ឯកឧត្តម ហ៊ុន ម៉ានី បានរំលេចឡើងវិញពីការណែនាំរបស់ សម្តេចតេជោ និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ឱ្យបន្តគិតគូរ និងឧបត្ថម្ភគាំទ្រដល់កងទ័ព
ខេត្តពោធិ៍សាត់៖ ថ្ងៃទី០៩ខែតុលាឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៍ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំយកអាវរងានិងគ្រឿងឧបភោគបរិភោគមួយចំនួន មកចែកជូនដល់កងកម្លាំងប្រដាប់អាវុធនៅអង្គភាពកងពលតូចអន្តរាគមន៍លេខ១៤ ដែលឈរជើងនៅភ្នំបាយឃ្លះស្ថិតក្នុងឃុំអន្លង់ត្នោតស្រុកក្រគរខេត្តពោធិ៍សាត់។
បន្ទាប់ពីមតិស្វាគមន៍ និងរបាយការណ៍សង្ខេបរបស់លោកឧត្តមសេនីយ៍ទោ គឹម សេងងន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១៤ អំពីភូមិសាស្ត្រ ការងារអភិវឌ្ឍន៍ ស្ថានភាពជីវភាពរស់នៅ និងសកម្មភាពការងាររបស់កងទ័ពក្នុងអង្គភាពរួចមក ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ដោយបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណពីសំណាក់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលកំពុងជាប់បំពេញបេសកកម្មក្រៅប្រទេស ជូនទៅដល់កងកម្លាំងគ្រប់រូបដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការបំពេញភារកិច្ចប្រចាំនៅភូមិសាស្រ្តទទួលខុសត្រូវរបស់ខ្លួនបានល្អប្រសើរ។ ឯកឧត្តមបានបន្ថែមទៀតថា ទាំងសម្តេចតេជោនិងឯកឧត្តម ហ៊ុន ម៉ាណែត តែងតែណែនាំដល់ឯកឧត្តមនិងសមាជិកក្រុមគ្រួសារអំពីគុណតម្លៃ និងភាពអង់អាចក្លាហានកងទ័ព ព្រមទាំងបានផ្តល់ឱកាសក្នុងការហ្វឹកហាត់លត់ដំសមត្ថភាព និងស្វែងយល់ពីស្មារតី ឆន្ទៈ របស់នាយទាហាន នាយទាហានរង និងពលទាហាន នៅតាមខ្សែបន្ទាត់ព្រំដែនក្នុងបុព្វហេតុការពារទឹកដីនិងប្រជាជន។ ឯកឧត្តមបានគូសបញ្ជាក់ថា កងទ័ពមិនត្រឹមតែបំពេញតួនាទីក្នុងវិស័យការពារជាតិប៉ុណ្ណោះទេ តែក៏បានចូលរួមការងារសង្រ្គោះប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយផ្សេងៗ ជាពិសេសក្នុងកាលៈទេសៈដែលក្នុងភូមិសាស្រ្តកំពុងប្រុងជើងការចំពោះគ្រោះទឹកជំនន់ផងដែរ។
ឯកឧត្តម ហ៊ុន ម៉ានី បានអបអរសាទរនិងកោតសរសើរចំពោះការប្តេជ្ញាចិត្តដ៏មោះមុត របស់កងពលតូចអន្តរាគមន៍លេខ១៤ខេត្តពោធិ៍សាត់ ក្នុងការការពារបូរណភាពដែនដី ការពាររដ្ឋធម្មនុញ្ញ ការពារលទ្ធិប្រជាធិបតេយ្យ ការពារព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញពីការបោះឆ្នោតឱ្យខាងតែបាន ទោះក្នុងតម្លៃណាក៏ដោយ។
ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការបញ្ជាក់ជូនដល់មេបញ្ជាការ មេបញ្ជាការង និងកងកម្លាំងទាំងអស់ ចំពោះការបេ្តជ្ញាគាំទ្របេក្ខភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៅអាណត្តិបន្ទាប់ និងគាំទ្របេក្ខភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែតជាបេក្ខភាពនាយករដ្ឋមន្រ្តីបន្តវេននាពេលអនាគត។
សូមបញ្ជាក់ថា តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ឱ្យឯកឧត្តម ហ៊ុន ម៉ានី ចុះជួបសំណេះសំណាល និងនាំយកអាវរងាចែកជូនដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទប្រចាំយោធភូមិភាគទី៥ នៅតាមបញ្ជាការដ្ឋានទិសទាំងអស់។ ជាក់ស្ដែងថ្ងៃនេះឯកឧត្តមបានមកដល់កងពលតូចអន្តរាគមន៍លេខ១៤ខេត្តពោធិ៍សាត់ ដោយបាននាំយកនូវអាវរងា ស្បៀងអាហារ និងសម្ភារៈមួយចំនួនមកឧបត្ថម្ភផងដែរ ៕ ចេង ពុំ