សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ ឯកអគ្គរដ្ឋទូតនៃសហព័ន្ធអាល្លឺម៉ង់ ចូលជួបសម្ដែងការគួរសម នៅវិមានសន្តិភាព
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម Stefan Anton Messerer ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ។
សូមជម្រាបថា កាលពីព្រឹកថ្ងៃពុធ ទី០៧ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដម Stenfan Anton Messerer ឯក អគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ត្រូវបានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងនាមប្រមុខរដ្ឋស្តីទី បានអនុញ្ញាតឱ្យចូលជួបជូនសារតាំង និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។
ក្នុងព្រះបរមនាមព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងអំណរសាទរស្វាគមន៍ចំពោះឯកឧត្ដម Stenfan Anton Messerer ត្រូវបានឯកឧត្តមប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធ អាល្លឺម៉ង់ តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងឱកាសនោះ ឯកឧត្តម Stenfan Anton Messerer បានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជាផងដែរ។
ឯកឧត្តមឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា តាមរយៈបេសកកម្មការទូតរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមនឹងខិតខំរួមចំណែកពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងរដ្ឋាភិបាល ប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត ៕ ដោយ វណ្ណលុក