អ្នកជំនាញទទូចជាថ្មីម្ដងទៀតឱ្យរដ្ឋាភិបាលកម្ពុជាដំឡើងពន្ធលើផលិតផលថ្នាំជក់ ដើម្បីបានចំណូលបន្ថែមនិងកាត់បន្ថយ ចំនួនអ្នក ជក់បារី

អត្ថបទដោយ៖
CPA

ភ្នំពេញ៖លោកវេជ្ជបណ្ឌិត មុំ គង់ នាយកអង្គការចលនាដើម្បី សុខភាព កម្ពុជា បានទទូចសារជាថ្មីម្ដងទៀតដល់រដ្ឋាភិបាលកម្ពុជា ឱ្យដំឡើងពន្ធលើផលិតផលថ្នាំជក់។

លោកវេជ្ជបណ្ឌិតលើកឡើងដូច្នេះ នៅក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី «វិធានការពន្ធមានប្រសិទ្ធភាព» ដែលរៀបចំធ្វើឡើងរយៈពេលពីរថ្ងៃ ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ នៅខេត្តកំពង់ឆ្នាំង។
លោកវេជ្ជបណ្ឌិត មុំ គង់ លើកឡើងថា ការដំឡើងពន្ធលើ ផលិតផលថ្នាំជក់នឹងធ្វើឱ្យកម្ពុជាទទួលបានចំណូលពន្ធបន្ថែម ហើយវាក៏ជាវិធានការដ៏មានប្រសិទ្ធភាពខ្ពស់មួយដែរ ក្នុងការជំរុញឱ្យ ប្រជាពលរដ្ឋកាត់បន្ថយការជក់បារី និងផ្ដាច់បារីបានជោគជ័យ។

ការសិក្សាចេញផ្សាយដោយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ឬយូអិនឌីភី(UNDP) នៅឆ្នាំ២០២០ គូសបញ្ជាក់ថា អត្រាពន្ធ បារីរបស់ប្រទេសកម្ពុជា មានកម្រិតទាបជាងគេក្នុងចំណោម បណ្ដា ប្រទេសអាស៊ាន និងទាបជាងឆ្ងាយពីកម្រិតដែលផ្ដល់អនុសាសន៍ ដោយអង្គការសុខភាពពិភពលោក WHO។ បច្ចុប្បន្ននេះ អត្រា ពន្ធថ្នាំជក់នៅកម្ពុជាស្ថិតក្នុងចន្លោះ ២៥ភាគរយ ទៅ ៣១ភាគរយ នៃតម្លៃលក់រាយ ដែលជាអត្រាទាបខ្លាំង បើធៀបទៅនឹងអត្រាពន្ធ ថ្នាំជក់នៃបណ្ដាប្រទេសក្នុងតំបន់អាស៊ាន ដូចជា ប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ប្រ៊ុយណេ សិង្ហបុរី ហ្វីលីពីន ថៃ និងភូមាជាដើម ដែល អត្រាពន្ធលើផលិតផលថ្នាំជក់នៅក្នុងប្រទេសទាំងនេះ មានចំនួន លើស៥០ភាគរយ ធៀបនឹងតម្លៃលក់រាយ។

បើតាមការរកឃើញរបស់យូអិនឌីភី ការដំឡើងពន្ធផលិតផលបារី នឹងផ្ដល់ផលចំណេញខ្ពស់បំផុតទៅលើការវិនិយោគក្នុងចំណោមវិធានការត្រួតពិនិត្យថ្នាំជក់អាទិភាពនានា៖ សម្រាប់ទឹកប្រាក់វិនិយោគ មួយ រៀល កម្ពុជាអាចទទួលបានមកវិញនូវទឹកប្រាក់ចំនួន ៨៨២ រៀល ជាអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចនៅក្នុងរយៈពេល១៥ឆ្នាំ។ អង្គការដដែលនេះបញ្ជាក់ថា ការដំឡើងអត្រាពន្ធនិងការអនុវត្ត កំណែ ទម្រង់រចនាសម្ព័ន្ធពន្ធ យោងតាមផែនទីបង្ហាញផ្លូវស្ដីពី ពន្ធ លើថ្នាំជក់របស់កម្ពុជា នឹងអាចទទួលបានចំនូលពន្ធបន្ថែមចំនួន ៩២០ប៊ីលានរៀល នៅក្នុងរយៈពេល៥ឆ្នាំដំបូង និងថា រដ្ឋាភិបាល កម្ពុជាអាចយកប្រាក់ចំណូលបន្ថែមនេះ ទៅប្រើប្រាស់ដើម្បីផ្ដល់ ហិរញ្ញប្បទានដល់វិធានការគាំទ្រប្រជាជនក្រីក្រ ដូចជា សេវាគ្រប ដណ្ដប់ សុខភាពជាសកល និងការជួយកសិករដាំថ្នាំជក់ឱ្យ ផ្លាស់ ប្ដូរទៅដាំដំណាំផ្សេង ឬប្រកបមុខរបរផ្សេងទៀត។

នាយកអង្គការចលនាដើម្បីសុខភាពកម្ពុជា បានពន្យល់បំភ្លឺឆ្លើយតប ទៅនឹងការភ័ន្តច្រឡំមួយចំនួនដែលថា ការដំឡើងពន្ធថ្នាំជក់នឹង ធ្វើឱ្យ បាត់បង់ចំណូលពន្ធរដ្ឋ ប៉ះពាល់ដល់ការងារ ប៉ះពាល់ដល់ ជីវភាព របស់ប្រជាពលរដ្ឋក្រីក្រ និងធ្វើឱ្យមានការគេចពន្ធ។ ក៏ប៉ុន្តែ មែនទែនទៅ បើតាមលោវេជ្ជបណ្ឌិត ការដំឡើងពន្ធលើផលិតផល ថ្នាំជក់នេះ នឹងជួយដល់ប្រជាពលរដ្ឋទៅវិញទេ។ លោកសង្កត់ធ្ងន់ថា នៅពេលដែលដំឡើងពន្ធថ្នាំជក់ បារីឡើងថ្លៃ នោះប្រជាពលរដ្ឋដែល មិនសូវមានលទ្ធភាព នឹងត្រូវបង្ខំចិត្តកាត់បន្ថយការជក់បារី ឬផ្ដាច់ បារីទាំងស្រុងតែម្ដង។ ការណ៍នេះ នឹងជួយកាត់បន្ថយការ ចំណាយ លើបារីរបស់ពលរដ្ឋ កាត់បន្ថយភាពក្រីក្រ ។ចំណែករដ្ឋាភិបាលអាចយកចំណូលបន្ថែមបានមកពីការដំឡើងពន្ធផលិតផលថ្នាំជក់នោះ ទៅទ្រទ្រង់សកម្មភាពលើកកម្ពស់សុខភាព សាធារណៈបានយ៉ាងច្រើន។

លោកវេជ្ជបណ្ឌិត មុំ គង់បន្តថា៖ «មានមតិបំភ័ន្តមួយចំនួនបានលើក ឡើងថា ការដំឡើងពន្ធថ្នាំជក់នឹងធ្វើឱ្យបាត់បង់ចំណូលពន្ធរដ្ឋ ប៉ះពាល់ ដល់ឱកាសការងារប៉ះពាល់ដល់ប្រជាពលរដ្ឋក្រីក្រ និងធ្វើ ឱ្យមានការគេចពន្ធ។ ប៉ុន្តែប្រទេសជាច្រើនដែល បានដំឡើង ពន្ធថ្នាំ ជក់ រួចមកហើយក្នុងប្រទេសអាស៊ានដូចជាហ្វីលីពីន និងថៃ បាន បង្ហាញថា បន្ទាប់ពីដំឡើងពន្ធលើផលិតផល ថ្នាំជក់ រដ្ឋាភិបាល ប្រទេស គេមិនគ្រាន់តែចំណេញពន្ធបន្ថែមទេ ប៉ុន្តែនៅពេលដំឡើង ពន្ធថ្នាំជក់នោះ បារីឡើងថ្លៃ ប្រជាពលរដ្ឋដែលមិនមានលុយ បាន បន្ថយការជក់បារី និងឈានដល់ការផ្តាច់បារីដោយខ្លួនឯង ដូចនៅ ប្រទេស ហ្វីលីពីន និងថៃជាដើម ដែលសព្វថ្ងៃប្រជាពលរដ្ឋរបស់ គេជាច្រើនបានផ្ដាច់បារី ហើយរដ្ឋាភិបាលទទួលបានពន្ធបន្ថែម ពីថ្នាំជក់យ៉ាងច្រើន ដែលរដ្ឋាភិបាលរបស់គេបង្វែរការ ប្រើប្រាស់ ថវិកាចំណូលពន្ធទាំងនោះ ដើម្បីទ្រទ្រង់សកម្មភាពលើកកម្ពស់ សុខភាពសាធារណៈបានយ៉ាងច្រើន»។

អង្គការ យូអិនឌីភី នៅក្នុងការសិក្សារបស់ខ្លួន គូសបញ្ជាក់ថា ការ ដំឡើងពន្ធបារីគឺជាគោលនយោបាយសកលមួយដែលជួយទប់ស្កាត់និងកាត់បន្ថយភាពក្រីក្រ លើកកម្ពស់សុខភាព និងសុខុមាលភាព ប្រជាជន កាត់បន្ថយវិសមភាពសង្គម និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ដែលពន្លឿនដំណើរការអភិវឌ្ឍរបស់ប្រទេសឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDG)។

ជាអនុសាសន៍ អង្គការ យូអិនឌីភី ស្នើឱ្យមានការដំឡើងពន្ធលើ ថ្នាំជក់ជាបន្តបន្ទាប់ឱ្យបាន៧៥ភាគរយ នៃតម្លៃលក់រាយបច្ចុប្បន្ន ដោយត្រូវដំឡើងតាមពេលវេលាកំណត់ ដើម្បីលុបលើអតិផរណា និងកំណើនប្រាក់ចំណូល, ពិចារណាទៅលើការបែងចែក ប្រាក់ ចំណូលពន្ធលើថ្នាំជក់មួយចំណែកសម្រាប់ការត្រួតពិនិត្យថ្នាំជក់ និងវិធានការជួយប្រជាជនក្រីក្រ ដូចជាសេវាគ្របដណ្ដប់សុខភាព សកល ការជួយដល់កសិករ និងបុគ្គលិកថ្នាំជក់ឱ្យប្ដូរទៅរកមុខ របរចិញ្ចឹមជីវិតផ្សេង ឬគម្រោងគាំពារសង្គមផ្សេងៗទៀត, លើក កម្ពស់ការយល់ដឹងក្នុងចំណោមសាធារណៈជន និង អ្នករៀបចំ គោលនយោបាយអំពីចំណាយពិតប្រាកដទៅលើថ្នាំជក់ និង អត្ថប្រយោជន៍ដ៏ច្រើនចំពោះសុខភាព និងការអភិវឌ្ឍប្រទេស ជាតិ ជាពិសេសក្នុងចំណោមប្រជាជនប្រាក់ចំណូលទាប, និងចុង ក្រោយ ធានាថា គ្រប់វិស័យពាក់ព័ន្ធទាំងអស់បានចូលរួម នៅក្នុង កិច្ចខិតខំ ប្រឹងប្រែងត្រួតពិនិត្យថ្នាំជក់ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយមានប្រសិទ្ធភាពនិងប្រកបដោយចីរភាព ខណៈដែល ការពារដល់ការ រៀបចំគោលនយោបាយមិនឱ្យមានការអន្តរាគមន៍ជ្រៀតជ្រែកពីឧស្សាហកម្មថ្នាំជក់។

នៅកម្ពុជាបើតាមលទ្ធផលនៃការស្ទង់មតិបញ្ជាក់ដោយលោកវេជ្ជបណ្ឌិត មុំ គង់ ពលរដ្ឋខ្មែរចំនួន ៩៤ភាគរយ គាំទ្រឱ្យមានការដដំឡើង ពន្ធលើថ្នាំជក់។ នាយកអង្គការចលនាដើម្បីសុខភាពកម្ពុជារូបនេះសង្កត់ធ្ងន់ថា ការដំឡើងពន្ធថ្នាំជក់គឺជាវិធានការដែលចំណេញដល់សេដ្ឋកិច្ចជាតិ និងប្រជាពលរដ្ឋ។

ការសិក្សាស្រាវជ្រាវរបស់អង្គការយូអិនឌីភីនិងអង្គការសុខភាពពិភពលោក បានរកឃើញថា ថ្នាំជក់ធ្វើឱ្យមនុស្សប្រមាណ ៨លាននាក់ ស្លាប់ ជាងរៀងរាល់ឆ្នាំនៅទូទាំងពិភពលោក ក្នុងនោះនៅកម្ពុជា មានអ្នកស្លាប់ដោយសារថ្នាំជក់ ១៥,០០០នាក់ជារៀងរាល់ឆ្នាំ។ ការប្រើប្រាស់ថ្នាំជក់ ជាពិសេសបារី បង្កឱ្យកើតជំងឺស្ទះសរសៃឈាម បេះដូង សួត មហារីក ទឹកនោមផ្អែម លើសសំពាធឈាម និងជំងឺ ជាច្រើន មុខផ្សេងទៀត៕ ដោយ៖កែវ កិរិយា

ads banner