កូរ៉េខាងជើងបាញ់មីស៊ីលពីរគ្រាប់បន្ថែមទៀត ជាមួយការបញ្ជាក់ ថានេះជាសកម្មភាពស្របច្បាប់
ព្យុងយ៉ាង៖ កងទ័ពកូរ៉េខាងត្បូង បានឱ្យដឹងថា កូរ៉េខាងជើងនៅតែ បន្ត ផ្គើនបាញ់មីស៊ីលចំនួនបន្ថែមគ្រាប់បន្ថែមទៀតនៅថ្ងៃទី៩ ខែ តុលា ឆ្នាំ ២០២២នេះ ដែលជាការបាញ់លើកទី៧ ក្នុងរយៈពេលពីរ សប្តាហ៍មកនេះ។ នៅក្រោយមានការថ្កោលទោសពីសហគមន៍អន្តរជាតិ កូរ៉េខាងជើង បានអះអាងថា កូរ៉េខាងជើងមានសិទ្ធិស្របច្បាប់ ក្នុងការឆ្លើយតប ចំពោះទង្វើគំរាមកំហែងផ្នែកយោធារបស់សហរដ្ឋអាមេរិក។
មីស៊ីលប្រភេទចម្ងាយជិតចំនួនពីរគ្រាប់របស់ទីក្រុងព្យុងយ៉ាង ត្រូវ បានបាញ់ផ្លោងចេញពីទីក្រុងឆ្នេរសមុទ្រភាគអាគ្នេយ៍នៃទីក្រុង Munchon ហោះទៅកាន់ភាគកើតឧបទ្វីបកូរ៉េ។
បើតាមកងទ័ពកូរ៉េខាងត្បូង គ្រាប់ទី១ បានបាញ់នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ១និង៤៧នាទីព្រឹក ម៉ោងនៅក្នុង ស្រុក និងលើកទី២បានបាញ់នៅប្រហែល ៦នាទីបន្ទាប់។
ចំណែក ជប៉ុន តាមរយៈការិយាល័យនាយករដ្ឋមន្ត្រីនៅថ្ងៃទី៩ ខែតុលា បានបញ្ជាក់ថាមានយ៉ាងហោចណាស់មីស៊ីលផ្លោង មួយគ្រាប់ ត្រូវបានបាញ់ដោយកូរ៉េខាងជើងនៅថ្ងៃនេះ ហើយ ជប៉ុនកំពុងតែធ្វើការសិក្សាតាមដានបន្ថែម។
នេះជាការបាញ់សាកល្បងមីស៊ីលលើកទី៧ នៅក្នុងរយៈពេលពីរ សប្តាហ៍របស់កូរ៉េខាងជើង ដើម្បីឆ្លើយតបទៅនឹងសកម្មភាពដែល ទីក្រុងសេអ៊ូល តូក្យូ និងវ៉ាស៊ីនតោន ធ្វើសមយុទ្ធយោធារួមគ្នាយ៉ាង ខ្លាំងខ្លាក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
កូរ៉េខាងជើងបានថែមទាំងបាញ់មីស៊ីលលើកទី៦ ដែលមាន រយៈ ចម្ងាយមធ្យម ឆ្លងកាត់ពីលើប្រទេសជប៉ុន ធ្វើឱ្យប្រជាពលរដ្ឋ ក្នុង តំបន់រត់រកកន្លែងសុវត្ថិភាពជាបន្ទាន់ផងដែរ។
ក្នុងសំណុំរឿងនៅឧបទ្វីបកូរ៉េនេះ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ នៅក្នុងសេចក្តីថ្លែងការណ៍របស់អាមេរិក គឺមានប្រទេសទាំងបី រួម ជាមួយនិងអង្គការសហប្រជាជាតិ នឹងបន្តសហការយ៉ាងជិតស្និទ្ធក្នុង ការឆ្លើយតប ទៅលើការគំរាមកំហែងយ៉ាងធ្ងន់ធ្ងររបស់ កូរ៉េខាងជើង ។ សហរដ្ឋអាមេរិកក៏បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើក្រុមហ៊ុន និងបុគ្គលមួយចំនួននៅក្នុងតំបន់អាស៊ី ដែលត្រូវបានចោទ ប្រកាន់ ថាបានជួយ កូរ៉េខាងជើងក្នុងការទិញប្រេងឥន្ធនៈ រំលោភបំពានទៅ លើ ការ ដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិទៅលើ ប្រទេស កុម្មុយនីស្តមួយនេះ។
នៅថ្ងៃទី៨ ខែតុលា កូរ៉េខាងជើងដែលបញ្ច្រាស់នឹងការថ្កោលទោស របស់សហគមន៍អន្តរជាតិនោះ បានអះអាងថាការបាញ់ សាកល្បង មីស៊ីលកាលពីពេលថ្មីៗនេះ ជាការប្រឆាំងតបស្របច្បាប់ តែប៉ុណ្ណោះ ចំពោះទង្វើគំរាមកំហែងផ្នែកយោធារបស់សហរដ្ឋអាមេរិកដែលបានអូសបន្លាយជាងកន្លះសតវត្សរួចមកហើយ។
សេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយផ្សេង ប្រទេសកូរ៉េខាងជើង វិញថាខ្លួនកំពុងមានការព្រួយបារម្ភជាខ្លាំងទៅលើស្ថានភាពបច្ចុប្បន្ននេះ តាមរយៈការប្រើប្រាស់នាវាថាមពលនុយក្លេអ៊ែរ USS Ronald Reagan ក្នុងការធ្វើសមយុទ្ធយោធារបស់អាមេរិក-កូរ៉េខាងត្បូងក្នុង សប្តាហ៍នេះ ដោយចាត់ទុកថាជាការធ្វើសមយុទ្ធត្រៀម ការឈ្លាន ពាន។ ដូចនេះហើយការសាកល្បងមីស៊ីល របស់ពួកគេគឺជាការ ឆ្លើយតបដ៏ត្រឹមត្រូវបំផុត៕ ដោយ៖ បណ្តូល ពេជ្រ / CPA