មនុស្សយ៉ាងហោច ១៣នាក់ត្រូវបានសម្លាប់និង៤៩នាក់ របួសក្នុង ការវាយប្រហារដោយមីស៊ីលនៅហ្សាប៉ូរីចា
អ៊ុយក្រែន៖ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីទៅលើទី ក្រុង ហ្សាប៉ូរីចា ភាគខាងត្បូងអ៊ុយក្រែន បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់ និងរបួស ៤៩ នាក់នៅថ្ងៃអាទិត្យ ទី៩ ខែតុលា ឆ្នាំ២០២២ ។ នេះបើតាមការឱ្យដឹងពីមន្ត្រីអ៊ុយក្រែន។
ហ្សាប៉ូរីចា គឺជាទីក្រុងដែលស្ថិតនៅក្រោមការគ្រប់គ្រង របស់ អ៊ុយក្រែន ប៉ុន្តែវាជាផ្នែកមួយនៃតំបន់ដែលប្រធានាធិបតីរុស្ស៊ីលោក ពូទីន បានកាត់បញ្ចូលជាទឹកដីរបស់រុស្ស៊ីកាលពីចុងខែកញ្ញា។ ទីក្រុងនេះ បានរងការវាយប្រហារម្តងហើយម្តងទៀតក្នុង ប៉ុន្មាន សប្តាហ៍ថ្មីៗនេះ ខណៈដែលរុស្ស៊ីបានវាយបកនៅតំបន់ទីក្រុងវិញ បន្ទាប់ពីទទួលរងបរាជ័យនៅភាគខាងត្បូង និងភាគខាងជើងឆៀង ខាងកើតនៃប្រទេសអ៊ុយក្រែន។
នៅថ្ងៃអាទិត្យ ទី៩ តុលា ហ្សាប៉ូរីចា បានរងការវាយប្រហារដោយ មីស៊ីលស្វ័យប្រវត្តិ (cruise missiles) របស់រុស្ស៊ីចំនួនប្រាំមួយ គ្រាប់ និងមីស៊ីលប្រឆាំងយន្តហោះ S-300 ចំនួន ១៦។ ក្រៅតែ ពីបណ្តាលឱ្យមនុស្សស្លាប់ និងរបួសរាប់សិបនាក់ មីស៊ីលរុស្ស៊ី ក៏បានបំផ្លាញអគារលំនៅដ្ឋានជាច្រើនផងដែរ។ នេះបើយោង តាមកងកម្លាំងអាកាសរបស់អ៊ុយក្រែន។
ប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេឡេនស្គី បានថ្កោលទោសការ វាយប្រហាររបស់កងព័ទរុស្ស៊ីលើទីក្រុង ហ្សាប៉ូរីចា ថាជាទង្វើដ៏ អាក្រក់ពេកក្រៃ។ លោក បានឱ្យដឹងដែរថា ក្នុងចំណោមអ្នករបួស ៤៩នាក់ មានកុមារប្រាំមួយនាក់ ដែលកំពុងសម្រាកព្យាបាល នៅឯមន្ទីរពេទ្យ។
គួរជ្រាបថា ទីក្រុងហ្សាប៉ូរីចា មានចម្ងាយប្រមាណ ១២៥ គីឡូម៉ែត្រ ពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីចា ដែលបច្ចុប្បន្ន កាន់កាប់ ដោយកងកម្លាំងរុស្ស៊ី។ ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីពីថ្ងៃអាទិត្យ បានកើតឡើងតែ មួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីហេតុការណ៍បំផ្ទុះរថយន្តនៅលើស្ពានគ្រីមេ ដែលបានសម្លាប់មនុស្សបីនាក់ និងបានបំផ្លាញស្ពានអស់មួយផ្នែក។
ហេតុការណ៍នេះ បានជំរុញឱ្យមានការភ័យខ្លាចនៅក្នុង ប្រទេស អ៊ុយក្រែន ចំពោះការសងសឹករបស់រុស្ស៊ី បើទោះអ៊ុយក្រែន មិនបាន ចេញមុខទទួលខុសត្រូវ ថាហេតុការណ៍បំផ្ទុះបំផ្លាញស្ពាន គ្រីមេជា ស្នាដៃ របស់ខ្លួនក៏ដោយ។
នៅទីបំផុត អ្វីៗក៏ពិតដូចជាការគិតរបស់អ៊ុយក្រែនមែន រុស្ស៊ីបាន បើកការវាយប្រហារលើទីក្រុងហ្សាប៉ូរីចា ហើយការវាយ ប្រហារ នៅថ្ងៃអាទិត្យ ទី៩ តុលា គឺជាការវាយប្រហារលើកទីពីរ របស់ កងទ័ពរុស្ស៊ីទៅលើទីក្រុងនេះក្នុងរយៈពេលមួយសប្តាហ៍៕
ដោយ៖លី លីយ៉ា
ប្រភពព័ត៌មាន៖ 1.Ukraine war: ‘Russian attack’ on city claimed by Moscow kills 13
2. Zaporizhzhia missile strikes killed 12 people, according to Ukraine