មន្ត្រីអាជ្ញាធរ ជំនាញបច្ចេកទេស និងពលរដ្ឋភាគច្រើននៅខេត្តបន្ទាយមានជ័យ មានឆន្ទៈចូលរួមកិច្ចការពារថែរក្សាលើកកម្ពស់បរិស្ថាន ហើយក៏មានការគាំទ្រពីថ្នាក់លើដែរ

បន្ទាយមានជ័យ៖ មន្ត្រីអាជ្ញាធរ សមត្ថកិច្ចកងកម្លាំង ជំនាញបច្ចេកទេស និងពលរដ្ឋភាគច្រើននៅខេត្តបន្ទាយមានជ័យមានឆន្ទៈចូលរួមកិច្ចការពារ ថែរក្សា លើកកម្ពស់បរិស្ថាន ហើយក៏មានការគាំទ្រពីថ្នាក់លើដែរ នេះជាការលើកឡើង របស់លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យក្នុងសិក្ខាសាលាពិគ្រោះយោបល់និងផ្សព្វផ្សាយស្ដីពីដំណើការកំណត់តំបន់បេតិកភ័ណ្ឌធម្មជាតិ និងលទ្ធផលការសិក្សាផូស៊ីលក្នុងភូមិសាស្ត្រខេត្តនាថ្ងៃទី ១០ សីហា ២០២២ ។

យោងតាមការបញ្ជាក់របស់លោក សេង ហុង ប្រធាននាយកដ្ឋានតំបន់បេតិកភណ្ឌនៃអគ្គនាយកដ្ឋានសហគមន៍ក្រសួងបរិស្ថាន នៅខេត្តបន្ទាយមានជ័យមានភ្នំចំនួន ១០ ត្រូវបានសិក្សាស្រាវជ្រាវចងក្រងឯកសារស្ថានីយផូសុីវ អាយុកាលស័កទី១ សម័យ Permian ២៥១ ទៅ ២៩៩លានឆ្នាំ ដើម្បីចងក្រងឯកសារសម្រាប់ផ្សព្វផ្សាយ និងសិក្សាស្រាវជ្រាវក្នុងគោលដៅលើកកម្ពស់ការយល់ដឹងសាធារណៈជន និងចូលរួមគ្រប់គ្រង់ធនធានធម្មជាតិពេលបច្ចុប្បន្ន និងថ្ងៃអនាគត។

ភ្នំទាំង១០រួមមាន ទី១/ស្ថានីយផូសុីលភ្នំកងវ៉ា ទី២/ស្ថានីយផូសុីលភ្នំដូងព្រះ ទី៣/ស្ថានីយផូសុីលភ្នំបាក់ ទី៤/ស្ថានីយផូសុីលភ្នំធំ ទី៥/ស្ថានីយផូសុីលភ្នំជញ្ជាំង ទី៦/ស្ថានីយផូសុីលភ្នំព្រះ-ភ្នំវែង ទី៧/ស្ថានីយផូសុីលភ្នំកន្ទួត ទី៨/ស្ថានីយផូសុីលភ្នំបន្ទាយនាង ទី៩/ស្ថានីយផូសុីលភ្នំតូច និងទី១០/ស្ថានីយផូសុីលភ្នំស្វាយ។

មើលឃើញទឹកចិត្តនិងស្នាដៃនេះ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានផ្តល់ម៉ូតូសម្រាប់មន្ត្រីតំបន់ការពារ បានផ្តល់ធុងចម្រោះទឹកស្អាតដល់សហគមន៍និងគ្រឹះស្ថានសិក្សា បានផ្តល់ឡដុតសម្រាមដែលមានសមត្ថភាពដុតបានទម្ងន់ ៣តោន បានគាំទ្រការស្នើកូនភ្នំ ១០កន្លែងនៃគម្រោងរៀបចំបង្កើតជាតំបន់បេតិកភ័ណ្ឌធម្មជាតិក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យជាដើម ។

លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ និងលោក សេង សោត អគ្កនាយករងសហគមន៍មូលដ្ឋានក្រសួងបរិស្ថានបានគាំទ្រគម្រោងស្នើសុំបញ្ចូលភ្នំទាំងនោះ ទៅជាតំបន់បេតិកភ័ណ្ឌធម្មជាតិក្នុងភូមិសាស្ត្រខេត្តនេះ ។

លោកបានសហការគ្នាដឹកនាំមន្ត្រីពាក់ព័ន្ធ ដែលបែងចែកក្រុមចុះពិនិត្យ វាយតម្លៃ ផ្ទៀងផ្ទាត់ព្រំប្រទល់តំបន់កូនភ្នំដែលស្នើសុំ ទៅក្រសួងបរិស្ថាន ដើម្បីបង្កើតតំបន់បេតិកភ័ណ្ឌធម្មជាតិ,តំបន់ការពារធម្មជាតិក្នុងខេត្តបន្ទាយមានជ័យ ជាលទ្ធផលនៃការសិក្សាស្រាវជ្រាវ និងការចងក្រងឯកសាររបស់ក្រុមការងារមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យជាបទពិសោធន៍ ក្នុងការសិក្សារៀបចំតំបន់បេតិកភណ្ឌធម្មជាតិនៅបណ្ដាខេត្តផ្សេងៗទៀត ៕ ដោយ៖ ឃិន គន្ធា

ads banner