មន្រ្តីជាន់ខ្ពស់អាមេរិក កូរ៉េខាងត្បូង និងជប៉ុនពិភាក្សាតាមទូរស័ព្ទផ្តោតសំខាន់លើការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង

សេអ៊ូល៖ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសជប៉ុនបានជួបពិភាក្សាគ្នាតាមទូរស័ព្ទដាច់ដោយឡែកជាមួយសមភាគីអាមេរិក និងកូរ៉េខាងត្បូង ជុំវិញការបាញ់មីស៊ីលផ្លោងម្តងហើយម្តងទៀតរបស់កូរ៉េខាងជើងក្នុងពេលថ្មីៗនេះ។

លោក Funakoshi Takehiro ដែលជាប្រធានការិយាល័យកិច្ចការអាស៊ី និងមហាសមុទ្រនៃក្រសួងការបរទេសជប៉ុន បានសន្ទនាតាមទូរស័ព្ទជាមួយតំណាងពិសេសរបស់អាមេរិកទទួលបន្ទុកកិច្ចការកូរ៉េខាងជើង លោក Sung Kim ក្នុងថ្ងៃអាទិត្យទី០៩ ខែតុលា ឆ្នាំ២០២២ ហើយលោក Funakoshi ក៏បានពិភាក្សាជាមួយតំណាងពិសេសរបស់កូរ៉េខាងត្បូងទទួលបន្ទុកកិច្ចការសន្តិភាព និងសន្តិសុខនៅឧបទ្វីបកូរ៉េ គឺលោក Kim Gunn ផងដែរ។

ក្រុមមន្ត្រីបានយល់ស្របថា ការបាញ់មីស៊ីលផ្លោងជាបន្តបន្ទាប់ដោយកូរ៉េខាងជើង ចាប់តាំងពីចុងខែមុន រួមទាំងមួយលើកទៀតនៅព្រឹកព្រលឹមថ្ងៃអាទិត្យម្សិលមិញ បានបង្កការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ និងជាបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរដល់សហគមន៍អន្តរជាតិ។
ទន្ទឹមគ្នា ស្ថាប័ននៃអង្គការសហប្រជាជាតិ បានបញ្ជាក់ថា ការបាញ់បង្ហោះមីស៊ីលរបស់កូរ៉េខាងជើង គឺជាការបង្កគ្រោះថ្នាក់ដល់វិស័យអាកាសចរណ៍ស៊ីវិល។ ចំណែកក្រុមមន្ត្រីក៏បានអះអាងដែរថា ប្រទេសទាំងបីនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ក្នុងគោលបំណងពង្រឹងការទប់ស្កាត់ភាពចលាចលនៅក្នុងតំបន់ ក៏ដូចជាដើម្បីសម្រេចបាននូវការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងរបស់ប្រទេសកូរ៉េខាងជើង៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner