មន្ត្រីឧទ្យានុរក្ស និងមន្ត្រីអនុវត្តច្បាប់នៃមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ទទួលបានការបណ្តុះបណ្តាលពង្រឹងសមត្ថភាពដើម្បីចូលរួមប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដែលពន្លាតចេញពីបទល្មើសដើមនៃបទល្មើសធនធានធម្មជាតិ
ភ្នំពេញ៖ មន្ត្រីឧទ្យានុរក្សនិងមន្ត្រីអនុវត្តច្បាប់នៃមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់សរុប ៨៥រូប បានទទួលការបណ្តុះបណ្តាលពង្រឹងសមត្ថភាពដើម្បីចូលរួមប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មដែលពន្លាតចេញពីបទល្មើសដើមនៃបទល្មើសធនធានធម្មជាតិ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃក្រុមការងារប្រឆាំងការសម្អាតប្រាក់ នៃក្រសួងបរិស្ថាន ដែលបានចូលរួមជាអធិបតីក្នុងពិធីបណ្តុះបណ្តាលកាលពីព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ នៅសាលប្រជុំនៃរដ្ឋបាលខេត្តពោធិ៍សាត់ បានជំរុញនិងលើកទឹកចិត្តដល់មន្ត្រីឧទ្យានុរក្ស ជាមន្ត្រីនគរបាលយុត្តិធម៌ បន្តកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តច្បាប់ឱ្យបានហ្មត់ចត់ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងកិច្ចការអភិរក្សធនធានធម្មជាតិ និងយកចិត្តទុកដាក់លើការងារប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេវរកម្ម និងហិញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យដែលកើតចេញពីបទល្មើសធនធានធម្មជាតិដែលជាបទល្មើសដើម។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថា ការបណ្តុះបណ្តាលស្តីពីគោលការណ៍ណែនាំស្តីពីបែបបទនិងនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ការស៊ើបអង្កេតនិងការរៀបចំសំណុំរឿងសម្អាងបទល្មើសនិងបទល្មើសសម្អាតប្រាក់ក្នុងក្របខណ្ឌដែនសមត្ថកិច្ចក្រសួងបរិស្ថានជាផ្នែកមួយនៃការពង្រឹងយន្តការនិងប្រព័ន្ធការងារអចិន្ត្រៃយ៍របស់ក្រសួងក្នុងការចូលរួមជាមួយស្ថាប័នអង្គភាពពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការប្រឆាំងនឹងការសម្អាតប្រាក់និងហិរញ្ញប្បទានភេវរកម្ម និងប្រឆាំងហិរញ្ញប្បទាននាំឱ្យរីកសាយភាយអាវុធមហាប្រល័យ។ ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងថា កិច្ចការប្រឆាំងការសម្អាតប្រាក់ជាការងារដ៏សំខាន់ដែលត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តឱ្យបានខ្ជាប់ខ្ជួនដើរដំណាលគ្នាជាមួយការអនុវត្តច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។ ឯកឧត្តមបានគូសបញ្ជាក់ថាក្រសួងបរិស្ថានបានចូលរួមយ៉ាងសកម្មជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលក្នុងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ក្នុងកិច្ចខិតខំប្រឹងប្រែងដកកម្ពុជាចេញពីបញ្ជីប្រផេះ។
ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា មន្ត្រីឧទ្យានុរក្ស និងមន្ត្រីអនុវត្តច្បាប់នៃក្រសួងបរិស្ថានជាប្រតិបត្តិករមួយយ៉ាងសំខាន់ ចូលរួមជាមួយស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលនៅក្នុងការអនុវត្តច្បាប់ប្រឆាំងនឹងការសម្អាតប្រាក់ ហិរញ្ញប្បទានភេវរកម្ម និងច្បាប់ស្តីពីការប្រឆាំងនឹងហិរញ្ញប្បទានដល់ការរីកសាភាយអាវុធមហាប្រល័យ។ ក្នុងកិច្ចខិតខំប្រឹងប្រែងនេះ ក្រសួងបរិស្ថានបានបង្កើតក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងការរៀបចំស្តង់ដារប្រតិបត្តិសម្រាប់មន្ត្រីនគរបាលយុត្តិធម៌របស់ខ្លួនអនុវត្ត។ ឯកឧត្តមបានគូសបញ្ជាក់ថាការបណ្តុះបណ្តាលជាបន្តបន្ទាប់ដល់មន្ត្រីនគរបាលយុត្តិធម៌ជាការពង្រឹងសមត្ថភាពធនធានមនុស្សរបស់ក្រសួងបរិស្ថាន ដែលជាផ្នែកមួយនៃការពង្រឹងយន្តការការងារ និងប្រព័ន្ធការងារក្នុងការប្រឆាំងការសម្អាតប្រាក់ដែលធានាប្រសិទ្ធភាព និងនិរន្តរភាពនៃការអនុវត្តការងារប្រឆាំងការសម្អាតប្រាក់ក្នុងក្របខណ្ឌក្រសួងបរិស្ថាន។
មន្ត្រីឧទ្យានុរក្សនិងមន្ត្រីអនុវត្តច្បាប់ដែលចូលរួមវគ្គបណ្តុះបណ្តាលបានទទួលនូវចំណេះដឹងនិងបទពិសោធក៏ដូចជានីតិវិធីបំពេញការងារក្នុងការប្រឆាំងការសម្អាតប្រាក់ពីមន្ត្រីជំនាញនៃក្រុមការងារប្រឆាំងការសម្អាតប្រាក់របស់ក្រសួងបរិស្ថាន។ ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានជម្រាបថា មន្ត្រីនគរបាលយុត្តិធម៌នឹងត្រូវពន្លាតលើបទល្មើសនៃការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ក្នុងករណីរកឃើញថា បទល្មើសដើមនៃបទល្មើសព្រៃឈើ និងបទល្មើសត្វព្រៃខុសច្បាប់មានតម្រុយពាក់ព័ន្ធនឹងការសម្អាតប្រាក់។
ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានលើកឡើងថា បច្ចុប្បន្ននេះ បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំលែងកើតមានទៀតហើយ នៅមានបទល្មើសទ្រង់ទ្រាយតូច ដែលមន្ត្រីជំនាញជាពិសេសមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានបន្តទប់ស្កាត់និងបង្ក្រាបជាប្រចាំ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាក្រសួងបរិស្ថាន ក្រសួងបរិស្ថានបាននិងកំពុងអនុវត្តវិធានការច្បាប់ផង និងវិធានការសេដ្ឋកិច្ចផងដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិក្នុងនោះបានជំរុញ និងគាំទ្រទាំងបច្ចេកទេសនិងធនធានដល់ប្រជាសហគមន៍ពង្រឹងការដាំដុះ និងចិញ្ចឹមសត្វសម្រាប់ធ្វើការផ្គត់ផ្គង់គ្រួសារ និងធ្វើការនាំចេញនៅហ្នឹងកន្លែង ដើម្បីបម្រើដល់វិស័យទេសចរណ៍ និងជួយជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា បច្ចុប្បន្ននជគឺជារបត់ថ្មីដ៏សំខាន់មួយដែលកម្ពុជាយើងពេលបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានទទួលចំណូលពីការអភិរក្សរបស់ខ្លួន និងបាននិងកំពុងលុបបំបាត់ទស្សនៈថា ទាល់តែកាប់ព្រៃឈើទើបបានប្រាក់ចំណូលមកជាប្រទេស ដែលទទួលបានប្រាក់ចំណូលពីការពារនិងអភិរក្សព្រៃឈើរបស់ខ្លួន ក្រោម ទិសស្លោក«រក្សាឈើឈរដើម្បីជាផលប្រយោជន៍ដល់សេដ្ឋកិច្ច និងសង្គមជាតិ។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានគូសបញ្ជាក់ថា កាលដែលកម្ពុជាទទួលបានជោគជ័យលើការលក់ឥណទានកាបូននេះ បានលើកតម្កើងនូវកិត្យានុភាពជាតិកម្ពុជា លើឆាកអន្តរជាតិ ដែលមិនមានប្រទេសច្រើនទេក្នុងពិភពលោកអាចធ្វើបាន និងបានទប់ទល់ជាមួយនឹងយុទ្ធនាបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជាក្នុងរូបភាពថាកម្ពុជាមានបទល្មើសព្រៃឈើច្រើនជាងគេលើពិភពលោក។
ក្រសួងបរិស្ថានមានមន្ត្រីនគរបាល និងមន្ត្រីអនុវត្តច្បាប់សរុបជាង ១៤២២នាក់។ រហូតមកដល់ពេលនេះ ខេត្តដែលមានតំបន់ការពារធម្មជាតិចំនួន១៦ហើយ ដែលមន្ត្រីនគរបាលយុត្តិធម៌និងមន្ត្រីអនុវត្តច្បាប់របស់ក្រសួងបរិស្ថានសរុបចំនួនជាង ៩០០រូប ទទួលបានការបណ្តុះបណ្តាលពង្រឹងសមត្ថភាពលើការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មក្នុងបទល្មើសធនធានធម្មជាតិពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ និងបទល្មើសជួញដូរសត្វព្រៃខុសច្បាប់៕