ក្រសួងអប់រំ យុវជន និងកីឡាប្រារព្ធ «ទិវាកីឡាអាស៊ាន» នៅខេត្តបាត់ដំបង

ក្រសួងអប់រំ យុវជន និងកីឡាបានប្រារព្ធ «ទិវាកីឡាអាស៊ាន» នៅខេត្តបាត់ដំបង នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២នេះ ដើម្បីគោលបំណងឱ្យប្រជានយល់ដឹងអំពីអាស៊ាន និងលើកកម្ពស់របៀបរស់នៅប្រកបដោយសុខភាពល្អ តាមបាវចនា ចក្ខុវិស័យតែមួយ អត្តសញ្ញាណតែមួយ និងសហគមតែមួយ “One Vision, One Identity, One Community”។

ឯកឧត្តម ប៊ូ ជុំ សេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាមានប្រសាសន៍ថា ការរៀបចំទិវាកីឡាអាស៊ាននេះ ដោយអនុវត្តទៅតាមសេចក្តីសម្រេចនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីកីឡាអាស៊ាន កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីកីឡាអាស៊ានលើកទី៤ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុងណាយពីដរ ប្រទេសមីយ៉ាន់ម៉ា ដោយបានឯកភាពបន្ថែម ឱ្យប្រទេសសមាជិកអាស៊ានទាំងអស់រៀបចំទិវាកីឡាអាស៊ាននេះឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងដើម្បីឱ្យប្រជានយល់ដឹងអំពីអាស៊ាន និងលើកកម្ពស់របៀបរស់នៅប្រកបដោយសុខភាពល្អ តាមបាវចនា ចក្ខុវិស័យតែមួយ អត្តសញ្ញាណតែមួយ និងសហគមតែមួយ។

ឯកឧត្តមបន្ថែមថា កម្ពុជាដែលជាសមាជិកអាស៊ាន និងអនុឡោមទៅតាមមាត្រា ៦៥ នៃរដ្ឋធម្មនុញ្ញ ចែងថារដ្ឋយកចិត្តទុកដាក់ដល់វិស័យអប់រំកាយ និងកីឡាដែលជាសុខុមាលភាពរបស់ប្រជាពលរដ្ឋគ្រប់រូប។ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតជាគោលការណ៍ជូនក្រសួងអប់រំ យុវជន និងកីឡារៀបចំទិវាកីឡាអាស៊ាន ASEAN SPORT DAY នៅព្រះរាជាណាចក្រកម្ពុជា ជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ២០១៧មក។ ការរៀបចំទិវាកីឡាអាស៊ាន នេះជាលើកទី៤ ហើយដែលក្រសួងបានរៀបចំ។

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំប្រទេសឱ្យមានសន្តិភាព និងអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះមានវិស័យអប់រំកាយ និងកីឡាផងដែរ។ បច្ចុប្បន្នវិស័យអប់រំកាយ និងកីឡាកម្ពុជាបាននឹងកំពុងធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន ទាំងជាតិ អន្តរជាតិ។

ឯកឧត្តម ប៊ូ ជុំសេរី មានប្រសាសន៍ទៀតថា នៅឆ្នាំ២០២៣ ដែលនៅសល់រយៈពេលតែ ៨ ខែទៀតប៉ុណ្ណោះ ការរៀបចំធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម-កីឡាអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ ដើម្បីអបអរសាទរ និងជាមុខមាត់ កិត្តិយសរបស់កម្ពុជាយើង ក្នុងដំណើឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ក្រសួង ស្ថាប័នរដ្ឋ អង្គការ ក្រុមហ៊ុនឯកជន និងប្រជាជនគ្រប់រូបត្រូវចូលរួមរួមយុទ្ធនាការចលនា ផ្សព្វផ្សាយបំផុសឱ្យ ប្រជាជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត, កម្ពុជាស្អាតបដិសណ្ឋាកិច្ចល្អ, កម្ពុជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍និងឥទ្ធិពល គ្រឿងញៀន, កីឡារស់ក្នុងសន្តិភាព។

ឯកឧត្តម ធូ ភា អភិបាលរង ខេត្តបាត់ដំបង គូសបញ្ជាក់ដែរថា ទិវាកីឡាអាស៊ាន (ASEAN Sport Day) ក្រោមប្រធានបទ “ប្រជាជនម្នាក់លេងកីឡមួយប្រភេទយ៉ាងតិចប្រចាំជីវិត” ត្រូវបានប្រារព្ធធ្វើឡើងនៅសាលាខេត្តបាត់ដំបង នាឱកាសដ៏សែនមនោរម្យនាពេលនេះ។ តាងនាមរដ្ឋបាលខេត្តបាត់ដំបង ឯកឧត្តមបានសម្តែងនូវគារវកិច្ចស្វាគមន៍ និងអបអរសាទរចំពោះវត្តមានគណៈអធិបតី ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញមកចូលរួមក្នុង ទិវាកីឡាអាស៊ាន នាពេលនេះ។ រដ្ឋបាលខេត្តបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការលើកកម្ពស់សុខភាព សុខុមាលភាពរបស់ប្រជាពលរដ្ឋតាមរយៈការរៀបចំទីកន្លែងហាត់ប្រាណ ក្លឹបហាត់ប្រាណ ដើម្បីលើកទឹកចិត្តឱ្យប្រជាពលរដ្ឋធ្វើការហាត់ប្រាណនិងលេងកីឡា។

គួរបញ្ជាក់ថា ទិវាកីឡាអាស៊ាន មានបំណងផ្សព្វផ្សាយឱ្យប្រជាជនយល់ដឹងពីសារៈប្រយោជន៍ និងចូលរួមលេងដើម្បីសុខភាព និងឧត្តមភាពជាតិ និងដំណើឆ្ពោះទៅកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។ ការរៀបចំទិវានេះត្រូវវបានរៀបចំនុវប្រភេទកីឡាមួយចំនួន ដូចជា១.ជិះកង់ទូទៅបុរស នារី ចម្ងាយ ១៥ គីឡូម៉ែត្រ, ២.រត់ទូទៅបុរស នារី ចម្ងាយ ៥ គីឡូម៉ែត្រ ៣.ហាត់ប្រាណរាំតាមចង្វាក់ភ្លេងទូទៅ បុរស នារី៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner