សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការអបអរសាទរ និងកោតសរសើររដ្ឋបាលខេត្តបាត់ដំបង រួមទាំងក្រុមស្ថាបត្យករ វិស្វករ និងកម្មករ កម្មការនី សាងសង់វេទិកាអុំទូកបានយ៉ាងលឿន ប្រកបដោយគុណភាពនិងសោភ័ណ្ឌភាព
ខេត្តបាត់ដំបង ៖ នាព្រឹកថ្ងៃសៅរ៍ ១៣កើត ខែអស្សុច ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញសម្ពោធវេទិកាអុំទូក មាត់ទន្លេ ស្ទឹងសង្កែរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការអបអរសាទរ និងកោតសរសើររដ្ឋបាលខេត្តបាត់ដំបង រួមទាំងក្រុមស្ថាបត្យករ វិស្វករ និងកម្មករ កម្មការនី ទាំងអស់ដែលបានដឹកនាំ និងមានការទទួលខុសត្រូវខ្ពស់ ក្នុងការសាងសង់វេទិកាអុំទូកនេះបានយ៉ាងលឿន ប្រកបដោយគុណភាព និងសោភ័ណ្ឌភាព។
សម្ដេចបានមានប្រសាសន៍ថា តាមរយៈវេទិកាអុំទូកដ៏ប្រណិតនេះ និងតាមរយៈការៀបចំសោភ័ណ្ឌភាពស្ទឹងសង្កែរ ព្រមទាំងស្ទឹងសង្កែរសម្បូរទឹកផងនោះ ពិធីប្រណាំងទូកខេត្តបាត់ដំបងនៅឆ្នាំនេះ នឹងប្រារព្ធឡើងយ៉ាងរីករាយ បង្កបង្កើតបានបរិយាកាសកាន់តែអធិកអធមជូនដល់ប្រជាពលរដ្ឋបានចូលរួមកំសាន្តក្នុងពេលកូវីដ-១៩ មានភាពធូរស្រាល។
សម្ដេចបានមានប្រសាសន៍ថា កីឡាប្រណាំងទូក គឺជាកីឡាប្រពៃណី ជាកីឡាមហាជន ប៉ុន្តែកីឡានេះបានសម្ដែងឱ្យឃើញពីការរក្សាប្រពៃណីទំនៀមទំលាប់ ការរួមសាមគ្គីគ្នារបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះក៏ជាការរួមចំណែកលើកម្ពស់វប្បធម៌ជាតិ។ សម្ដេចបន្តថា រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ជាប្រមុខ បានជំរុញលើកស្ទួយគ្រប់ប្រភេទកីឡាទាំងអស់។
សម្ដេចក្រឡាហោម អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង ក៏បានជម្រាបជូនអង្គពិធីអំពីគម្រោងសាងសង់វិមានឯករាជ្យ ខេត្តបាត់ដំបង នាពេលខាងមុខនេះ។ សម្ដេចក៏បានមានប្រសាន៍ដែរថា វិមានឯករាជ្យ រួមនឹងការរៀបចំសំណង់ និងសោភ័ណ្ឌភាពនានាទៀត ខេត្តបាត់ដំបង នឹងកាន់តែទទួលបានការទាក់ទាញភ្ញៀវទេសចរណ៍បន្ថែមទៀត។
វេទិកាអុំទូកថ្មីមានបណ្តោយ ៣៦ម៉ែត្រ ទទឹង ១៦ម៉ែត្រ និងកម្ពស់ ១៥,០៥ម៉ែត្រ ដោយបានចំណាយរយៈពេលសិក្សាប្លង់ចំនួន ៥ខែ និងរយៈពេលនៃការសាងសង់ចំនួន ៤ខែ បានក្រុងពាលីសាងសង់នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ និងបានបញ្ចប់ការសាងសង់ជាស្ថាពរ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ដោយបានប្រើប្រាស់នូវសសរគ្រឹះចំនួន ៩៨ដើម និងបានប្រើប្រាស់នូវវិស្វករជំនាញចំនួន ៥នាក់ និងកម្លាំងកម្មករជាមធ្យមចំនួន ៨០នាក់ ដល់ខ្ពស់បំផុត ១៣៤នាក់ ។
វេទិកាអុំទូកថ្មី ត្រូវបានរៀបចំឡើងតាមលំនាំនៃស្នាដៃស្ថាបត្យកម្មពីរចនាបទសំណង់វត្តអារាមបុរាណចាស់ៗ អគារសាលាខេត្តចាស់ និងអគារព្រះរាជដំណាក់ផែ ដែលមានលក្ខណៈពិសេសនោះគឺ មានដំបូលកាកបាទ សញ្ញាបូកបួនទិសធំៗ និងមានបង្ហាញនូវហោជាងយ៉ាងស្រស់ឆើតឆាយ ៕ ដោយ-រ៉ាវុធ