ហុងកុង នឹងចែកសំបុត្រយន្តហោះឥតគិតថ្លៃ ដើម្បីទាក់ទាញភ្ញៀវ ទេសចរក្រោយកូវីដ

ហុងកុង៖អ្នករកស៊ីខាងវិស័យទេសចរណ៍ននៅទីក្រុងហុងកុង បាន ប្រកាស ថាខ្លួននឹងចែកសំបុត្រយន្តហោះដោយឥតគិតថ្លៃចំនួន ៥០០ ០០០ សំបុត្រ ក្នុងតម្លៃសរុបប្រមាណ ២៥៤,៣ លានដុល្លារ ទៅដល់អ្នកដំណើរ ដើម្បីស្ដារវិស័យទេសចរណ៍ ដែលរងផល ប៉ះពាល់ ខ្លាំងដោយសារវិបត្តិកូវីដឡើងវិញ។
ការប្រកាសខាងលើធ្វើឡើងបន្ទាប់ពីទីក្រុងនេះ បានដកចេញនូវ ការរឹតត្បិត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណា មួយ ចំនួន។ បើទោះបីជាយ៉ាងនេះក្ដី ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៅតែ ប្រឈមមុខនឹងការខ្សត់ជើងហោះហើរ មិនដូចពីមុនវិបត្តិកូវីដ។

លោក Dane Cheng ប្រធានក្រុមប្រឹក្សាទេសចរណ៍ហុងកុង បាន និយាយថា៖ «អាជ្ញាធរអាកាសយានដ្ឋាន នឹងបញ្ចប់ការរៀបចំ ជាមួយក្រុមហ៊ុនអាកាសចរណ៍។ នៅពេលដែលរដ្ឋាភិបាលប្រកាស ថានឹងលុបចោលការរឹតបន្តឹងកូវីដ១៩ទាំងអស់ សម្រាប់អ្នកធ្វើ ដំណើរក្នុងប្រទេស យើងនឹងចាប់ផ្តើមយុទ្ធនាការផ្សាយពាណិជ្ជកម្ម សម្រាប់ចែកសំបុត្រយន្តហោះដោយឥតគិតថ្លៃ»។

លោក Cheng បានបន្ថែមថា សំបុត្រយន្តហោះឥតគិតថ្លៃដែល ទិញ ពីក្រុមហ៊ុនអាកាសចរណ៍ហុងកុង ក្នុងអំឡុងពេលជំងឺរាតត្បាត ដើម្បីគាំទ្រប្រតិបត្តិការរបស់ក្រុមហ៊ុនទាំងនោះ នឹងត្រូវចែកចាយនៅ ឆ្នាំក្រោយដល់អ្នកដំណើរទាំងក្នុងនិងក្រៅប្រទេស ដោយអាជ្ញាធរ អាកាសយានដ្ឋានរបស់ទីក្រុង។

គួររំឭកថា ក្រុងហុងកុងត្រូវបានកាត់ផ្តាច់ពីពិភពលោកទាំងមូល ដោយសារគោលការណ៍ចត្តាឡីស័ករបស់ក្រុងដែលតម្រូវឱ្យអ្នកធ្វើដំណើរចូលត្រូវចំណាយពេល ២១ ថ្ងៃនៅក្នុងបន្ទប់សណ្ឋាគារ ដោយធ្វើការចំណាយផ្ទាល់ខ្លួន។ ប៉ុន្តែចំនួនថ្ងៃធ្វើ ចត្តាឡីស័ក បាន កាត់បន្ថយជាបន្តបន្ទាប់ មុនពេលហុងកុងលុបចោលវិធានការនេះ (ចត្តាឡីស័កនៅសណ្ឋាគារ)ចេញហើយឱ្យអ្នកដំណើរមើលខុសត្រូវ នៅកន្លែងដែលខ្លួនឯងស្នាក់នៅ៣ថ្ងៃ។

ការដកការរឹតបណ្ដឹងនេះ ធ្វើឱ្យជើងហោះហើរទៅមកនៅហុងកុង ហាក់កើនឡើងវិញ ប៉ុន្តែនៅតែស្ថិតក្នុងកម្រិតទាប។

អ្នកវិភាគមើលឃើញថា ផែនការចែកសំបុត្រដោយមិនយក លុយជូនដល់អ្នកដំណើរ នឹងជួយជំរុញជើងហោះហើរ តែវា ក៏អាស្រ័យទៅលើវិធានការកូវីដនៅចិន ដោយសារតែភ្ញៀវទេសចរ ភាគ ច្រើនរបស់ក្រុងហុងកុង គឺជាចិនដីគោក។
យ៉ាងណាមិញ ជើងហោះហើរទៅហុងកុង ក៏រងផលប៉ះពាល់ពី សង្រ្គាម នៅអ៊ុយក្រែន។ កាលពីថ្ងៃពុធទី ៥ ខែតុលា ក្រុមហ៊ុន អាកាសចរណ៍អង់គ្លេស Virgin Atlantic បានប្រកាសថា ខ្លួន នឹងមិនបើកដំណើរការហោះហើររបស់ខ្លួននៅហុងកុង តាមកាល កំណត់នៅខែមីនា ឆ្នាំក្រោយនេះទេ ដោយលើកឡើង ពីការបិទដែន អាកាសរបស់រុស្ស៊ី ដែលហាមឃាត់មិនឱ្យក្រុមហ៊ុនអាកាសចរណ៍ អង់គ្លេសធ្វើការឆ្លងកាត់។ ការបិទដែនអាកាស ក្រោយសង្រ្គាម ឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ីចាប់ផ្ដើម ក្លាយជាឧបសគ្គដ៏ធំ មួយសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន ដែលតម្រូវឱ្យពួកគេ ប្ដូរផ្លូវហោះហើរ ឬផ្អាកជើងហោះហើរ។
គួរបញ្ជាក់ថា ក្រុងហុងកុងមានអ្នកទៅទស្សនាចំនួន ១៨៤ ០០០ នាក់ ក្នុងរយៈពេល៨ខែនៃឆ្នាំនេះ។ ចំនួននេះ គឺជាការថយចុះគួរឱ្យ កត់សម្គាល់បើប្រៀបធៀបទៅនឹងស្ថានភាពមុនពេលជំងឺរាតត្បាតផ្ទុះឡើង ដែលភ្ញៀវទេសចរ ៥៦ លាននាក់បានទៅលេងហុងកុង ក្នុងឆ្នាំ ២០១៩៕
ដោយ៖ហួន ឌីណា
ប្រភព៖ Hong Kong to lure tourists with free air tickets

ads banner