ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចូលរួមកម្មវិធីតាំងពិព័រណ៍ប្រចាំតំបន់ រយៈពេល២ថ្ងៃ
តូក្យូ ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចូលរួមកម្មវិធីតាំងពិព័រណ៍ប្រចាំតំបន់ មីណាតុ (Minato Matsuri) រយៈពេល២ថ្ងៃចាប់ពីរថ្ងៃទី៨ -៩ ខែតុលា ឆ្នាំ២០២២ នៅឧទ្យានសុីប៉ាក់ ខណ្ឌ មីណាតុ (Minato) ក្រុងតូក្យូ ដើម្បីផ្សព្វផ្សាយអំពីផលិតផលរបស់ខ្មែរ ឲ្យប្រជាជនជប៉ុន និងភ្ញៀវអន្តរជាតិបានស្គាល់ បានដឹងអំពីផលិតផលរបស់ខ្មែរកាន់តែច្រើនឡើងថែមទៀត ជាពិសេសបានភ្លក្សនូវគ្រាប់ស្វាយចន្ទីលីងរបស់ខ្មែរដែលមានរសជាតិឈ្ងុយឆ្ងាញ់ ។
ផលិតផលដែលបានដាក់តាំងបង្ហាញមានដូចជា គ្រាប់ស្វាយចន្ទី ម្រេចកំពត ធូបក្រអូប និងមានការផ្សព្វផ្សាយក៏ដូចជាកាចែកជូននូវសៀវភៅទេសចរណ៍ សៀវភៅបរិស្ថាន សៀវភៅវិនិយោគ និងមានការចាក់បញ្ចាំងវីដេអូអំពីសក្តានុពលទេសចរណ៍ និងវប្បធម៌នានានៅប្រទេសកម្ពុជា ក្រោយពីការងើបឡើងវិញនៃវិបត្តិជំងឺកូវីដ១៩ ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា និងសហការី បានទទួលស្វាគមន៍ ចំពោះលោកMasaaki Takei អភិបាលខណ្ឌ មីណាតុ(Minato )ដែលបានផ្តល់កត្តិយស មកទស្សនាស្តង់ពិព័រណ៌របស់ស្ថានទូតកម្ពុជា ហើយក្នុងឱកាសនោះ ឯកឧត្ដម ទុយ រី ក៏បានជូនវត្ថុអនុស្សាវរីយ៍ ដល់លោកMasaaki Takei អភិបាលខណ្ឌ មីណាតុ(Minato)មានដូចជាសៀវភៅទេសចរណ៍ សៀវភៅបរិស្ថាន សៀវភៅវិនិយោគ និងផលិតផលរបស់ខ្មែរមួយចំនួនទៀតផងដែរ។
ក្នុងនោះផងដែរក្រៅពីស្តង់ពិព័រណ៍របស់ស្ថានទូតកម្ពុជា ក៏មានស្តង់ពិព័រណ៍របស់ស្ថានបេសកម្មបរទេសផ្សេងទៀតចំនួន១២ប្រទេសដែលស្ថិតនៅតំបន់មីណាតុ និងក្រុមហ៊ុនជាច្រើននៅតំបន់នេះ ក៏បានចូលរួមដាក់តាំងបង្ហាញផលិតផល និងផ្សព្វផ្សាយសេវាកម្មរបស់ខ្លួនយ៉ាងច្រើនកុះករផងដែរ៕ ដោយ / គ្រី សម្បត្តិ