សម្ដេចតេជោ ហ៊ុន សែន ចេញបញ្ជាឱ្យដោះស្រាយពូជស្រូវ និងវាយតម្លៃពីការខូចខាតនៅតាមខេត្តជាបន្ទាន់ ជូនពលរដ្ឋ

ភ្នំពេញ៖ តាមរយៈសារជាសំឡេងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាយប់ថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន ចេញបទបញ្ជាដោះស្រាយពូជស្រូវ និងវាយតម្លៃពីការខូចខាតនៅតាមខេត្តជាបន្ទាន់ ជូនពលរដ្ឋ ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា តាមរយៈឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានចុះជាប់ជាមួយប្រជាជនបណ្ដាខេត្តដែលមានការលិចលង់ដោយចំនួនទឹកភ្លៀងបានបង្ហាញថា សរុបមាន ២២ ខេត្ត និងចំនួន៩៦ ស្រុកខណ្ឌ និង ៧៧០ ឃុំដែលបានលិចលង់។ ក្នុងនោះបង្កឲ្យមានផលប៉ះពាល់ប្រជាជនយើងមានស្លាប់ចំនួន ៤ នាក់។ ក្រៅពីនោះក៏មានការជម្លៀសប្រជាជនទៅកាន់ទីទួលមានសុវត្ថិភាព។

សម្ដេចបានបន្តថា ក្រៅពីការខូចខាតការលិចផ្លូវ ខូចផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ព្រមទាំងប៉ះពាល់ដល់ការសិក្សារបស់សិស្សដោយសារការលេចសាលារៀន។ សំរាប់ការខូចខាតដំណាំកសិកម្ម តាមតួលេខដែលបានផ្ដល់ដោយឯកឧត្តម គន់ គីម គឺទទួលការខូចខាតចំនួនជាងមួយសែនប្រាំម៉ឺនហិកតា ស្រូវលិចទឹកដំណាំរួមផ្សំទឹកលិចចំនួន ៤ម៉ឺន ១ពាន់ ២៤ហិកតា។

សម្ដេច បានបន្ថែមថា ទឹកនៅកន្លែងខ្លះស្រក កន្លែងខ្លះក៏ឡើង ។ សម្តេចបញ្ជាក់ថា មូលដ្ឋានច្បាស់ជាកំពុងជួបបញ្ហា ពាក់ព័ន្ធនឹងបញ្ហាការខ្វះពូជស្រូវ ឬពូជដំណាំដែលទាមទារឲ្យថ្នាក់ជាតិត្រូវអន្តរាគមន៍ជាបន្ទាន់។

សម្តេច បានចេញជាបទបញ្ជាទៅឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីស្តីទីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីជំនាញរបស់ក្រសួង ដែលមានរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ចុះធ្វើការជាមួយនឹងខេត្ត ក៏ដូចជាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីវាយតម្លៃឲ្យបានឆាប់បំផុត តាមដែលអាចធ្វើទៅបាន អំពីការខូចខាតដែលទាក់ទងនឹងដំណាំស្រូវ ដំណាំផ្សេងទៀត ដើម្បីរាជរដ្ឋាភិបាលអាចបញ្ចេញទៅកាន់គោលដៅ នៃស្រូវដែលខូចខាតដើម្បីឲ្យប្រជាពលរដ្ឋរបស់យើងបានបង្កបង្កើនផលឡើងវិញ។

សម្ដេចតេជោ បានបញ្ជាក់ទៀតថា នេះជាការអន្តរាគមន៍ចាំបាច់ ដើម្បីដោះស្រាយបញ្ហា នៅចុងរដូវរបស់យើង ។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យធ្វើសកម្មភាពជាបន្ទាន់ ហើយបែងចែកមន្ត្រីចុះធ្វើការដោយម្ខាងចុះវាយតម្លៃរួមជាមួយនឹងខេត្ត និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដើម្បីវាយតម្លៃពីខាងខូចខាត និងម្ខាងទៀតត្រៀមរៀបចំពូជដើម្បីបញ្ចេញពីឃ្លាំងស្តុក ដើម្បីបញ្ជូនពូជស្រូវ ឬពូជដំណាំទាំងនោះជូនប្រជាជន ៕ ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner