរបាយការណ៍ ដែលមិនបានឆ្លុះបញ្ចាំងនូវការពិតលើទិដ្ឋភាពជាច្រើន ដោយមិនលើកឱ្យមានតុល្យភាពនិងពេញលេញ នូវអង្គហេតុនិងអង្គច្បាប់ ដែលផ្តល់ដោយស្ថាប័នជាច្រើនរបស់រដ្ឋ បើទោះបីជារាជរដ្ឋាភិបាលបានផ្តល់កិច្ចសហប្រតិបត្តិការពិតប្រាកដយ៉ាងណាក៏ដោយ។ ដោយផ្អែកទៅលើមូលដ្ឋានមិនពេញលេញនោះ អ្នករាយការណ៍ពិសេសបានធ្វើការសន្និដ្ឋានដែលមានចរិតនយោបាយ។
-កង្វះភស្តុតាងរឹងមាំបានធ្វើឱ្យប៉ះពាល់ដល់ភាពអាចទុកចិត្តបាន និងភាពមិនលម្អៀងរបស់របាយការណ៍។ តើការប្រើប្រាស់ឃ្លាដែលបង្ហាញពីភាពមិនប្រាកដប្រជា អាចចាត់ទុកជារបាយការណ៍មួយដែលមានលក្ខណៈសត្យានុម័ត និងគួរឱ្យទុកចិត្តបានដោយរបៀបណា? ដូចជាឃ្លាលើកឡើងថា “មនុស្សម្នាក់ប្រហែលត្រូវបានគេឃុំឃាំងដោយសារតែប្រវត្តិគ្រួសារ” និងឃ្លាដែលនិយាយថា “ហាក់បង្ហាញថា ប្រហែលជាឃាតកម្មដែលជាប់ពាក់ព័ន្ធរឿងនយោបាយ”? នេះគ្រាន់តែជាឧទាហរណ៍ត្រួសៗប៉ុណ្ណោះ។ សេចក្ដីសន្និដ្ឋានមិនច្បាស់លាស់បែបនេះបង្កឱ្យមានការកេងចំណេញខាងនយោបាយ។ ដូចគ្នានេះដែរ ការបដិសេធរបស់អ្នករាយការណ៍ពិសេស ពុំផ្តល់ភស្តុតាងវេជ្ជសាស្រ្តចំពោះបុគ្គលដែលគាត់បានអះអាងថា មានជំងឺអូទីហ្សឹម នាំឱ្យមានការចោទសួរលើការគោរពឱ្យបានខ្ជាប់ខ្ជួនចំពោះក្រមសីលធម៌ ដែលតម្រូវឱ្យអ្នករាយការណ៍ពិសេសត្រូវធ្វើការសន្និដ្ឋាន ដោយផ្អែកលើការពិត។
-របាយការណ៍ក៏មានភាពអត្តនោម័ត និងជ្រើសរើសតែមួយជ្រុង។ ការលើកឡើងថា “ បេក្ខជនឈរឈ្មោះបោះឆ្នោតមួយចំនួនធំ ត្រូវបានដកចេញពីបញ្ជី ក្នុងឆ្នាំ២០២២ ក្នុងកាលៈទេសៈគួរឱ្យសង្ស័យ ” ពុំមានមូលដ្ឋានគ្រប់គ្រាន់ឡើយ។ ការពិត សេចក្តីសម្រេចត្រូវបានធ្វើឡើង ដោយគោរពយ៉ាងខ្ជាប់ខ្ជួនតាមច្បាប់បោះឆ្នោតឃុំសង្កាត់ និងផ្អែកលើភស្តុតាងជាក់ស្តែង សក្ខីកម្ម និងចម្លើយសារភាពទាក់ទងនឹងឯកសារក្លែងបន្លំ និងការញុះញង់ឱ្យមានការរើសអើង អំពើហិង្សា និងការស្អប់ខ្ពើម។
-គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចាត់ចែងដោះស្រាយរាល់បណ្តឹងតវ៉ាដោយគ្មានការរើសអើង។ ជាឧទាហរណ៍ តាមបណ្តឹងតវ៉ារបស់បេក្ខជនបក្សប្រឆាំង គ.ជ.ប បានសម្រេចឱ្យលុបចោលការផាកពិន័យជាទឹកប្រាក់ និងរក្សាសិទ្ធិបោះឆ្នោតនិងឈរឈ្មោះបោះឆ្នោតរបស់បេក្ខជនបក្សប្រឆាំងចំនួន១៥រូប។
-សមាជិកទាំង៩រូបរបស់ គ.ជ.ប មានសមាសភាពមកពីពហុបក្ស និងលាលែងពីនយោបាយ ព្រមទាំងមានតំណាងសង្គមស៊ីវិលមួយរូប ដែលត្រូវបានជ្រើសរើសដោយកុងសង់ស៊ីស។

គួរបញ្ជាក់ថា គណៈប្រតិភូសរុបចំនួន៣៩ប្រទេស បានចូលរួមកិច្ចសន្ទនាអន្តរសកម្មជាមួយអ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងហ្សឺណែវ។

គណៈប្រតិភូចំនួន៣០ បានថ្លែងគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែង វឌ្ឍនភាព និងសមិទ្ធផល ដែលកម្ពុជា សម្រេចបានក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សលើទិដ្ឋភាពជាច្រើន ព្រមទាំងបានអំពាវនាវឱ្យអ្នករាយការណ៍ពិសេស ប្រកាន់យកវិធីសាស្រ្តការងារប្រកបដោយតុល្យភាពនិងស្ថាបនា ដោយយកចិត្តទុកដាក់ចំពោះយោបល់របស់រាជរដ្ឋាភិបាល និងកាលៈទេសៈរបស់ប្រទេស។ គណៈប្រតិភូបានកោតសរសើរចំពោះជោគជ័យ ដែលមានជាអាទិ៍ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាពិសេសយុទ្ធនាការចាក់ស្រោចវ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាជនស្ទើរទូទាំងប្រទេស និងគំនិតផ្តួចផ្តើមនៃកម្មវិធីគាំពារសង្គមជាច្រើន ដើម្បីជួយដល់ស្ត្រី បុគ្គលិកកម្មករដែលត្រូវបានព្យួរពីការងារ និងក្រុមងាយរងគ្រោះ សេរីភាពសាសនា កំណើនអត្រាអក្ខរកម្ម ព្រមទាំងកិច្ចពិគ្រោះយោបល់យ៉ាងទូលំទូលាយជាមួយភាគីពាក់ព័ន្ធជាច្រើនវិស័យ ក្នុងការតាក់តែងសេចក្ដីព្រាងច្បាប់ ស្ដីពីស្ថាប័នសិទ្ធិមនុស្សជាតិ។

វាគ្មិនខ្លះបានសម្តែងការស្វាគមន៍ចំពោះជោគជ័យនៃការបោះឆ្នោតឃុំសង្កាត់ ដោយមានគណបក្សនយោបាយចំនួន០៩ បានឈ្នះអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ទូទាំងប្រទេស និងកិច្ចខិតខំប្រឹងប្រែងក្នុងការធានាឱ្យការបោះឆ្នោតនេះ បានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ មានសណ្តាប់ធ្នាប់ សន្តិភាព និងតម្លាភាព។ គណៈប្រតិភូក៏បានទទួលស្គាល់ផងដែរ ចំពោះជោគជ័យរបស់កម្ពុជា ក្នុងការដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីពាក់ព័ន្ធនឹងអាស៊ាន កាលពីខែសីហា ឆ្នាំ២០២២កន្លងទៅ។

ដោយឡែក គណៈប្រតិភូចំនួន០៩ប្រទេសផ្សេងទៀត បានចូលរួមក្នុងកិច្ចពិភាក្សាខាងលើ ដោយបញ្ចេញមតិទិតៀន និងអំពាវនាវឱ្យកម្ពុជាលើកកម្ពស់លំហពលរដ្ឋនិងនយោបាយ រួមទាំងការគោរពបន្ថែមទៀតនូវសេរីភាពនៃការបញ្ចេញមតិ សារព័ត៌មាន និងការប្រមូលផ្តុំដោយសន្តិវិធី ព្រមទាំងឯករាជ្យភាពរបស់ប្រព័ន្ធតុលាការ។ ទន្ទឹមនេះ គណៈប្រតិភូទាំងនោះស្ទើរទាំងអស់បានស្វាគមន៍កិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់របស់កម្ពុជា ជាមួយយន្តការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ រួមទាំងការសម្របសម្រួលទស្សនកិច្ចរបស់អ្នករាយការណ៍ពិសេសនៅប្រទេសកម្ពុជា និងវឌ្ឍនភាពនៃសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ ជាពិសេសក្នុងវិស័យសុខាភិបាល។ គណៈប្រតិភូទាំងនោះក៏បានកត់សម្គាល់ជាវិជ្ជមានអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងប្រព័ន្ធគាំពារសង្គម លើកកម្ពស់ការយល់ដឹងពាក់ព័ន្ធនឹងសហគមន៍អ្នកស្រលាញ់ភេទដូចគ្នា កិច្ចការបង្ការអំពើហិង្សាខាងយេនឌ័រ និងកំណែទម្រង់កិច្ចគាំពារជនមានពិការភាព។ វាគ្មិនខ្លះបានលើកឡើងអំពីការត្រឡប់ដោយផ្នែកខ្លះមករកពហុបក្សតាមរយៈការបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០២២ វឌ្ឍនភាពឆ្ពោះទៅការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ និងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់សេរីភាពជាមូលដ្ឋាន៕
ដោយ៖ពលជ័យ

ads banner