ក្រុមហ៊ុន សាមស៊ុង ព្រមានពីការធ្លាក់ចុះនៃប្រាក់ចំណេញជិតដល់ ៣២ ភាគរយ

សេអ៊ូល៖ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស នៃប្រទេសកូរ៉េខាងត្បូង សាមស៊ុង (Samsung) បានព្រមានពីការធ្លាក់ចុះនៃប្រាក់ចំណេញ ប្រចាំត្រីមាសរបស់ខ្លួនជិតដល់ ៣២ ភាគរយ ដោយសារតែការធ្លាក់ ចុះនៃតម្រូវការឧបករណ៍អេឡិចត្រូនិក និងបន្ទះឈីបអង្គចងចាំ (Memory Chips) ដែលបណ្ដាលមកពីការធ្លាក់ចុះនៃ សេដ្ឋកិច្ច ពិភព លោក។

ក្រុមហ៊ុនកូរ៉េខាងត្បូងនេះ បានប៉ាន់ប្រមាណថា ក្រុមហ៊ុនរកប្រាក់ ចំណេញប្រចាំត្រីមាស ចន្លោះពីខែកក្កដា ដល់ខែកញ្ញា បានប្រមាណ ១០,៨ ទ្រីលានវ៉ុន ឬស្មើនឹង ៧,៦ ប៊ីលានដុល្លារ ដែលចំនួននេះមាន ការធ្លាក់ចុះរហូតដល់ ៣១,៧ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន។
សូមបញ្ជាក់ថា ការប៉ាន់ស្មាននឹងចេញជាផ្លូវការនៅចុងខែតុលា ប៉ុន្តែអត្រានេះនៅតែបង្ហាញថា ប្រាក់ចំណេញប្រចាំត្រីមាសរបស់ ក្រុមហ៊ុនSamsungធ្លាក់ចុះជាលើកដំបូងមិនធ្លាប់មានក្នុងរយៈពេលបី ឆ្នាំចុងក្រោយ។

បញ្ហានេះ កើតឡើងនៅពេលដែលមនុស្សកាត់បន្ថយការទិញ ដោយសារតម្លៃនៃការរស់នៅកើនឡើង ដែលបណ្ដាលមកពីភាព តានតឹងភូមិសាស្រ្តនយោបាយរបស់ពិភពលោកជាពិសេសជុំវិញវិបត្តិ សេដ្ឋកិច្ច ដែលបណ្ដាលមកពីសង្រ្គាមនៅអ៊ុយក្រែន។
យ៉ាងណាមិញវាក៏ជាប់ទាក់ទងនឹងការធូរស្បើយឡើងវិញនៃវិបត្តិកូវីដ១៩ផងដែរ។ អ្នកវិភាគសេដ្ឋកិច្ចគូសបញ្ជាក់ថា ក្នុងអំឡុងកូវីដ អ្នកប្រើប្រាស់បានចំណាយយ៉ាងច្រើនទៅលើស្មាតហ្វូន ថេប្លេត កុំព្យូទ័រយួរដៃ កុំព្យូទ័រ ម៉ាស៊ីនហ្គេម និងឧបករណ៍ប្រើប្រាស់ក្នុង ផ្ទះផ្សេងៗទៀត។ ប៉ុន្តែការចំណាយទៅលើសម្ភារអេឡិចត្រូនិកទាំងនេះ បានថយចុះ នៅពេលដែលអាជីវកម្ម និងសាលារៀនបានបើកដំណើរការ ឡើង វិញ ធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុន Samsung ដែលផ្គត់ផ្គង់ប្រើប្រាស់ ប្រភេទនេះ។

ទោះបីជាយ៉ាងនេះក៏ដោយ Samsung មិនមែនជាក្រុមហ៊ុនតែ មួយដែលជួបបញ្ហានេះនោះទេ។ កាលពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុន ផលិតបន្ទះឈីបរបស់សហរដ្ឋអាមេរិក Advanced Micro Devices (AMD) ក៏បាននិយាយផងដែរថា ក្រុមហ៊ុនទទួលរង នូវផល ប៉ះពាល់ ដោយសារតម្រូវការកុំព្យូទ័រធ្លាក់ចុះ។ ប្រាក់ចំណូលរបស់ AMD សម្រាប់ត្រីមាសទី៣នៃឆ្នាំ ២០២២ នេះ មានប្រមាណ ១ ប៊ីលានដុល្លារ ដែលជាចំនួនតិចជាងការព្យាករ ហើយបង្ហាញថាការធ្លាក់ចុះនៃតម្រូវការបន្ទះឈីប អាចអាក្រក់ជាង ការរំពឹងទុក។

លោក Neil Shah មកពីក្រុមហ៊ុនវិភាគទីផ្សារ Counterpoint Research បានអះអាងប្រាប់សារព័ត៌មាន BBC ថា បញ្ហានៃការ ធ្លាក់ប្រាក់ចំណូល នឹងក្លាយជាប្រធានបទទូទៅសម្រាប់ក្រុមហ៊ុន នានា ក្នុងឆមាសទី២ នៃឆ្នាំ ២០២២ ដោយសារតែតម្រូវការអ្នក ប្រើប្រាស់ធ្លាក់ចុះ។

ការលក់ឧបករណ៍អេឡិចត្រូនិក រងផលប៉ះពាល់ធ្ងន់ធ្ងរដោយ សារតែកំណើនអតិផរណា អត្រាការប្រាក់កាន់តែខ្ពស់ និង ឥទ្ធិពលនៃការឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ី ដែលជាកត្តាធ្វើ ឱ្យការទិញទាប។ បញ្ហានេះហើយដែលនាំឱ្យក្រុមហ៊ុនផលិតស្មាតហ្វូន និង កុំព្យូទ័រផ្ទាល់ខ្លួន កាត់បន្ថយការទិញបន្ទះឈីបអង្គចងចាំ នៅពេលពួកគេប្រើអស់ពីស្តុក។ អ្នកវិភាគវិស័យបច្ចេកវិទ្យា ក៏បានព្យាករផងដែរថា តម្លៃបន្ទះឈីបអង្គចងចាំ នឹងបន្តធ្លាក់ ចុះក្នុងរយៈពេលបីខែខាងមុខ ដោយសារការលក់ស្មាតហ្វូនបន្ត ធ្លាក់ចុះរហូតដល់ដើមឆ្នាំក្រោយ៕
ដោយ៖ហួន ឌីណា
ប្រភព៖ Samsung warns of 32% hit to profits on chip slump

ads banner