ទីវត្តអារាមជាគោលដៅទេសចរដ៏សំខាន់ នឹងជាទីកន្លែងគោរពបូជាមួយនៅក្នុងចំណោមគោលដៅទេសចរណ៍នានានៃព្រះរាជាណាចក្រកម្ពុជា
វត្តបារាយណ៍មហានទីរតនារាម (ហៅវត្តស្វាយរមៀត) ស្ថិតនៅភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប នៅក្នុងបរិវេណវត្ត ព្រះសច្ចានុបាល នឿម វុទ្ធី ព្រះរាជាគណកិត្តិយស និងជាព្រះគ្រូចៅអធិការវត្តបារាយមហានទីរតនារាម (ហៅវត្តស្វាយរមៀត) បានរៀបចំទីកន្លែងឲ្យមានភាពទាក់ទាញ មានសួនច្បារ មានកញ្ចុះលំហែកាយជាប់មាត់បារាយ នឹងដាក់ទីតាំងបដាពាក្យស្លោកនានាជាច្រើនគួរឲ្យចាប់អារម្មណ៍នៃអ្នកផងទាំងឡាយ ដែលជាគោលបំណងចង់ឲ្យទីវត្តអារាមក្លាយទៅជាតំបន់ទេសចរវប្បធម៍ធម្មជាតិ និងជាទីកន្លែងរីករាយ មានបរិស្ថានល្អ អនាម័យល្អ នឹងសោភណ្ឌភាពស្រស់ថ្លាគួរជាទីគោរពបូជានៃពុទ្ធបរិស័ទជិតឆ្ងាយ។
ទីវត្តអារាមជាគោលដៅទេសចរដ៏សំខាន់ នឹងជាទីរីករាយ ហើយក៏ជាទីសការបូជាមួយនៅក្នុងចំណោមគោលដៅទេសចរនានានៃព្រះរាជាណាចក្រកម្ពុជា។ នាពេលថ្មីៗនេះ ព្រះអង្គមានព្រះទ័យយកចិត្តទុកដាក់ជាមួយការរៀបចំសួនច្បារដាំដើមឈើជុំវិញព្រះវិហារ ដើម្បីឲ្យមានសោភ័ណ្ឌភាពស្រស់ស្អាតនឹងឲ្យក្លាយជារមណីយដ្ឋានទេសចរណ៍ ពីព្រោះទីវត្តនេះនៅជាប់មាត់បារាយទឹកថ្លាតែម្តង ជាតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រតាំងពីយូរលង់ណាស់មកហើយ។ ព្រះតេជគុណ មានសង្ឃដីកាបង្ហាញថា ទីអារាមវត្តនានា គឺជាគោលដៅទេសចរណ៍ធម្មជាតិមួយស្ថិតនៅក្នុងភូមិខាងលើ ជារៀងរាល់បុណ្យទានផ្សេងៗ ប្រជាជនដែលរស់នៅតំបន់នោះ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិតែងតែចូលចិត្ដទៅលេងកម្សាន្ដគយគន់មើលទេសភាព ព្រមទាំងបានធ្វើបុណ្យធ្វើទានផងដែរ។ ព្រះអង្គ បានបន្តទៀតថា នៅក្នុងវត្តនេះ មានទេសភាពដ៍ល្អស្រស់ត្រកាលគួរជាទីគយគន់ ដែលភ្ញៀវទេសចរអាចមើលឃើញបារាយទឹកថ្លា និងផល្លាដំណាំរបស់ប្រជាកសិករដែលរស់នៅជុំវិញតំបន់នេះបានទៀតផង។ បច្ចុប្បន្ន: ព្រះអង្គ បានរៀបចំដាំផ្កានិងដាំដើមឈើបន្ថែមទៀត ។
ជាមួយគ្នានោះ ព្រះតេជគុណ មានសង្ឃដីកាបន្តថា សូមឲ្យប្រជាពលរដ្ឋ និង ពុទ្ធបរិស័ទគ្រប់ៗរូប មេត្តាចូលរួមទប់ស្កាត់នឹងបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ចំពោះការឆ្លងរីករាលដាលនៃវីរុសកូវីដុ.១៩ ក៏ដូចជាសុខភាពដែលអាចកើតឡើងជាយថាហេតុណាមួយក្តី ឬមិនទាន់បានកើតឡើងនោះ ក្តី ជាពិសេស គឺយើងត្រូវចូលរួមដោយអនុវត្តនូវវិធានការ “៣ការពារ” និង “៣កុំ” របស់រាជរដ្ខាភិបាលផងដែរ៕ ដោយ ស៊ាន សុផាត