មេគណបក្សប្រជាធិបតេយ្យមូលដ្ឋាននៅមានជំហរស្ទាក់ស្ទើរ ក្នុងពេលបក្សមួយចំនួនត្រៀមច្របាច់បញ្ចូលគ្នា
ភ្នំពេញ៖ស្របពេលនៃការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០២៣ ខិត ជិត មក ដល់គណបក្សនយោបាយមួយចំនួនបាននាំគ្នាជជែកពិភាក្សា និង ឈាន ទៅរកការច្របាច់បញ្ចូលគ្នាក្នុងពេលមុខ ដើម្បីចូលរួមប្រកួត ប្រជែង ជាមួយគណបក្សប្រជាជនកម្ពុជា។ ក៏ប៉ុន្តែសម្រាប់គណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន ដែលបានផ្តួចផ្តើមគំនិតចង សម្ព័ន្ធគ្នានៃ គណបក្សនយោបាយ នៅបង្ហាញជំហរស្ទាក់ស្ទើរអំពើការ ច្របាច់ បញ្ចូលគ្នានេះ។
លោកបណ្ឌិត យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយក គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បញ្ជាក់ថា៖ «ការសម្រេច ចុងក្រោយរបស់យើង ថាទៅមុខតែឯង ឬសហការជាមួយគណបក្ស ដទៃគឺយើងគ្រោងសម្រេចនៅខែតុលា។ ក៏ប៉ុន្តែយោងទៅ វឌ្ឍនភាព ការងារកន្លងមកនេះ យើងក៏ពន្យារពេលការសម្រេចចិត្តទៅខែធ្នូ។
លោកថា៖«គណបក្សប្រជាធិបតេយ្យមូលដ្ឋាននៅរក្សាជំហរដដែល គឺចង់ឃើញគណបក្សនយោបាយដែលប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចរករូបមន្ត ដើម្បីសហការគ្នា ដែលការសហការនេះ មានខ្លះក៏ច្របាច់បញ្ចូលគ្នា ខ្លះក៏ចែកមណ្ឌលគ្នាឈរ»។
បើតាមលោក យ៉ង សាំងកុមារ ប្រសិនបើគណបក្សនយោបាយ មិនអាចច្របាច់បញ្ចូលគ្នាបាន នោះគួរតែចែកមណ្ឌលគ្នាឈរឈ្មោះ ដើម្បីប្រកួតជាមួយគណបក្សកាន់អំណាច។
លោក យ៉ង សាំងកុមារ លើកឡើងថា៖ «ឥលូវថាភ្លើងទៀន គាត់ ធំជាងគេ មានតែគាត់ទេ អញ្ចឹងឲ្យគេទៅជ្រកក្រោមគាត់ យើង ត្រូវទទួលស្គាល់ការពិត ព្រោះមានកម្លាំងនយោបាយ ច្រើនផ្សេង ទៀត ដែលមិនអាចធ្វើចឹងបាន។ អញ្ចឹងបើមានកម្លាំងពីរ កម្លាំងបី ប្រកួតជាមួយគណបក្សកាន់អំណាច តើយើងត្រូវធ្វើយ៉ាងម៉េច»។
កាលពីពេលថ្មីៗនេះ គណបក្សភ្លើងទៀនបានប្រកាសស្វាគមន៍ ការសម្រេចរបស់គណបក្សឆន្ទៈខ្មែរ នៅពេលដែល គណបក្សឆន្ទៈ ខ្មែរបានប្រកាសពីការសម្រេចមិនដាក់បញ្ជីបេក្ខជនសម្រាប់ការបោះឆ្នោតឆ្នាំ២០២៣ រួចទៅជ្រកក្រោមឆ័ត្ររបស់គណបក្សភ្លើងទៀន។
លោក យ៉ង សាំងកុមារ បញ្ជាក់ថា៖ «រឿងជ្រកក្រោម គណបក្ស ណាមួយ សម្រាប់គណបក្សប្រជាធិបតេយ្យមូលដ្ឋានមិន សំខាន់ នោះទេ។ ក៏ប៉ុន្តែអ្វីដែលយើងបារម្ភ គឺនៅមានក្រុមនយោបាយ ច្រើនទៀត។ ឥលូវសំណួរសួរសាមញ្ញថា ឥលូវមានគណបក្សភ្លើង ទៀន ចឹង ចុះឥលូវក្រុមអតីតសង្រ្គោះជាតិមួយចំនួន ដែលគាត់ចេញ មកវិញ គាត់ធ្វើ គាត់បង្កើតប៉ូលមួយទៀត ហើយគាត់ប្រកួតគ្នា ។យើងឃើញហើយគាត់កំពុងប្រឈមដាក់គ្នា»។
សម្រាប់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នេះជាចំណុចមិនល្អ សម្រាប់ដំណើរប្រជាធិបតេយ្យនៅកម្ពុជា។
គួរជម្រាបថា ក្រៅពីការជ្រកកោនរបស់គណបក្ស ឆន្ទៈខ្មែរនៅ ក្រោម គណបក្សភ្លើងទៀន គណបក្សនយោបាយមួយចំនួនក៏កំពុង ជជែក ពីការច្របាច់បញ្ចូលគ្នាជាបក្សតែមួយផងដែរ។ក្នុងនោះរួមមាន គណបក្ស កែទម្រង់កម្ពុជា របស់លោក ប៉ុល ហំម និងគណបក្ស ជាតិនិយម របស់លោក ផែង ហេង។
បើតាមការបញ្ជាក់របស់លោក អ៊ូ ច័ន្ទរ័ត្ន អនុប្រធានគណបក្ស កែទម្រង់កម្ពុជា គឺការជជែកកំពុងបន្ត ដើម្បីស្វែងរកគន្លះថា នឹង អាចយកគណបក្សណាមួយមកតំណាង រួចសម្រេចប្តូរឈ្មោះ៕
ដោយ៖សេក ប្រាក់