អ្នកវិភាគ៖ការរួបរួមគ្នាររវាងគណបក្សខ្មែររួបរួមជាតិ -កម្ពុជា​​និយមជាសញ្ញាវិជ្ជមានមួយ

ភ្នំពេញ៖លោកបណ្ឌិត សេក សុជាតិ អ្នកវិភាគមួយរូបបានបង្ហាញនូវទស្សនៈថា ការរួបរួមគ្នាររវាងគណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយមនាពេលនេះ ជាសញ្ញាល្អនិងវិជ្ជមានមួយ បើទោះបីជាមិនខ្លាំងក៏ដោយ ហើយក៏អាចមានទម្ងន់ក្នុងការតតាំងរឿងផ្សេងដែរឱ្យតែពួកគាត់មានឆន្ទៈនិងការប្ដេជ្ញាចិត្តខ្ពស់។គណបក្សទាំងពីរពីរនេះអាចក្លាយជាចលនាមួយ ដែលបង្ហាញឱ្យឃើញនូវការរួបរួមមួយពិត ដែលមិនបាននិយាយតែមាត់ តែគ្មានការបង្រួបបង្រួមគ្នាពិតប្រាកដ។

លោកបន្តថា ការបង្រួបបង្រួមនេះ ជាគំរូសម្រាប់ គណបក្សភ្លើងទៀន និង គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក៏ដូចជាគណបក្សនយោបាយផ្សេងៗទៀត។កម្លាំងដ៏ធំបំផុតសម្រាប់គណបក្សនយោបាយដែលគ្មានអាសនៈទាំងអស់ គឺត្រូវរួមគ្នាជាគណបក្សតែមួយ ទើបអាចប្រជែងជាមួយគណបក្សកាន់អំណាចបាន។

លោកសេក សុជាតិ បានបន្តថា គណបក្សភ្លើងទៀន គួរទម្លាក់ចោលគំនិតគណបក្សជាធំហើយត្រូវសម្លឹងមើលអនាគតសង្គម និងប្រជាពលរដ្ឋជាធំ។ ការរៀបចំសម្ព័ន្ធភាពនយោបាយរបស់ក្រុមអ្នកប្រជាធិបតេយ្យពិតជាសំខាន់ ណាស់ដូច្នេះគណបក្សភ្លើងទៀនគួរឈប់យកអំនួតជាមូលដ្ឋានដើម្បីកសាងកម្លាំងអ្នកប្រជាធិបតេយ្យសេរីមួយពិតប្រាកដ។

លោកបណ្ឌិត សេក សុជាតិ អ្នកវិភាគ(រូបថតឯកសារ)

អ្នកវិភាគដដែលបានបន្តទៀតថា គណបក្សប្រជាធិបតេយ្យមូលដ្ឋានមានបញ្ញវន្តល្អៗច្រើន។រីឯគណបក្សភ្លើងទៀន មានសកម្មជននៅគ្រប់កន្លែងហើយគណបក្សនយោបាយផ្សេងៗទៀតគេមានឆន្ទៈចូលរួមដូច្នេះគណបក្សភ្លើងទៀនបើមិនកែប្រែទម្លាប់មិនល្អនេះទេអនាគតបានត្រឹមជាគណបក្សកំដរនយោបាយគណបក្សកាន់អំណាចជាដរាប។

សូមជម្រាបថា មេដឹកនាំគណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម នឹងជួបគ្នានៅថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២ ដើម្បីពិភាក្សាលម្អិតស្វែងរកការសម្រេចរួមឈានទៅបង្កើតប៉ូលនយោបាយប្រជាធិបតេយ្យសេរីថ្មីមួយ ។

ក្នុងគោលដៅបង្រួបបង្រួម ផ្សះផ្សា អ្នកតស៊ូដើម្បីបុព្វហេតុជាតិ អ្នកជាតិនិយម អ្នកប្រជាធិបតេយ្យសេរីនិយម និងលើកកម្ពស់ប្រជាធិបតេយ្យសេរីសិទ្ធិសេរីភាពការគោរពសិទ្ធិមនុស្សយុត្តិធម៌សង្គមដើម្បីផលប្រយោជន៍ដ៏ឧត្ដុង្គឧត្តម សម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋ គណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយមនឹងជួបពិភាក្សាគ្នា ស្តីពីការរួបរួមគ្នាដើម្បីបង្កើតប៉ូល នយោបាយប្រជាធិបតេយ្យសេរីថ្មី ដោយមានសមាសភាពចូលរួមចម្រុះពី និស្សិត បញ្ញវន្តយុវជនស្រ្តីអ្នកតស៊ូដើម្បីបុព្វហេតុជាតិអ្នកជាតិនិយមអ្នកប្រជាធិបតេយ្យសេរីនិយមក្នុងការត្រៀមលក្ខណៈចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិឆ្នាំ២០២៣ខាងមុខ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួមរវាងគណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២។

សេចក្តីប្រកាសព័ត៌មានបានបន្តថា ក្នុងស្មារតីខាងលើនេះ គណបក្សទាំងពីរបានព្រមព្រៀងគ្នា រៀបចំឱ្យមានជំនួបរវាងថ្នាក់ដឹកនាំ នៃគណបក្សទាំងពីរ ដើម្បីពិភាក្សាលម្អិត ស្វែងរកការសម្រេចរួម ឈានទៅបង្កើតប៉ូលនយោបាយប្រជាធិបតេយ្យសេរីថ្មីមួយ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ទី១០ ខែតុលាឆ្នាំ២០២២ វេលាម៉ោង ៨ព្រឹកនៅសណ្ឋាគារសាន់វ៉េ ភ្នំពេញ (Sunway Hotel Phnom Penh)។ បន្ទាប់ពីបញ្ចប់នូវកិច្ចពិភាក្សា នឹងមានធ្វើ សន្និសីទសារព័ត៌មាន ដើម្បីប្រកាស ពីលទ្ធផល នៃជំនួបរវាងគណបក្សទាំងពីរ៕
ដោយ៖ពលជ័យ

ads banner