គិតត្រឹមថ្ងៃទី០៧.០៨ ខែតុលាឆ្នាំ២០២២ ស្ថានភាពទឹកទន្លេផ្សារក្រោមមានកំពស់ ៩,៦៧ម៉ែត្រ ខ្ពស់ជាងឆ្នាំចាស់ ២,៤៥ម៉ែត្រ ខណៈកម្រិតប្រកាសអាសន្ត ១១ម៉ែត្រ
ខេត្តកំពង់ឆ្នាំង ៖ យោងតាមរបាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ពិនិត្យតាមស្ថានីយ៍ជលសាស្ត្រផ្សារក្រោម គិតត្រឹមថ្ងៃទី ០៧.០៨ ខែតុលា ឆ្នាំ២០២២នេះទឹកមានកម្ពស់ ៩,៦៧ ម៉ែត្រ បើប្រៀប
ធៀបឆ្នាំចាស់២០២១ គិតត្រឹមថ្ងៃទី ៨ ខែតុលាដូចគ្នានេះដែរ ទឹកមានកម្ពស់ត្រឹមតែ ៧,២២ ម៉ែត្រ តែប៉ុណ្ណោះ ដែលមានន័យថាកំពស់ទឹកឆ្នាំនេះ ខ្ពស់ ជាងឆ្នាំចាស់ ២,៤៥ ម៉ែត្រ។
បើទោះជាយ៉ាងនេះក្តីកំពស់ទឹកត្រូវប្រកាសអាសន្នមានកម្ពស់ ១១ ម៉ែត្រ ដូច្នេះនៅខ្វះត្រឹមតែ ១,៣៣ម៉ែត្រ នឹងត្រូវប្រកាសអាសន្នហើយ ។
ដោយឡែកតាមមន្ត្រីការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក នៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដែលមានទីតាំង នៅដើមពោធិ៍ផ្សារក្រោម បានបញ្ជាក់ថា ស្ថានភាពទឹកទន្លេមេគង្គបានហូរច្រាលចូលមកទន្លេសាបវិញ តាំងពីថ្ងៃទី ៥ ខែតុលា គឺហូរត្រឡប់ពីទិស
ខាងត្បូងទៅទិសខាងជើងវិញមានន័យថាចូលបឹងទន្លេសាបដែលអាចបង្ករឲ្យស្ថានភាពទឹក និងហក់ឡើងជាងនេះ ។
ដោយឡែកយោងតាមលិខិតជូនដំណឹងរបស់រដ្ឋបាលស្រុកកំពង់ត្រឡាចបានឱ្យដឹងថាកំណាត់ផ្លូវពីមាត់កំពង់ទឹកទន្លេ ភូមិកំពង់ប្រាសាទ ឡើងមកថ្នល់ជាតិលេខ៥ ប្រហែល ១គីឡូម៉ែត្រត្រូវបានកាត់ផ្តាច់ដោយទឹកជំនន់ ហើយបានបិទការធ្វើដំណើរ តាមយានយន្ត គ្រប់ប្រភេទ តែអាចទៅមកបាន ដោយការឆ្លងសាឡាងជាបណ្ដោះអាសន្ន ។
សូមបញ្ជាក់ដែរថា ស្ថានភាពទឹកក្នុងឆ្នាំ២០២២នេះមានកម្រិតខ្ពស់គួរកត់
សម្គាល់ ដែលមួយផ្នែកហូរធ្លាក់ពីប៉ែកខាងលើចូលបឹងទន្លេសាប ចំណែកមួយផ្នែកទៀតបានហូរចាក់ពីទន្លេមេគង្គមកចូលក្នុងបឹងទន្លេសាប ដែលជាហេតុធ្វើឲ្យផ្ទះប្រជាពលរដ្ឋមួយចំនួននៅតាមទន្លេនៃខេត្តកំពង់ឆ្នាំងបានរងការលិចលង់ ដូចជានៅឃុំផ្លូវទូក ក្នុងស្រុកកំពង់លែង និងឃុំឆ្នុកទ្រូក្នុងស្រុកបរិបូណ៌ជាដើម ហើយបើតាមប្រជាពលរដ្ឋ រស់នៅតាមដងទន្លេថា ប្រសិនបើស្ថានភាពទឹកទន្លេមេគង្គនៅតែបន្ត ហូរចាក់ចូលបឹងទន្លេសាប ស្ថានភាពទឹកនឹងបន្តជន់ឡើង ដល់កម្រិតប្រកាសអាសន្នហើយ ៕ សុខ គឹមសៀន


