តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសួរសុខទុក្ខ លោកជំទាវ ច័ន្ទ ធី ដល់គេហដ្ឋាន
ភ្នំពេញ៖ ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលដឹកនាំដោយ ឯកឧត្តម ចាយ បូរិន សមាជិការគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានផ្នែកឃោសនាអប់រំនៃយុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអញ្ជើញទៅសួរសុខទុក្ខ លោកជំទាវ ច័ន្ទ ធី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន នាថ្ងៃទី៩ខែតុលា ឆ្នាំ២០២២ ។
ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចប្រធានគណបក្ស សម្តចប្រធានកិត្តិយសគណបក្ស សម្តេច លោកជំទាវ អនុប្រធានគណបក្ស ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ រួមជាមួយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះលោកជំទាវ ច័ន្ទ ធី និងក្រុមគ្រួសារ។
ឯកឧត្តមប្រធានប្រតិភូបានលើកឡើងថា គណបក្សប្រជាជនកម្ពុជាតែងតែរក្សាចាស់បង្កើនថ្មី ហើយជានិច្ចជាកាលសម្តេចនិងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ តែងតែយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខ និងជីវភាពរស់នៅរបស់ឥស្សរជនស្នេហាជាតិ ចាស់ព្រឹទ្ធាចារ្យទំាងអស់ដែលមានគុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិមាតុភូមិ។
លោកជំទាវ ច័ន្ទ ធី បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេច លោកជំទាវ ឯកឧត្តម ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេសឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមជូនដល់ចាស់ព្រឹទ្ធាចារ្យ និងគិតសុខុមាលភាពរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយ ស័កិ្កសមជាអ្នកបន្តវេន ពោរពេញដោយគុណធម៌ សមត្ថភាព ចំណេះដឹង និងមានចក្ខុវិស័យវែងឆ្ងាយ ជាទំពំាងស្នងឫស្សីរបស់គណបក្ស និងបន្តវេនដឹកនាំប្រទេសជាតិទៅថ្ងៃអនាគត។
លោកជំទាវ ក៏បានរៀបរាប់ពីប្រវត្តិការងារថា ក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩ បានចូលបម្រើការងារ ផ្នែកសិល្បៈនៅអគ្គនាយកដ្ឋានវិទ្យុសំឡេងប្រជាជនកម្ពុជា ក្រសួងឃោសនាការ បានទៅសិក្សាផ្នែកទូរទស្សន៍នៅប្រទេសវៀតណាម បានចូលរួមបង្កើតទូរទស្សន៍ជាតិកម្ពុជា (ទទក) នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ១៩៨៣ ធ្វើជាពិធីករ អ្នករៀបចំកម្មវិធីសិល្បៈកំសាន្ត ជាអ្នកនិពន្ធ អ្នកដឹកនាំរឿង ជាប្រធានការិយាល័យ អនុប្រធាននាយកដ្ឋាន អគ្គនាយករងទូរទស្សន៍ជាតិកម្ពុជា ជាអនុរដ្ឋលេខាធិការ រដ្ឋលេខាធិការក្រសួងព័ត៌មាន រហូតមកដល់បច្ចុប្បន្ននេះ។
ឯកឧត្តម ចាយ បូរិន បានសម្តែងការកោតសរសើរនូវចំណេះដឹង ទេពកោសល្យ បទពិសោធន៍ការងារ យ៉ាងច្រើនឥតគណនារបស់លោកជំទាវ ច័ន្ទ ធី និងការលះបង់កម្លំាងកាយចិត្តនិងប្រាជ្ញាស្មារតី ក្នុងការចូលរួមចំណែកកសាងអភិវឌ្ឍវិស័យសិល្បៈ និងព័ត៌មានស្ទើរមួយជីវិត ។
ឯកឧត្តម ចាយ បូរិន បានប្រគល់ជូនវត្ថុអនុស្សារីយ៍និងថវិកា ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនលោកជំទាវ ច័ន្ទ ធី និងសូមជូនពរលោកជំទាវឱ្យឆាប់បានសះស្បើយ មានសុខភាពល្អ និងជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕ ដោយ ហេង សម្បត្តិ