អ្នកពាក់ព័ន្ធនឹងវិស័យកសិកម្ម ផ្ដល់ធាតុចូលជូនប្រមុខរដ្ឋាភិបាល ក្នុងការជ្រើសរើសរដ្ឋមន្ត្រីកសិកម្ម
ភ្នំពេញកសិករមួយចំនួនដែលកំពុងមមាញឹកប្រមូលទិន្នផលស្រូវរដូវវស្សាប្រាថ្នាចង់បានបេក្ខភាពរដ្ឋមន្ត្រីក្រសួងកសិកម្មថ្មីមានឈាមជ័រជាកូនអ្នកស្រែចម្ការស្វះស្វែងរកទីផ្សារនិងឧស្សាហ៍ចុះដល់មូលដ្ឋានស្រែចម្ការ ទើបយល់ពីបញ្ហានិងតម្រូវការរបស់កសិករ។
កញ្ញា ម៉ែន ដាវី រស់នៅភូមិតាខេង ឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀងបាន និយាយនៅថ្ងៃទី១០ ខែតុលាថា រដ្ឋមន្ត្រីថ្មីនៃ ក្រសួងកសិកម្មដែលកសិករចង់ឃើញ គឺចុះទៅជួបកសិករឲ្យបាន ញឹក ញាប់តាមដែលអាចធ្វើទៅបាន និងព្យាយាមរកទីផ្សារសម្រាប់ លក់ផលិតផលកសិកម្មឲ្យអស់ពីលទ្ធភាព ដើម្បីកុំឱ្យឈ្មួញកណ្ដាល បានដៃចុះមកបង្អាប់តម្លៃ ហើយការកំណត់តម្លៃក្នុងការលក់ចេញ ផលិតផលកសិកម្មជារឿងសំខាន់។ ធ្វើយ៉ាងណាបញ្ចៀសកុំឱ្យ កសិករត្រូវខ្ចីបុលគេមកធ្វើកសិកម្ម។
កញ្ញា ម៉ែន ដាវី៖ «ជាក់ស្ដែង ខ្ញុំជាកសិករខ្នាតតូចរស់នៅតាម ទីជនបទ កំពុងប្រឈមយ៉ាងខ្លាំងក្នុងការធ្វើស្រែចម្ការ ព្រោះ បច្ចុប្បន្នយើងធ្វើស្រែតាមបែបសម័យទំនើបដោយផាត់ចោលទម្លាប់ពីបុរាណ ដែលពុំមានធនធានគ្រប់គ្រាន់ធ្វើស្រែបែបទំនើបទេ ហើយបញ្ហាកំពុងតែជួបប្រទះមួយទៀត គឺកសិករបង្ខំចិត្តធ្វើកសិកម្ម ដោយប្រើជីគីមីខ្លាំង។ អ៊ីចឹងហើយបានជាយើងចង់ឃើញ រដ្ឋមន្ត្រី កសិកម្ម ចុះដល់ដីកសិករ ឬបញ្ជូនអ្នកជំនាញមកណែនាំកសិករ ពីអំពីរបៀបធ្វើកសិកម្មដោយសុវត្ថិភាពកាត់បន្ថយការប្រើប្រាស់ជីកសិកម្ម»។
មានបទពិសោធន៍យូរឆ្នាំនៅក្នុងវិស័យកសិកម្ម កញ្ញា ម៉ែន ដាវី ដែល មានវ័យជិត៤០ឆ្នាំ កត់សម្គាល់ថា វិស័យកសិកម្មរបស់កម្ពុជាដើរយឺត បើធៀបនឹងវិស័យដទៃ អាចដោយសារមិនមែនជាបញ្ហាអាទិភាព របស់រដ្ឋាភិបាលឬសមត្ថភាពថ្នាក់ដឹកនាំក្រសួង។
កញ្ញាបន្ត៖ «យើងមើលត្រឹមចំណុចតូចមួយសិន កុំអាលមើល ដល់ចំណុចជារួម ចំណុចតូចនោះ គឺកសិករអត់មានជំនាញ ផលិតជីសម្រាប់ប្រើប្រាស់ខ្លួនឯង ដូច្នេះត្រូវបង្ខំចិត្តប្រើជីគីមី ប្រើហើយខូចដី ធ្វើឲ្យដីរឹងខូចទ្រង់ទ្រាយដីអស់ហើយជីគីមី អស់ហ្នឹងកាន់តែប្រើ ស្មៅកាន់តែកើតមានច្រើន»។
ចំណែក លោក ប្រុស ណាន រស់នៅភូមិអង្គស្វាយ ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត បាននិយាយថា ក្នុងនាមជាកសិករម្នាក់ លោកចង់ឃើញបេក្ខភាពរដ្ឋមន្ត្រីរបស់ក្រសួងកសិកម្មមានសមត្ថភាពដោះបញ្ហា មិនមែនដោះសារ។ លោកថា៖ «អ្នកដឹកនាំចាស់ គាត់ព្យាយាមដោះសាររាល់ការងារពាក់ព័ន្ធនឹងកសិករនៅមូលដ្ឋាន តែគាត់បំពេញបានល្អសម្រាប់ការងារនៅថ្នាក់លើ ហើយអ្នកចាស់ គាត់ដឹកនាំព្យាយាមយកហេតុផលផ្សេងៗមកនិយាយដើម្បីឱ្យតែបានរួចខ្លួន»។
តាមការកត់សម្គាល់របស់ លោក ប្រុស ណាន កសិករធម្មតា ដូច លោកដែលមិនបានចងក្រងជាសហគមន៍ ត្រូវជួបបញ្ហា នៅពេល ទិន្នផលជោរជន់គ្មានទីផ្សារ។ លោកបន្ថែមថា៖ «កន្លងមក ក្រសួងកសិកម្មពុំអាចរកទីផ្សារជូនកសិករបានឡើយឱ្យតែដាំដំណាំ សម្បូរបែបហើយ គឺតម្លៃទីផ្សារធ្លាក់ ហើយគ្មានខាងណាចេញមុខ មកទទួលខុសត្រូវទេ។ នេះជាបញ្ហាដែលគួរមានការផ្លាស់ប្ដូរនៅក្រសួងកសិកម្មនៅពេលអ្នកថ្មីឡើងកាន់តំណែង ឬក៏បញ្ហាទីផ្សារត្រូវធ្វើជាមួយក្រសួងណាមួយ ក៏ធ្វើទៅ ដើម្បីកសិករ។ ខ្ញុំទទួលស្គាល់ថា ការរកទីផ្សារជូនកសិករ មិនមែនជារឿងងាយស្រួលទេ សុទ្ធតែពិបាកនឹងទាមទារឱ្យមាន ទំនួលខុសត្រូវ។ តែខ្ញុំនៅតែយល់ថា យើងប្ដូរទម្លាប់អង្គុយនាំគ្នា ដោះស្រាយមក កុំអង្គុយបកស្រាយ»។
លោកបណ្ឌិត គី សេរីវឌ្ឍ អ្នកជំនាញសេដ្ឋកិច្ចដែលធ្វើការ ស្រាវជ្រាវផ្នែកសិកម្មផងនោះពន្យល់ថា ទីផ្សារជាតួនាទី របស់ក្រសួងពាណិជ្ជកម្មឯណោះទេ។ តែបើនិយាយពីបញ្ហា កំពុងកើតឡើងនៅក្រសួងកសិកម្ម គឺអគ្គនាយកដ្ឋាននីមួយៗ របស់ក្រសួងមិនដំណើរការរលូនទេ ជាពិសេសអគ្គនាយក កសិកម្មដែលផ្ដល់សេវា បច្ចេកទេស ការសិក្សាស្រាវជ្រាវអំពីពូជ ការផលិតជី ជាដើម។
លោកបណ្ឌិតបន្តថា៖ «កសិករកម្ពុជាមិនមានជំនាញ ឬ បច្ចេកទេសក្នុងការធ្វើជីឡើយ ដូច្នេះការផ្ដល់បច្ចេកទេស ការចុះផ្ទាល់ជួបកសិករពិតជាមានសារៈសំខាន់។ មួយវិញទៀត ក្រសួងកសិកម្មត្រូវតែសហការស្អិតរមួតជាមួយក្រសួងធនធានទឹក ដើម្បីសិក្សាពីបញ្ហាប្រឈមនៃវិស័យដាំដុះ និងប្រភពទឹកសម្រាប់ ធ្វើកសិកម្មនេះតែម្ដង។ ក្រសួងកសិកម្មគួរធ្វើការជាមួយ ក្រសួង ពាណិជ្ជកម្ម ដើម្បីជជែកគ្នាត្រឹមបញ្ហាទីផ្សារក្នុងស្រុកសិន ដែល កសិករតែងប្រឈម នោះគឺដាំដុះបានហើយតែបែរជាមិនអាចលក់ បានឬលក់បានក្នុងថ្លៃទាប។ ក្រសួងកសិកម្មត្រូវមានយុទ្ធសាស្ត្រធ្វើយ៉ាងណាកុំឲ្យឈ្មួញមានឱកាសកំណត់ថ្លៃព្រោះកសិករចំណាយទុនច្រើននិងរយៈពេលយូរក្នុងការដាំដុះដំណាំ តែបានចំណេញតិច»។
ដោយឡែក លោក ហេង គឹមហុង ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និង តស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា (CYN) លើក ឡើង ថា ពលរដ្ឋកម្ពុជាភាគច្រើនប្រកបរបរធ្វើកសិកម្ម ម្ល៉ោះហើយរដ្ឋាភិបាល ត្រូវគិតគូរឱ្យមែនទែន ក្នុងការរើសអ្នកថ្មីដោយឈរលើបុគ្គលិក លក្ខណៈ សម្បត្តិបីយ៉ាងរួមមាន៖ បុគ្គលដែលមានជំនាញ លើវិស័យ ពាក់ព័ន្ធបុគ្គលដែលចំណាយពេលច្រើនចុះទៅសិក្សាស្វែងយល់បញ្ហាក្នុងសហគមន៍ជាទៀងទាត់និងជីវភាពរស់នៅរបស់កសិករ។ជាពិសេសត្រូវតែជាបុគ្គលដែលមានឆន្ទៈបម្រើប្រយោជន៍សាធារណៈ ដោយឈរលើស្មារតីបម្រើពលរដ្ឋ មិនមែនជាចៅហ្វាយនាយ។
លោក ហេង គឹមហុងបន្តថា៖ «រើសមេដឹកនាំក្រសួង ខ្ញុំយល់ថា សំខាន់ ណាស់។ បើគ្រាន់តែស្រឡាញ់អាវធំ ចុះទៅមកណាមាន គេហែហមច្រើន ធ្វើការងារមិនមានប្រសិទ្ធភាពទេ។ តែផ្ទុយមកវិញ មេដឹកនាំត្រូវតែធ្វើការចុះស្និទ្ធជាមួយពលរដ្ឋ ស្គាល់ពីភូមិសាស្ត្រ តំបន់ ទើបអាចដោះស្រាយបញ្ហាបាន។
ចំពោះវិស័យកសិកម្មនៅកម្ពុជា កសិករត្អូញត្អែររហូតមកហើយ ពាក់ព័ន្ធនឹងការគ្រប់គ្រងព្រៃឈើ…»។
សម្រាប់យុវជន ហេង គឹមហុង រដ្ឋាភិបាលគួរដាក់បុគ្គលណាដែល ប្រែក្លាយវិស័យកសិកម្មពីចំណុចខ្សោយទៅជាខ្លាំង ដោយមើល លំអានតាមប្រទេសថៃនិងវៀតណាមដែលជាប្រទេសកសិកម្មនាំមុខ ខណៈកម្ពុជាជាប្រទេសកសិកម្មដែរតែនៅទ្រឹង។
ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថា ការប្រគល់សិទ្ធិឱ្យបុគ្គលណាឡើងកាន់តួនាទីជារដ្ឋមន្ត្រីក្រសួងកសិកម្មជំនួសឯកឧត្តម វេង សាខុន ជាបុព្វសិទ្ធរបស់នាយករដ្ឋមន្ត្រី។ឯកឧត្តមបញ្ជាក់ថា៖ «សង្គមស៊ីវិលមានសិទ្ធិផ្ដល់ជាមតិជូន នាយករដ្ឋមន្ត្រី តែសម្ដេចនាយករដ្ឋមន្ត្រីលោកមានបុព្វសិទ្ធក្នុង វាយតម្លៃរដ្ឋមន្ត្រីរបស់លោក លើបុគ្គលណាដែលមានសមត្ថភាព ផ្ដល់ សេវាកម្មលើវិស័យកសិកម្មដល់កសិករ ព្រោះធាតុចូលសំខាន់ៗ នៃវិស័យកសិកម្មរួមមាន៖ វិទ្យាសាស្ត្រ (បំបែកគ្រាប់ពូជ បង្កាត់ពូជត្រី) ពាណិជ្ជកម្ម (រកទីផ្សារ) ហើយរដ្ឋមន្ត្រីក្រសួង កសិកម្មក៏ជាអ្នកជំនួញដែរ»៕
ដោយ៖អេង រាជនី