ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បង្កើតក្រុមការងារដោះស្រាយផលប៉ះពាល់ ដោយសារទឹកជំនន់
(ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជារដ្ឋមន្ត្រីស្តីទីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ បានសម្រេចបង្កើតក្រុមការងារក្នុងគោលដៅពន្លឿនការពិនិត្យ តាមដាន និងវាយតម្លៃលើផលប៉ះពាល់ ការខូចខាតដំណាំស្រូវ និងដំណាំរួមផ្សំដោយសារទឹកជំនន់ ដើម្បីអាចផ្តល់គ្រាប់ពូជស្រូវ និងដំណាំរួមផ្សំដល់កសិកររងគ្រោះ ដើម្បីអាចស្តារដំណាំឡើងវិញទាន់ពេលវេលា។
ក្នុងសេចក្តីសម្រេចនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបង្កើតក្រុមការងារធំៗចំនួន៣រួមមាន៖ ក្រុមការងារទទួលខុសត្រូវរួម, ក្រុមការងារចុះពិនិត្យជាក់ស្តែងតាមបណ្តាខេត្តគោលដៅ និងក្រុមការងារបូកសរុបរបាយការណ៍។
ក្នុងសេចក្តីសម្រេចនេះ បានបញ្ជាក់ថា ក្រុមការងារទាំងអស់មានតួនាទី និងភារកិច្ច សម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិគោលដៅ ដើម្បីពន្លឿនការពិនិត្យ និងវាយតម្លៃស្ថានភាពជាក់ស្តែងនៃផលប៉ះពាល់ ការខូចខាត លទ្ធភាពស្តារឡើងវិញដំណាំស្រូវ និងដំណាំរួមផ្សំ ដែលរងគ្រោះដោយសារទឹកជំនន់ ដោយសារសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
ក្រុមការងារនេះ ក៏មានតួនាទី និងភារកិច្ច ចុះពិនិត្យ និងវាយតម្លៃស្ថានភាពជាក់ស្តែងនៃផលប៉ះពាល់ ការខូចខាត និងលទ្ធភាពស្តារឡើងវិញដំណាំដែលរងគ្រោះដោយសារទឹកជំនន់ ដោយសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីផ្តល់គ្រាប់ពូជស្រូវ និងដំណាំរួមផ្សំដល់កសិកររងគ្រោះ ដើម្បីស្តារឡើងវិញឱ្យបានទាន់ពេលវេលា ៕ សេឌី