នគរបាល ថៃ ចាប់ខ្លួនអ្នកយកព័ត៌មាន CNN ដោយចោទប្រកាន់ពីបទ បំពានក្រមសីលធម៌ ទាក់ទងនឹងការសម្លាប់រង្គាល
បាងកក៖ បុគ្គលិកពីរនាក់នៃក្រុមប្រព័ន្ធផ្សព្វផ្សាយ CNN ត្រូវបានចាប់ខ្លួននៅ Udon Thani ពីបទទន្ទ្រាននៅកន្លែងកើតហេតុឧក្រិដ្ឋកម្មនៃការសម្លាប់រង្គាលនៅមណ្ឌលថែទាំ នៅខេត្ត Nong Bua Lamphu នៅថ្ងៃអាទិត្យនេះ។

អ្នកយកព័ត៌មានអូស្ត្រាលី Anna Coren អាយុ ៤៧ ឆ្នាំដែលបានរាយការណ៍ពីខាងក្នុងមណ្ឌលថែទាំកុមារ ហើយអ្នកថតរូបជនជាតិអង់គ្លេសឈ្មោះ Daniel Hodge អាយុ ៣៤ ឆ្នាំ ត្រូវបាននាំទៅកាន់ប៉ុស្តិ៍ប៉ូលីស Na Klang ដែលមានយុត្តាធិការលើកន្លែងកើតហេតុ។
ការចាប់ខ្លួននេះបានធ្វើឡើងបន្ទាប់ពីប្រធានរដ្ឋបាលសង្កាត់ Uthai Sawan លោក Danaichoke Boonsom បានដាក់ការចោទប្រកាន់លើ CNN នៅប៉ុស្តិ៍នគរបាល Na Klang ។ លោក Danaichoke បាននិយាយថា ការផ្សាយរបស់ CNN បានធ្វើឱ្យប៉ះពាល់ដល់អ្នកស្រុកយ៉ាងធ្ងន់ធ្ងរ ជាពិសេសសាច់ញាតិរបស់ជនរងគ្រោះ។ ក្រុមការងាររបស់ CNN បានចាក់ផ្សាយរូបភាពក្រាហ្វិចពីខាង ក្នុងមណ្ឌលបណ្ដាលឱ្យមានការខឹងសម្បារជាសាធារណៈ និងការចោទប្រកាន់ពីប្រព័ន្ធផ្សព្វផ្សាយថៃថា បានបំពានក្រមសីលធម៌អ្នកសារព័ត៌មាន។

លោក Danaichoke បន្ថែមថា ប្រព័ន្ធផ្សព្វផ្សាយត្រូវបានរារាំងពីឈុតឆាកឧក្រិដ្ឋកម្មធ្ងន់ធ្ងរ លុះត្រាតែមានការអនុញ្ញាតឱ្យចូល។
ទូរទស្សន៍ CNN បានអះអាងថា ក្រុមសហការីរបស់ខ្លួនបានទទួលការអនុញ្ញាតពីមន្ត្រីថៃ ដើម្បីចូលទៅក្នុងកន្លែងឧក្រិដ្ឋកម្ម ទោះបីជាប្រព័ន្ធផ្សព្វផ្សាយថៃបដិសេធការអនុញ្ញាតណាមួយក៏ដោយ ។
ការិយាល័យអន្តោប្រវេសន៍ក៏បានដកហូតទិដ្ឋាការទេសចរណ៍របស់ Coren និង Hodge ដោយពន្យល់ថាការរាយការណ៍ដោយគ្មានទិដ្ឋាការប្រព័ន្ធផ្សព្វផ្សាយគឺជាបទល្មើសព្រហ្មទណ្ឌ។
ប្រភពបានបន្ថែមថា ការទន្ទ្រានរបស់ពួកគេនៅកន្លែងកើតហេតុ អាចជាការរំខានដល់ភស្តុតាង និងរំខានដល់ការងាររបស់អ្នកស៊ើបអង្កេត៕ ប្រភពពី The Nation, ដោយ៖ សារ៉ាត