ព្រះមហាក្សត្រកម្ពុជា បញ្ចប់មុខតំណែងឯកឧត្តម វេង សាខុន ពីរដ្ឋមន្ត្រីក្រសួងកសិកម្ម ខណៈនាយករដ្ឋមន្ត្រីកម្ពុជា ចាត់តាំងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ជារដ្ឋមន្ត្រីស្តីទី បន្ថែមលើមុខងារបច្ចុប្បន្ន
ភ្នំពេញ៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចប់មុខតំណែងឯកឧត្តម វេង សាខុន ពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទហើយនៅល្ងាចថ្ងៃសៅរ៍ ទី៨ ខែតុលា ឆ្នាំ២០២២។ ព្រះរាជក្រឹត្យ បានធ្វើឡើងបន្ទាប់ពីព្រះមហាក្សត្រ បានទ្រង់យល់សេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។
ភ្លាមៗនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានចាត់តាំងឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជារដ្ឋមន្ត្រីស្តីទីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ថែមលើមុខងារបច្ចុប្បន្ន រហូតដល់មានការតែងតាំងជាផ្លូវការនូវរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
បើតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល សម្តេចតេជោ បានផ្តល់សិទ្ធីដល់រដ្ឋមន្ត្រីស្តីទីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទទួលបានការចាត់តាំងប្រើប្រាស់សិទ្ធិអំណាចទាំងអស់ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីដឹកនាំ និងគ្រប់គ្រងការងាររបស់ក្រសួង អង្គភាពចំណុះរបស់ក្រសួង ព្រមទាំងមន្ត្រីរាជការ និងបុគ្គលិកដែលជាភ្នាក់ងាររដ្ឋបាលនៅក្រោមឱវាទរបស់ខ្លួន៕
ដោយៈ វណ្ណ លុក