រដ្ឋមន្រ្តីស្តីទីក្រសួងកសិកម្មចេញសេចក្ដីណែនាំស្តីពីការធានានិរន្តរភាពការងាររបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ភ្នំពេញៈឧបនាយករដ្ឋមន្រ្តីឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជារដ្ឋមន្រ្តីស្តីទីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសេចក្ដីណែនាំស្តីពីការធានានិរន្តរភាពការងាររបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។នេះបើយោងតាមសេចក្តីណែនាំផ្លូវការនៅថ្ងៃទី៩ខែតុលាឆ្នាំ២០២២។
សេចក្តីណែនាំបានបញ្ជាក់ថា យោងព្រះរាជក្រឹត្យលេខ នស/រកត/១០២២/១២០៦ ចុះថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២២ និងសេចក្តី សម្រេចលេខ៦៩សសរចុះថ្ងៃទី៨ខែតុលាឆ្នាំ២០២២ស្តីពីការចាត់តាំងរដ្ឋមន្ត្រីស្តីទីនៃក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ខ្ញុំសូមផ្ដល់ការណែនាំមួយចំនួនដូចខាងក្រោមៈ
១-គ្រប់អង្គភាពទាំងអស់ចំណុះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបន្តអនុវត្តតាម មុខងារ និងភារកិច្ច ដែលត្រូវបានកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងត្រូវថែរក្សានិងការពាររាល់ ឯកសារការងារទាំងអស់ដែលស្ថិតនៅក្រោមសមត្ថកិច្ចនិងការទទួលខុសត្រូវរបស់ខ្លួនឱ្យបានត្រឹមត្រូវប្រកបដោយសុវត្ថិភាព តាមការកំណត់ន បទប្បញ្ញត្តិជាធរមាន ។
២- ខុទ្ទកាល័យអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវថែរក្សានិងការពារឯកសារទាំងអស់ឱ្យ បានត្រឹមត្រូវដើម្បីត្រៀមផ្ទេរប្រគល់ជូនខុទ្ទកាល័យរដ្ឋមន្រ្តីថ្មីដែលនឹងត្រូវបានតែងតាំងនិងចូលកាន់តំណែងនាពេលខាងមុខ។ចំពោះមុខ,ខុទ្ទកាល័យអតីតរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទត្រូវប្រគល់ត្រារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជូនមកខុទ្ទកាល័យរដ្ឋមន្ត្រីស្តីទី ដែលមានទីតាំងនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីគ្រប់គ្រងជាបណ្តោះអាសន្នចាប់ពីពេលនេះរហូតដល់រដ្ឋមន្រ្តីថ្មីត្រូវបានតែងតាំងចូលកាន់តំណែងជាផ្លូវការ ។
៣- ចំពោះរាល់ឯកសារ ឬលិខិតបទដ្ឋានគតិយុត្ត ដែលត្រូវការនូវការពិនិត្យ និងការសម្រេចរបស់រដ្ឋមន្ត្រីស្តីទី, ខុទ្ទកាល័យ និងថ្នាក់ដឹកនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបញ្ជូនមកខុទ្ទកាល័យរដ្ឋមន្ត្រីស្តីទី ដែលមានទីតាំងនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
៤-រាល់ទំនាក់ទំនងការងារ ដើម្បីសុំការពិនិត្យសម្រេចរបស់រដ្ឋមន្ត្រីស្តីទី, សូមទាក់ទងថ្នាក់ដឹកនាំខុទ្ទកាល័យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដូចខាងក្រោមៈ ឯកឧត្ដម គីម សុភៈ រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ ទូរស័ព្ទលេខ ០៧៧ ៨៨១ ១៦៨,ឯកឧត្តម នុប សុធនវិចិត្រ អនុរដ្ឋលេខាធិការ និងជានាយករងខុទ្ទកាល័យទូរស័ព្ទលេខ ០១៧ ៧១១ ៧៨៨,ឯកឧត្តម បៀន សាំង ជំនួយការឧបនាយករដ្ឋមន្ត្រី ទូរស័ព្ទលេខ ០១២ ៨១៩ ៩៧៧។
សូមរំលឹកថាព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៨ ខែ តុលា ឆ្នាំ២០២២ បាន ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់មុខតំណែងលោក វេង សាខុន ពីរដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ។
បន្ទាប់មកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានសម្រេចចាត់តាំងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជារដ្ឋមន្ត្រីស្តីទីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ថែមលើមុខងារបច្ចុប្បន្ន រហូតដល់មានការតែងតាំងជាផ្លូវការនូវរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នេះបើយោងតាមសេចក្តីសម្រេចចុះថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២។
នៅក្នុងសេចក្តីសម្រេចបានបញ្ជាក់ថារដ្ឋមន្ត្រីស្តីទីនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទដែលទទួលបានការចាត់តាំងខាងលើ ប្រើប្រាស់សិទ្ធិអំណាចទាំងអស់ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីដឹកនាំ និងគ្រប់គ្រងការងាររបស់ក្រសួងអង្គភាពចំណុះរបស់ក្រសួងព្រមទាំងមន្ត្រីរាជការនិងបុគ្គលិកដែលជាភ្នាក់ងាររដ្ឋបាល នៅក្រោមឱវាទរបស់ខ្លួន៕ដោយ៖ពលជ័យ