សមាគម PATA យកម្ហូបខ្មែរចូលក្នុងព្រឹត្តិការណ៍ ពិព័រណ៍ ពាណិជ្ជកម្ម ដើម្បីលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ឬ Cambodia’s Biz Fair ជាព្រឹត្តិការណ៍ដែលមានការប្រមូលផ្ដុំនូវស្តង់ពាណិជ្ជកម្ម សម្រាប់ដាក់តាំងលក់ផលិតផលនានា និងជាវេទិកាបង្កើតទំនាក់ ទំនងរវាងអ្នកជំនួញផងដែរ។ នៅឆ្នាំ២០២២នេះ ព្រឹត្តិការណ៍ ពាណិជ្ជកម្មកម្ពុជា នឹងត្រូវរៀបចំធ្វើចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែវិច្ឆិកា នៅខេត្តព្រះសីហនុ ក្រោមប្រធានបទ៖ «ម្ហូបអាហារ ភេសជ្ជៈ ទេសចរណ៍ និងសម្ភារចម្រុះ» ដោយវេទិកាមួយនេះ នឹងនាំយក ម្ហូបអាហារ និងភេសជ្ជៈពី២៥ខេត្តក្រុងមកដាក់តាំងប្រកួតប្រជែង។

ខេត្តមួយអាចនាំយកម្ហូបមកប្រកួតប្រាំមុខ និងបង្អែមពីរមុខ។នេះជាអ្វីដែលសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) បាន កំណត់។ តាមរយៈការកំណត់នេះ លោក ធួន ស៊ីណាន ប្រធាន សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិករំពឹងថា កម្ពុជានឹងអាច នាំយក ម្ហូបដែលជាអត្តសញ្ញាណរបស់ខេត្តនីមួយៗមកដាក់តាំង និង ធ្វើឱ្យអ្នក ចូលរួមស្គាល់កាន់តែច្រើន ។លោកបញ្ជាក់ថា កម្ពុជា មានម្ហូបដល់ទៅរាប់ពាន់មុខឯណោះ។

ប្រធានសមាគមរូបនេះសម្លឹងឃើញពីសក្កានុពលនៃវិស័យម្ហូបអាហារទៅលើគោលដៅទេសចរណ៍ ដោយលោកលើកយកករណី របស់ ប្រទេសថៃជាគំរូ។ លោកមានប្រសាសន៍ថា ទេសចរជាច្រើនបាន តម្រង់ទៅប្រទេសថៃ ដើរហូបអាហារតាមផ្លូវដ៏សម្បូរបែប ដែលមាន តម្លៃធូរថ្លៃនឹងមានអនាម័យល្អ។ បើតាមលោក ធួន ស៊ីណាន កម្ពុជា ក៏មិនខ្វះមុខម្ហូបសម្រាប់ទាក់ទាញទេសចរដែរ ក៏ប៉ុន្តែវាទាមទារធ្វើ យ៉ាងណាឱ្យថ្លៃដើមនៃការផលិតមានតម្លៃទាប និងមានការកែច្នៃម្ហូប ជាប្រចាំ ដើម្បីឱ្យភ្ញៀវអាចទទួលបានបទពិសោធថ្មីៗ ពីរសជាតិម្ហូប របស់កម្ពុជា។

លោក ធួន ស៊ីណាន បញ្ជាក់ថា៖ «ម្ហូបអាហារគឺសំខាន់ណាស់ មិន មែនតែក្នុងវិស័យទេសចរណ៍ទេ តែក៏ជាចំណែកដ៏សំខាន់ក្នុងការ រស់នៅប្រចាំថ្ងៃ។ដូច្នេះហើយនេះជារឿងមិនគួររំលងដែល យើង ប្រើប្រាស់ម្ហូបសម្រាប់ទាក់ទាញទេសចរ។» សម្រាប់កម្ពុជា លោក បានបន្ថែមថា កាន់តែមានសារៈសំខាន់ថែមទៀត ព្រោះ កម្ពុជាជា ប្រទេសនាំ មុខលើវិស័យកសិកម្ម ដែលទាមទារឱ្យមានការ ផ្គត់ផ្គង់ ក្នុងស្រុកដ៏ស្ថិតស្ថេរ ហើយអ្វីដែលមិនគួរមើលរំលងទៀតនោះ គឺ សុវត្ថិភាពរបស់ម្ហូបអាហារដែលផលិតបាន ។ពោលគឺចាំបាច់ឱ្យ មានស្តង់ដារផលិតត្រឹមត្រូវ ដែលអ្នកទេសចរអាចបរិភោគបាន ដោយមិនមានការព្រួយបារម្ភ។

តាមរយៈវេទិកាដ៏ធំនេះ អ្នកចូលរួមដាក់តាំងផលិតផលម្ហូប អាហារមួយរូបបានបង្ហាញក្ដីរំពឹងយ៉ាងមុតមាំចំពោះការចូលរួមលើកទី១របស់ខ្លួន។ លោក ហុក សៅ ម្ចាស់ភោជនីយដ្ឋាន Sea.1 ដែល មានទីតាំងនៅឆ្នេរអូឈើទាលបានរៀបរាប់ថា៖ «បច្ចុប្បន្ននេះ ភោជនីយដ្ឋានរបស់ខ្ញុំកំពុងច្នៃរម្ហូបពិសេសៗសម្រាប់ដាក់ប្រកួតនៅក្នុងពិព័រណ៍ពាណិជ្ជកម្មកម្ពុជា»។
ដោយហេតុថា លោកបានត្រៀមខ្លួនរួចជាស្រចសម្រាប់ការ ប្រកួតមុខម្ហូបប្រចាំខេត្ត ម្ចាស់ភោជនីយដ្ឋានរូបនេះជឿជាក់ថា ខ្លួននឹងអាចដណ្ដើមបាននូវជ័យលាភីជូនខេត្តរបស់លោក។ ម៉្យាងទៀត លោកអះអាងថា លោកមានចុងភៅចំណានដែលមាន បទពិសោធចម្អិនម្ហូបរាប់ឆ្នាំ និងមានឱជារសផងដែរ។

លោក ហុក សៅ រំពឹងថា ភោជនីយដ្ឋានរបស់លោកនឹងអាច ទទួល បានផលប្រយោជន៍ច្រើនពីការចូលរួមព្រឹត្តិការណ៍តាំងពិព័រណ៍ខាងមុខដោយសារវេទិកានេះជាវេទិកាធំ មានមនុស្សចូលរួមច្រើនទាំង មកពីខេត្តផ្សេងៗទូទាំងប្រទេសកម្ពុជា និងមកពីបណ្ដាប្រទេស ជិតខាង ប្រទេសជាសមាជិកអាស៊ាន និងអាស៊ីប៉ាស៊ីហ្វិកជាដើម។ តាមរយៈការផ្សព្វផ្សាយម្ហូបអាហារនៅក្នុងការតាំងពិព័័រណ៍នេះ ភោជនីយដ្ឋាន Sea.1 របស់លោក ហុក សៅ ចង់ក្លាយទៅជា ភោជនីយដ្ឋានគំរូមួយដែលផលិតនិងចម្អិនអាហារសុវត្ថិភាព ផ្ដល់ផាសុកភាពដល់ភ្ញៀវទេសចរ និងជាទីផ្សារសំខាន់សម្រាប់ អ្នកនេសាទខ្មែរផងដែរ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ពិព័ណ៍ពាណិជ្ជកម្មកម្ពុជា នឹង ធ្វើ ឡើងនៅ ថ្ងៃទី ៥ ដល់ថ្ងៃទី៩ ខែវិច្ឆិកាខាងមុខ នៅឯឆ្នេរពយជំទាវម៉ៅ ខេត្តព្រះសីហនុ។ព្រឹត្តិការណ៍នេះនឹងបើកឱ្យបណ្ដាប្រទេស ក្នុងអាស៊ាន និងប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកចូលរួម បង្កើត ទំនាក់ទំនងពាណិជ្ជកម្ម ក៏ដូចជាលើកស្ទួយផលិតផលកសិកម្មខ្មែរ ដោយរំពឹងថាមានអ្នកចូលរួមចំនួន ទស្សនា៥០ម៉ឺននាក់ ជាមួយ ស្តង់ផលិតផលចំនួន៧០០ស្តង់៕
ដោយ៖កែវ បុស្បា

ads banner