រសៀលនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតី បិទសន្និបាតកាយរិទ្ធជាតិកម្ពុជា
ភ្នំពេញ៖ នៅរសៀល ថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីពិធីបិទសន្និបាតកាយរិទ្ធ ជាតិកម្ពុជា ដែលពិធីនេះ ធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
សូមជម្រាបថា កាយរឹទ្ធិជាតិកម្ពុជា គឺជាចលនាអប់រំក្រៅប្រព័ន្ធយ៉ាង សកម្មមួយដែលបានចូលរួមគាំទ្រដល់ប្រព័ន្ធអប់រំនៅកម្ពុជា និងបានចូលរួមយ៉ាងជោគជ័យក្នុងសកម្មភាពស្ម័គ្រចិត្តក៏ដូចអនុវត្តគម្រោងសហគមន៍ផ្សេងៗ តាមរយៈការផ្សារភ្ជាប់កុមារ និងយុវជនទៅក្នុងសហគមន៍នានា។
កម្ពុជា បានបង្កើតក្រុមកាយរឹទ្ធកាលពីឆ្នាំ១៩៤៣ តែមិនទាន់ចូលជាកាយរឹទ្ធពិភពលោកនោះទេ។ ដោយសារសង្គ្រាម ក្រុមកាយរឹទ្ធនេះក៏ត្រូវបានរំសាយ ហើយក្រោយចប់សង្គ្រាមគឺនៅឆ្នាំ ១៩៩៩ ទើបកម្ពុជា បានបង្កើតក្រុមនេះជាថ្មី និងនៅក្នុងឆ្នាំ២០០៦ ក៏មានការប្រជុំធំមួយរហូតដល់ឆ្នាំ២០០៨ កម្ពុជា ក៏បានចូលរួមសកម្មភាពកាយរឹទ្ធពិភពលោក។
កាយរឹទ្ធិជាតិកម្ពុជា គឺជាធនធានដ៏មានសារៈសំខាន់ដែលត្រូវតែអភិវឌ្ឍធនធានទាំងនេះឱ្យមានសក្តានុពលពេញលេញខាងផ្លូវកាយ ផ្លូវបញ្ញា ផ្លូវសង្គម ផ្លូវចិត្ត ដើម្បីឱ្យពួកគេក្លាយទៅជាពលរដ្ឋមានការទទួលខុសត្រូវក្នុងសង្គម និងជាសមាជិកសកម្មក្នុងសហគមន៍នៅតាមមូលដ្ឋានរស់នៅ ដោយផ្អែកលើមូលដ្ឋានរៀនដោយអនុវត្តជាក់ស្តែង និងវិធីកាយរឹទិ្ធកម្ម ៕ ដោយ ៖វណ្ណលុក