គ.ជ.ប ប្ដេជ្ញាបន្តការងាររបស់ខ្លួនដោយឯករាជ្យ តាមគន្លងច្បាប់ និងរដ្ឋធម្មនុញ្ញ ក្រោយឈ្នះក្ដីលើលោក សុន ឆ័យ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នឹងបន្តបំពេញភារកិច្ចរបស់ខ្លួនដោយឯករាជ្យតាមគន្លងច្បាប់ និងរដ្ឋធម្មនុញ្ញ។ នេះគឺជាការគូសបញ្ជាក់ពីសំណាក់ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័័ត៌មាន គ.ជ.ប នៅថ្ងៃអាទិត្យទី៩ ខែតុលា ឆ្នាំ២០២២ ពោលគឺពីរថ្ងៃបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃសុក្រទី៧ខែតុលាបានសម្រេចឱ្យគ.ជ.ប ឈ្នះក្ដីនៅក្នុងសំណុំរឿងប្ដឹងលោក សុន ឆ័យ អនុប្រធាន គណបក្សភ្លើងទៀន ពីបទបរិហាកេរ្តិ៍ជាសាធារណៈ។
សម្រាប់ គ.ជ.ប សេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ពិតជាបានផ្ដល់នូវយុត្តិធម៌ ភាពស្អាតស្អំ កិត្តិយស និងសេចក្ដីថ្លៃថ្នូរ ជូន គ.ជ.ប។

ឯកឧត្តម ឌឹម សុវណ្ណារុំ បានបញ្ជាក់ថា «តុលាការបាន ច្រានចោលការចោទប្រកាន់របស់ជនជាប់ចោទឈ្មោះ សុន ឆ័យ និងបានរកឃើញថាការចោទប្រកាន់របស់គាត់មកលើគ.ជ.ប គឺគ្មាន ភស្តុតាង និងការពិត»។

ឯកឧត្តម ឌឹម សុវណ្ណារុំ បានឆ្លៀតឱកាសនេះបញ្ជាក់បន្ថែមជា ថ្មី ម្តងទៀតថា គ.ជ.ប មិនមែនជាស្ថាប័ននយោបាយទេ តែជាស្ថាប័ន បច្ចេកទេស និងអនុវត្តច្បាប់។ ហេតុដូច្នេះ ប្រធានក្រុមប្រតិកម្ម ព័ត៌មាន នៃ គ.ជ.ប លើកឡើងថា គ.ជ.ប គ្មានជម្រើសអ្វីក្រៅពី បន្តបំពេញភារកិច្ចរបស់ខ្លួនដោយឯករាជ្យ តាមគន្លងច្បាប់ និង រដ្ឋធម្មនុញ្ញ។ លោកថា៖ «ក្នុងកិច្ចការបោះឆ្នោត គ.ជ.ប មិនអាច ធ្វើតែ ម្នាក់ឯងបានទេ គ.ជ.ប ត្រូវការកិច្ចសហការពីដៃគូពាក់ព័ន្ធ ទាំងអស់»។
គួររំឭកថា សំណុំរឿងប្ដឹងផ្ដល់ឡើងដល់តុលាការរវាង គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រឆាំងនឹងលោក សុន ឆ័យ កើតឡើងដោយសារតែបទសម្ភាសមួយរបស់លោក សុន ឆ័យ ផ្ដល់ដល់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២។ នៅក្នុងបទសម្ភាសនោះ លោក សុន ឆ័យ បានចោទប្រកាន់ថា មានការលួចបន្លំសន្លឹកឆ្នោត នៅក្នុងការបោះ ឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២២ ។ លោក សុន ឆ័យ បានប្រៀបប្រដូចការបោះឆ្នោតនេះទៅ នឹងការលួចគោ លួចក្របី។ ដើម្បីចៀសវាងកុំឱ្យមានការ ភាន់ច្រលំ និងបាត់ទំនុកចិត្តពី​ម្ចាស់​ឆ្នោត និងភាគីពាក់ព័ន្ធទាំងអស់ ទើប គ.ជ.ប ដែលតំណាងដោយ ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និង លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីក្នុងរឿងក្តីនេះ។

បណ្ដឹងប្រឆាំងនឹងលោក សុន ឆ័យ ក្នុងរឿងដដែលនេះ ក៏ មានផងដែរ ពីសំណាក់គណបក្សប្រជាជនកម្ពុជា។

នៅថ្ងៃសុក្រ ទី៧ ខែតុលា ឆ្នាំ២០២២ សាលាដំបូងរាជធានី ភ្នំពេញ បានប្រកាសសាលក្រមរបស់ខ្លួន ច្រានចោលការចោទប្រកាន់ របស់លោក សុន ឆ័យ និងទទួលយកសំណូមពររបស់ដើម បណ្ដឹងរដ្ឋប្បវេណី គ.ជ.ប ដោយតុលាការបានពិនិត្យឃើញថា ការអះអាងរបស់លោក សុន ឆ័យ មិនមែនជាការពិត និងមាន ការទម្លាក់កំហុសដោយអសុទ្ធចិត្តលើអំពើណាមួយ ដែលនាំឱ្យ ប៉ះពាល់ដល់ស្ថាប័នជាតិ ហើយអំពើរបស់លោក សុន ឆ័យ ដែលជាជនជាប់ចោទ បានធ្វើឱ្យខូចខាតសណ្ដាប់ធ្នាប់និង របៀបរៀបរយសង្គម។

សាលក្រមតុលាការបង្គាប់ឱ្យលោក សុន ឆ័យ ចាំបាច់ធ្វើលិខិត សុំទោសស្ថាប័ន គ.ជ.ប ជាលាយលក្ខណ៍អក្សរ និងផ្សព្វផ្សាយ ជាសាធារណៈរយៈពេលចំនួនពីរខែ ដើម្បីស្ដារកិត្តិយស និង សេចក្ដីថ្លៃថ្នូររបស់ គ.ជ.ប។ បន្ថែមពីលើនេះ សាលាដំបូងរាជធានី ភ្នំពេញសម្រេចផ្ដន្ទាទោស លោក សុន ឆ័យ ដោយពិន័យជា ប្រាក់ចំនួន ៩លានរៀលគត់ ដើម្បីបង់ចូលថវិកាជាតិ ពីបទ «បរិហាកេរ្តិ៍ជា សាធារណៈ» តាមបញ្ញត្តិមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ និង ផ្ដន្ទាទោស បន្ថែមតាមបញ្ញត្តិមាត្រា ៥៣ និង ៣១០ នៃក្រម ព្រហ្មទណ្ឌ ដោយបិទផ្សាយសេចក្ដីសម្រេចផ្ដន្ទាទោសនៅទី សំណាក់ ចុងក្រោយរបស់ជនជាប់ចោទ នៅសាលាសង្កាត់នៃទី លំនៅរបស់ជនជាប់ចោទ នៅមណ្ឌលបោះឆ្នោតឃុំសង្កាត់ រាជធានីខេត្ត និងនៅបញ្ជរព័ត៌មានសរសេរ និងនៅតាមគ្រប់ មធ្យោបាយ ទូរគមនាគមន៍សោតទស្សន៍សម្រាប់រយៈពេល ៨ថ្ងៃ ដោយការចំណាយជាបន្ទុករបស់ជនជាប់ចោទ។
ចំពោះបណ្ដឹងពីគណបក្សប្រជាជនកម្ពុជាវិញ តុលាការបានបង្គាប់ លោក សុន ឆ័យ ឱ្យបង់ថវិកាចូលរដ្ឋចំនួន ៨លានរៀល និងសង សំណងជំងឺចិត្តដល់គណបក្សប្រជាជនកម្ពុជាចំនួនបីពាន់លានរៀល ឬស្មើនឹងប្រមាណ ៧៥ម៉ឺនដុល្លារ៕ ដោយ៖ កែវ កិរិយា

ads banner