សិទ្ធិមនុស្សក្នុងវិស័យជាច្រើននៅកម្ពុជា ត្រូវបានលើកសរសើរក្នុងកិច្ចពិភាក្សារបស់អង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ
ភ្នំពេញ៖ គណៈប្រតិភូសរុបចំនួន៣៩ប្រទេស បានចូលរួមកិច្ចសន្ទនាអន្តរសកម្មជាមួយអ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងហ្សឺណែវ។
យោងតាមសេចក្តីថ្លែងការណ៍ព័ត៌មានរបស់ស្ថានបេសកកម្មអចិន្រ្តៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិនិងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា គណៈប្រតិភូចំនួន៣០ បានថ្លែងគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែង វឌ្ឍនភាព និងសមិទ្ធផលដែលកម្ពុជាសម្រេច បានក្នុងការលើកកម្ពស់និងការពារសិទ្ធិមនុស្សលើទិដ្ឋភាពជាច្រើនព្រមទាំងបានអំពាវនាវឱ្យអ្នករាយការណ៍ពិសេសប្រកាន់យកវិធីសាស្រ្តការងារប្រកបដោយតុល្យភាព និងស្ថាបនាដោយយកចិត្តទុកដាក់ចំពោះយោបល់របស់រាជរដ្ឋាភិបាល និងកាលៈទេសៈរបស់ប្រទេស។
គណៈប្រតិភូបានកោតសរសើរចំពោះជោគជ័យ ដែលមានជាអាទិ៍ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាពិសេសយុទ្ធនាការចាក់ស្រោចវ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាជនស្ទើរទូទាំងប្រទេសនិងគំនិតផ្តួចផ្តើមនៃកម្មវិធីគាំពារ សង្គមជាច្រើន ដើម្បីជួយដល់ស្ត្រី បុគ្គលិកកម្មករដែលត្រូវបានព្យួរពីការងារ និងក្រុមងាយរងគ្រោះ សេរីភាព សាសនា កំណើនអត្រាអក្ខរកម្មព្រមទាំងកិច្ចពិគ្រោះយោបល់យ៉ាងទូលំទូលាយជាមួយភាគីពាក់ព័ន្ធជាច្រើនវិស័យ ក្នុងការតាក់តែងសេចក្ដីព្រាងច្បាប់ ស្ដីពីស្ថាប័នសិទ្ធិមនុស្សជាតិ។
ប្រភពដដែលបន្តថា វាគ្មិនខ្លះបានសម្តែងការស្វាគមន៍ចំពោះជោគជ័យនៃការបោះឆ្នោតឃុំសង្កាត់ដោយមានគណបក្សនយោបាយចំនួនប្រាំបួន បានឈ្នះអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ទូទាំងប្រទេស និងកិច្ចខិតខំប្រឹងប្រែងក្នុងការធានាឱ្យការបោះឆ្នោតនេះ បានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ មានសណ្តាប់ធ្នាប់ សន្តិភាព និងតម្លាភាព។ គណៈប្រតិភូក៏បានទទួលស្គាល់ផងដែរចំពោះជោគជ័យរបស់កម្ពុជាក្នុងការដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីពាក់ព័ន្ធនឹងអាស៊ាន កាលពីខែសីហា ឆ្នាំ២០២២កន្លងទៅ។
ដោយឡែកគណៈប្រតិភូចំនួនប្រាំបួនប្រទេសផ្សេងទៀត បានចូលរួមក្នុងកិច្ចពិភាក្សាខាងលើដោយបញ្ចេញមតិ ទិតៀននិងអំពាវនាវឱ្យកម្ពុជាលើកកម្ពស់លំហពលរដ្ឋ និងនយោបាយរួមទាំងការគោរពបន្ថែមទៀតនូវសេរីភាពនៃការបញ្ចេញមតិ សារព័ត៌មាន និងការប្រមូលផ្តុំដោយសន្តិវិធី ព្រមទាំងឯករាជ្យភាពរបស់ប្រព័ន្ធតុលាការ។
ទន្ទឹមនេះ គណៈប្រតិភូទាំងនោះស្ទើរទាំងអស់បានស្វាគមន៍កិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់របស់កម្ពុជា ជាមួយយន្តការសិទ្ធិមនុស្សអង្គការសហប្រជាជាតិរួមទាំងការសម្របសម្រួលទស្សនកិច្ចរបស់អ្នករាយការណ៍ពិសេសនៅប្រទេសកម្ពុជា និងវឌ្ឍនភាពនៃសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ ជាពិសេសក្នុងវិស័យសុខាភិបាល។
គណៈប្រតិភូទាំងនោះក៏បានកត់សម្គាល់ជាវិជ្ជមានអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងប្រព័ន្ធគាំពារសង្គម លើកកម្ពស់ការយល់ដឹងពាក់ព័ន្ធនឹងសហគមន៍អ្នកស្រលាញ់ភេទដូចគ្នា កិច្ចការបង្ការអំពើហិង្សាខាងយេនឌ័រ និងកំណែទម្រង់កិច្ចគាំពារជនមានពិការភាព។
វាគ្មិនខ្លះបានលើកឡើងអំពីការត្រឡប់ដោយផ្នែកខ្លះមករកពហុបក្សតាមរយៈការបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០២២ វឌ្ឍនភាពឆ្ពោះទៅការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ និងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់សេរីភាពជាមូលដ្ឋាន៕
ដោយ៖ពលជ័យ