អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបើកកិច្ចប្រជុំជាមួយអាជ្ញាធរខេត្តមួយចំនួនដើម្បីចាត់វិធានការស្ដារស្រូវ និងដំណាំដែលខូចខាត

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ បន្ទាប់ពីមានបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជុំវិញការស្តារដំណាំស្រូវដែលខូចខាត ដោយ ទឹកជំនន់រួចមក ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានចាប់ផ្ដើមចុះជួបប្រជុំជាមួយអាជ្ញាធរនិងមន្ទីរជំនាញពីខេត្តសៀមរាបនិងកំពង់ធំនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់ពីគោលការណ៍ដែល រាជរដ្ឋាភិបាលបានដាក់ចេញនូវទិសដៅអាទិភាពបន្ទាន់សម្រាប់ប្រតិបត្តិការត្រៀមផ្តល់ពូជស្រូវ និងដំណាំរួមផ្សំជូនដល់ប្រជាពលរដ្ឋ សម្រាប់ស្តាជីវភាពឡើងវិញបន្ទាប់ពីទឹកស្រកផុតទៅ។ លោកថា វិស័យកសិកម្មជាវិស័យស្នូលមួយទ្រទ្រង់សេដ្ឋកិច្ចប្រជាពលរដ្ឋកម្ពុជា។ លោកក៏បានណែនាំដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្ត និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ចាំបាច់ត្រូវសហការ គ្នាសិក្សាឱ្យបានម៉ត់ចត់អំពីភូមិសាស្រ្តនីមួយៗដែលត្រូវស្តារឡើងវិញ ក្នុងពេលស្ថានភាពអាកាសធាតុបន្តប្រឈម និងអាចអូសបន្លាយ រងគ្រោះដោយទឹកជំនន់។

ឯកឧត្តម គន់ គីម បានបញ្ជាក់ថា៖« ទោះបីស្ថិតក្នុង កាលៈទេសៈ ណា ក៏ត្រូវសិក្សាអំពីការស្តារនិងផ្តល់ពូជស្រូវជូនប្រជាកសិករ ដែល ប៉ះពាល់ធ្ងន់ធ្ងរក្រោយទឹកជំនន់បានស្រកឱ្យទទួលបានការស្តារមុនគេដើម្បីធានាជីវភាពរបស់ប្រជាកសិករមិនឱ្យប៉ះពាល់ធ្ងន់ធ្ងរជាងនេះ»។
ក្នុងកិច្ចប្រជុំប្រជុំជាមួយអាជ្ញាធរខេត្តកំពង់ធំនិងសៀមរាបនៅថ្ងៃទី៩ខែតុលា មន្ទីរកសិកម្មខេត្ត បានឱ្យដឹងថា ខេត្តសៀមរាប មានស្រុក ប្រាំបួន បានរងប៉ះពាល់ដោយទឹកជំនន់ ក្នុងនោះមានដំណាំស្រូវ ប៉ះពាល់ ៣២,៤៦៥ហិកតា ស្មើនឹង ២៥,៦២៣គ្រួសារ ដោយដំណាំ ស្រូវខូចខាត មាន ២,៧៨៣ហិកតា ខណៈទំហំការខូចខាតនេះ គ្រោង ធ្វើការស្តារឡើង ជំហានដំបូង ១,៥០០ហិកតា។

របាយការណ៍ពីមន្ទីរកសិកម្មខេត្តកំពង់ធំឱ្យដឹងថាខេត្តនេះ ទឹកជំនន់ ភ្លៀងបានបង្ករឱ្យផលប៉ះពាល់ដំណាំស្រូវសរុប ២៧,៣៤៥ ហិកតា ខូចខាត ៩,៥០០ ហិកតា ស្មើនឹង១,៥២២៣គ្រួសារ។

របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បង្ហាញថាគិតមកដល់ថ្ងៃទី៨ខែតុលា ខេត្តចំនួន២២កើតមានជំនន់ ភ្លៀង ដែលទឹកបានជន់លិចនៅតាមបណ្ដាស្រុកចំនួន៧៦ បណ្ដាល ឱ្យមនុស្សបួននាក់ស្លាប់ជម្លៀសពលរដ្ឋរាប់រយគ្រួសារមកកាន់ទីសុវត្ថិភាព ខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ខណៈដែលសាលារៀន មួយចំនួនត្រូវបានបិទទ្វាបណ្ដោះអាសន្ន។

ទឹកជំនន់ភ្លៀងបានជន់លិច ដំណាំស្រូវគ្រប់ប្រភេទ ជាង ១៥០.០០០ហិកតា និងដំណាំរួមផ្សំប្រមាណ ជាង ៤១.០០០ហិកតា៕ ដោយ៖វណ្ណ ស័ក្ដិ

ads banner