ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអ.ស.ប ហៅការរិះគន់របស់អ្នករាយការណ៍ពិសេសអំពីការគ្រប់គ្រងដោយឯកបក្ស គឺធ្វើទ្បើងដោយប្រាសចាកពីការពិត
ភ្នំពេញ៖ ឯកអគ្គរាជទូតនិងតំណាងអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ(អ.ស.ប) និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ បានឆ្លើយតបទៅនឹងអ្នករាយការណ៍ពិសេសនៅក្នុងកិច្ចសន្ទនាអន្តរសកម្មជាមួយអ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងហ្សឺណែវ លើប្រធានបទមួយចំនួនផ្សេងទៀត និងបានហៅការរិះគន់របស់អ្នករាយការណ៍ពិសេសអំពីការគ្រប់គ្រងដោយឯកបក្ស គឺធ្វើទ្បើងដោយប្រាសចាកពីការពិត។
ឯកអគ្គរាជទូត បានសង្កត់ធ្ងន់ថាអ្នករាយការណ៍ពិសេសគួរតែមានវិធានការបន្ថែមទៀតដោយមិនត្រូវបណ្ដោយឱ្យមានការប្រើប្រាស់ពាក្យសម្តីសម្អប់ការរើសអើងពូជសាសន៍ការផ្សព្វផ្សាយព័ត៌មានមិនពិត និងញុះញង់ឱ្យមានការបះបោរដែលពួនជ្រកក្រោមរូបភាពនៃសេរីភាពនៃការបញ្ចេញមតិនៅក្នុងកម្ពុជាឡើយ។
ដោយត្រូវបានបង្ហាញនៅក្នុងសេចក្តីថ្លែងការណ៍ព័ត៌មានរបស់ស្ថានបេសកកម្មអចិន្រ្តៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិនិងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ បានឆ្លើយតបទៅនឹងអ្នករាយការណ៍ពិសេស ប្រធានបទមួយចំនួនផ្សេងទៀត ដូចខាងក្រោម៖
-ការរិះគន់របស់អ្នករាយការណ៍ពិសេសអំពីការគ្រប់គ្រងដោយឯកបក្ស គឺធ្វើទ្បើងដោយប្រាសចាកពីការពិត ដោយហេតុថា អំណាចនៅកម្ពុជាត្រូវបានជ្រើសរើសស្របតាមរដ្ឋធម្មនុញ្ញ និងគោលការណ៍ប្រជាធិបតេយ្យ ដោយប្រជាជនភាគច្រើនលើសលប់នៅក្នុងឆ្នាំ២០១៨ បើទោះបីជាមានការអំពាវនាវឱ្យធ្វើពហិការមិនចូលរួមបោះឆ្នោត ដោយក្រុមមួយចំនួនដែលចង់ឱ្យមានការផ្លាស់ប្ដូរប្រាសចាកពីលទ្ធិប្រជាធិបតេយ្យយ៉ាងណាក៏ដោយ។
-កម្ពុជារក្សាបាននូវពហុនិយម ស្តែងឡើងតាមរយៈការបង្កើត “ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់” ដែលមានសមាសភាពមកពីគណបក្សនយោបាយជាប់ឆ្នោត និងមិនជាប់ឆ្នោតសរុបចំនួន១៦ ក៏ដូចជាការបោះឆ្នោតឃុំសង្កាត់ នៅខែមិថុនាកន្លងទៅ ដែលមានគណបក្សចំនួន៩ ក្នុងចំណោមគណបក្សប្រកួតប្រជែងចំនួន១៧ បានឈ្នះអាសនៈ ក្រុមប្រឹក្សាឃុំសង្កាត់ទូទាំងប្រទេស។
-រាជរដ្ឋាភិបាលនៅតែបន្តប្តេជ្ញាចិត្ត ក្នុងការរៀបចំវេទិកាភាពជាដៃគូ ពីរដងក្នុងមួយឆ្នាំ ជាមួយអង្គការសង្គមស៊ីវិល។ ជាមួយគ្នានេះ ក្រុមការងារធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលបានបញ្ចប់ការពិនិត្យ លើមាត្រាចំនួន១៤ ដែលត្រូវបានស្នើឱ្យមានការធ្វើវិសោធនកម្ម ហើយសិក្ខាសាលាពិគ្រោះយោបល់បន្ទាប់ជាមួយអង្គការសង្គមស៊ីវិល នឹងត្រូវរៀបចំឡើង នៅចុងឆ្នាំ២០២២នេះ។
-ប្រព័ន្ធផ្សព្វផ្សាយរិះគន់មានការផ្សាយទូលំទូលាយអាស្រ័យដោយវត្តមានដ៏រស់រវើកនៃប្រព័ន្ធផ្សព្វផ្សាយជាង២.០០០អង្គភាព។ ការទទួលបានប្រភពព័ត៌មានចម្រុះរបស់ពលរដ្ឋ កាន់តែមានសន្ទុះខ្លាំងឡើងៗអាស្រ័យដោយតម្លៃអ៊ីនធឺណិតទូរស័ព្ទចល័តនៅកម្ពុជាមានតម្លៃទាបបំផុតក្នុងតំបន់។ ប្រការទាំងអស់នេះបញ្ជាក់ពីការប្ដេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ក្នុងការលើកកម្ពស់សេរីភាពបញ្ចេញមតិ និងប្រព័ន្ធផ្សព្វផ្សាយ។
-អ្នករាយការណ៍ពិសេសគួរតែមានវិធានការបន្ថែមទៀតដោយមិនត្រូវបណ្ដោយឱ្យមានការប្រើប្រាស់ពាក្យសម្តីសម្អប់ការរើសអើងពូជសាសន៍ការផ្សព្វផ្សាយព័ត៌មានមិនពិតនិងញុះញង់ឱ្យមានការបះបោរដែលពួនជ្រកក្រោមរូបភាពនៃសេរីភាពនៃការបញ្ចេញមតិ នៅក្នុងកម្ពុជាឡើយ។
-ពាក់ព័ន្ធនឹងអ្វីដែលគាត់ហៅថា ជាការកាត់ក្តីទ្រង់ទ្រាយធំ អ្នករាយការណ៍ពិសេសពុំបានវាយតម្លៃព័ត៌មានដែលទទួលបានឱ្យបានហ្មត់ចត់ និងមិនធ្វើនយោបាយូបនីយកម្ម។ ការពិតការកាត់ក្តីនេះ មានជាប់ទាក់ទិននឹងផែនការវិលត្រឡប់ចូលមកកម្ពុជាវិញក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ ឬត្រូវបានគេស្គាល់ថា”ព្រឹត្តិការណ៍៩/១១” របស់អ្នកនយោបាយម្នាក់ និងបក្ខពួកសមគំនិត ដែលបានញុះញង់ឱ្យមានការបះបោរ និងរៃអង្គាសប្រមូលថវិកាដើម្បីចិញ្ចឹមកម្លាំងខុសច្បាប់។ មេខ្លោងរៀបចំព្រឹត្តិការណ៍ខាងលើនេះ ត្រូវបានអ្នករាយការណ៍ពិសេសអាណត្តិមុនធ្វើការថ្កោលទោសនៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សនេះកាលពីឆ្នាំ២០១៩ ចំពោះការប្រើភាសាបរិហារកេរ្តិ៍ និងការញុះញង់ផ្តួលរំលំរដ្ឋាភិបាល ដែលបានជ្រើសតាំងដោយប្រជាជន។
-ដូចដែលអ្នករាយការណ៍ពិសេសបានគូសបញ្ជាក់ក្នុងបទបង្ហាញ កម្ពុជាបានដាក់ចេញនូវវិធានការខ្លាំងក្លាសំដៅពង្រឹងដំណើរការថ្នាក់ជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើឆបោក និងល្បែងតាមប្រព័ន្ធអ៊ីនធឺណិត និងការជួញដូរមនុស្ស ដោយទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ក្នុងរយៈកាលជាច្រើនខែកន្លងមកនេះ។ តាមរយៈយន្តការដែលមានស្រាប់ រួមទាំង “គណៈបញ្ជាការ” ការទទួលបណ្តឹងតាមអ៊ីនធឺណិតនិងបណ្តាញទូរស័ព្ទ បន្ទាន់ជាភាសាខ្មែរនិងភាសាបរទេស រាជរដ្ឋាភិបាលបន្តប្តេជ្ញាចិត្តក្នុងការទប់ស្កាត់ បង្ក្រាបប្រតិបត្តិការជួយសង្គ្រោះឱ្យបានទាន់ពេលវេលា និងការកាត់ទោសដោយសហការយ៉ាងជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
-ឯករាជ្យភាពរបស់ប្រព័ន្ធតុលាការ ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ។ មានឧទាហរណ៍ជាច្រើន បង្ហាញថាអ្នកគាំទ្របក្សកាន់អំណាចក៏ត្រូវបានកាត់ទោសដូចគ្នាដែរ ដោយតុលាការក្នុងប្រទេសកម្ពុជា។
តំណាងអចិន្ត្រៃយ៍កម្ពុជា បានថ្លែងបញ្ចប់ដោយគូសបញ្ជាក់ថា សិទ្ធិមនុស្សមិនផ្តោតលើភាពល្អឥតខ្ចោះនោះទេ ប៉ុន្តែគឺជាការត់រយៈចម្ងាយវែង និងផ្តោតលើវឌ្ឍនភាព។ អ្នកតាមដានដែលយុត្តិធម៌ និងមិនលម្អៀងប្រាកដជាវាយតម្លៃកម្ពុជាដោយសុទិដ្ឋិនិយមដូចដែលយើងបានស្តាប់ឮពីគណៈប្រតិភូដ៏ច្រើនលើសលប់ក្នុងកិច្ចសន្ទនានេះ។ កម្ពុជានៅតែប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់ខ្លួនក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយដៃគូទាំងអស់ ដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅក្នុងក្របខ័ណ្ឌនៃនីតិរដ្ឋ ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ថែរក្សាសន្តិភាពនៅកម្ពុជាដែលសម្រេចបានដោយលំបាក និងបន្តដំណើរប្រជាធិបតេយ្យប្រកបដោយពហុនិយម ដោយឥតថយក្រោយ រួមទាំងការបោះឆ្នោតសភា នៅឆ្នាំក្រោយ ឱ្យប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ មានសណ្តាប់ធ្នាប់ សន្តិវិធី និងតម្លាភាព៕
ដោយ៖ពលជ័យ